ខេត្តកណ្តាល ៖ ករណីឆេះរោងសិប្បកម្មមួយនៅស្រុកស្អាង កាលពីវេលាម៉ោង២២និង១៥នាទី នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចរោងសិប្បកម្មរបស់ឈ្មោះ គ្រុឌ តៃ ភេទប្រុស អាយុ៧០ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ដែលបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ ។ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាលចេញផ្សាយនៅព្រឹកថ្ងៃទី៣០ ខែឧសភានេះ ។
ជនរងគ្រោះខាងលើមាន០២នាក់ ដែលបានស្លាប់០១ម្នាក់ និងរបួសធ្ងន់ ០១ម្នាក់ ។ ទី១- ឈ្មោះ ស្រ៊ិន បូរិន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ កម្មកររោងចក្រ (ស្លាប់) ។ ២-ឈ្មោះ អឿន សុខហៀង ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ កម្មការិនី (ប្រធានផ្នែកដេរ) ត្រូវជាប្ដីប្រពន្ធ អ្នកទាំង២មានទីលំនៅ ភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល (របួសធ្ងន់) ។
តាមការបំភ្លឺរបស់ឈ្មោះ ងួន សំអាត ភេទប្រុស អាយុ៣៤ឆ្នាំ បានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ វេលាម៉ោង២២និង៣០នាទី គាត់កំពុងនៅផ្ទះដែលមានចម្ងាយពីរោងសិប្បកម្មប្រហែល៣០ម៉ែត្របានឮសំឡេងផ្ទុះចេញពីក្នុងរោងសិប្បកម្ម បន្ទាប់មកខ្លួនបានរត់ទៅបង្ហើបបង្អួចរោងសិប្បកម្មនោះមើលឃើញនៅត្រង់កុងតាក់អគ្គីសនី (បារ៉ែតភ្លើង) កំពុងឆ្លងចរន្តអគ្គីសនីបែកផ្កាភ្លើងឆេះឆ្លងរាលដាលដល់ក្រណាត់ដែលនៅក្បែរនោះ បណ្ដាលឲ្យឆេះរោងសិប្បកម្មទាំងស្រុងតែម្ដង ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាមកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលក្រាំងយ៉ូវ និងកម្លាំងប្រជាការពារឃុំក្រាំងយ៉ូវ ជាមួយកម្លាំងអន្តរាគមន៍ស្រុកស្អាង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ និងប្រជាការពារឃុំស្អាងភ្នំ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ និងប្រជាការពារឃុំព្រែកគយ ក្រុមប្រឹក្សាឃុំមេភូមិគ្រូពេទ្យមណ្ឌល សុខភាព បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងហៅរថយន្ដពន្លត់អគ្គីភ័យ (ឡានទឹក) មកជួយអន្តរាគមន៍សង្គ្រោះបន្ទាន់ ។
ក្នុងពេលជាមួយគ្នានោះដែរ កម្លាំងអន្តរាគមន៍ស្រុកស្អាង និងកម្លាំងសហការបានធ្វើការគាស់ទ្វារទម្លុះចូលទៅស្វែងរកជនរងគ្រោះ ដើម្បីជួយសង្គ្រោះបន្ទាន់បានឃើញជនរងគ្រោះនៅក្នុងបន្ទប់ទឹកក្នុងរោងសិប្បកម្មនោះក៏ជួយសង្គ្រោះយកចេញមកក្រៅធ្វើការសង្គ្រោះជាបឋម និងបន្តស្វែងរកឈ្មោះ ស្រ៊ិន បូរិន(ប្ដី) ឃើញដួលស្លាប់នៅបន្ទប់ទឹកបាត់ទៅហើយ ។ បន្ទាប់មក ក៏បានធ្វើការពិនិត្យសាកសពរកឃើញមានស្នាមឆេះខ្លោចពេញខ្លួន និងត្រង់កំភួនជើងទាំងសងខាង ក្រៅពីនោះពុំបានរកឃើញស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទៀតឡើយ ។
ការសន្និដ្ឋានជនរងគ្រោះស្លាប់ដោយសារឈ្លក់ផ្សែង និងរលាកភ្លើងធ្ងន់ធ្ងរបណ្ដាលឲ្យស្លាប់ ។ ក្រោយពីការពិនិត្យរួចសាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ