រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយ កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី២៨ ឧសភា ដោយមានយុវជនម្នាក់បានលោតពីលើជាន់ទី៥ នៃអាគារផ្សារអូឡាំព្យា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ (ជាប់ពហុកីឡាដ្ឋានជាតិអូឡាំពិក) ។ ករណីខាងលើនេះ ព័ត៌មានបឋមដំបូងត្រូវបានសន្តិសុខយាមនៅទីនោះ រៀបរាប់ប្រាប់សមត្តកិច្ចថា នៅវេលាម៉ោងខាងលើ គេបានឃើញជនរងគ្រោះ មានទឹកមុខស្រងូតស្រងាត់ដើរចុះឡើង ហាក់ដូចជាមានវិបត្តក្នុងខ្លួន ឬជាមនុស្សប្រើប្រាស់គ្រឿងញៀន ដោយមិនបាននិយាយស្តីជាមួយអ្នកណាទេ ។
មួយសន្ទុះក្រោយមក គេក៏បានឃើញជនរងគ្រោះដើរទៅលើស្ពានឆ្លងរបស់ផ្សារអូឡាំព្យា ពីអាគារមួយទៅអាគារមួយ លុះដល់ពាក់កណ្តាលស្ពាន ស្រាប់តែជនរងគ្រោះលោតទម្លាប់ខ្លួនចុះដីបណ្ដោយឱ្យបាត់ជីវិតភ្លាមៗ ធ្វើឲ្យមានការភ្ញាក់ផ្អើល ។ ពេលនោះសមត្តកិច្ចមូលដ្ឋាន និងនគរបាលជំនាញខណ្ឌ៧មករា បានចុះទៅពិនិត្យ ប៉ុន្តែនៅលើខ្លួនជនរងគ្រោះមិនមានអត្តសញ្ញាណបញ្ជាក់ឲ្យដឹងពីឈ្មោះ និងអាស័យរស់នៅទៅណានោះទេ ក្រោយពេលពិនិត្យរួចសមត្តកិច្ចបានដឹកសាកសពយកទៅតំកល់ទុកនៅឈាបនដ្ឋានវត្តទឹកថ្លាតែម្តងទៅ ដើម្បីឲ្យសាច់ញាតិបានដឹង និងធ្វើបុណ្យបូជាតាមប្រពៃណី ។
លុះនៅវេលាម៉ោងព្រឹកថ្ងៃទី២៩ ឧសភា មានបុរសម្នាក់បានកាន់រូបថតមួយសន្លឹកទៅសួររកកូនប្រុសគាត់ នៅអធិការដ្ឋាននគរ បាលខណ្ឌ៧មករា ដែលបុរសរូបនោះមានប្រាប់សមត្តកិច្ចថា កូនគាត់ឈ្មោះ រិច វិចិត្រ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ បានចេញបាត់ពីផ្ទះមិនដឹងទៅណា ។
នៅពេលនគរបាលខណ្ឌ៧មករា បានមើលរូបថតឃើញរូបពិតជាជនរងគ្រោះលោតនៅផ្សារអឡាំព្យាហើយ ក៏បានប្រាប់បុរសដែលអះអាងថា ជាឪពុក ឲ្យទៅវត្តទឹកថ្លាដែលសពកូនគាត់ត្រូវដឹកយកទៅកម្កល់ទីនោះ ។ គ្រាន់តែបានឮនគរបាលប្រាប់ឲ្យទៅមើលសពកូននៅវត្តទឹកថ្លា បុរសជាឪពុករូបនោះបានទាញម៉ូតូជិះវឹងចេញទៅបាត់ គ្រាន់តែឮពាក្យថា «អរគុណហើយសមត្ថកិច្ច» ៕
ចែករំលែកព័តមាននេះ