រុ​ស្ស៊ី​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ​អាច​ទស្សនា​ក្នុង​កីឡដ្ឋាន ពេល​បាល់ទាត់​ត្រឡប់​មក​វិញ


ប្រទេស​រុ​ស្ស៊ី ៖ អាជ្ញាធរ​រុ​ស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចំនួន​អ្នក​ទស្សនា​មួយ​ចំនួន​តូច នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទស្សនាការ​ប្រកួត​ក្នុង​កីឡដ្ឋាន នៅ​ពេល​ដែល​ក្របខ័ណ្ឌ​កំពូល Russian Premier League ចាប់ផ្តើម​សកម្មភាព​ប្រកួតប្រជែង​ឡើង​វិញ នៅ​ចុងខែ​ក្រោយ ។

សូម​រំលឹក​ជូន​ថា កាលពី​ពាក់កណ្តាល​ខែឧសភា សមាគម​កីឡាបាល់ទាត់​រុ​ស្ស៊ី​បាន​ប្រកាស​ថា ក្របខ័ណ្ឌ Premier League របស់​ខ្លួន នឹង​ចាប់ផ្តើម​រដូវ​កាល​ឡើង​វិញ​ចាប់ពី​ថ្ងៃ​ទី ២១ មិថុនា ២០២០ ដោយ​បិទទ្វារ​កីឡដ្ឋាន​។

ប៉ុន្តែ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ សមាគម​មួយ​នេះ បាន​ប្រកាស​សារ​ជា​ថ្មី​ថា ខ្លួន​បាន​យល់ព្រម​លើ​ការ​សម្របសម្រួល ជាមួយ​ក្រុម​អ្នក​ឃ្លាំមើល​សុខភាព​ជាតិ ដោយ​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ​អាច​ទស្សនាការ​ប្រកួត​ក្នុង​កីឡដ្ឋាន​បស​ន ប៉ុន្តែ​ត្រូវ​បាន​កំណត់​ចំនួន​តែ ១០ ភាគរយ​នៃ​ចំនួន​កៅអី​សរុប​តែ​ប៉ុណ្ណោះ ដើម្បី​អាច​រក្សា​គម្លាត​ពី​គ្នា ។

ដោយឡែក​ឧបនាយករដ្ឋមន្ត្រី Dmitry Chernyshenko ក៏​បាន​មាន​ប្រសាសន៍​ថា ការ​គាំទ្រ​ពី​សំណាក់​អ្នកគាំទ្រ គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​កីឡាករ ដោយ​បាន​ហៅ​វា​ថា ជា​សមាសធាតុ​អារម្មណ៍​ដ៏​ពិសេស​នៃ​បាល់ទាត់ ។

សូម​រំលឹក​ថា សកម្មភាព​នៃ​ការ​ប្រកួត​បាល់ទាត់​ក្នុង​ប្រទេស​រុ​ស្ស៊ី ត្រូវ​បាន​ផ្អាក​ទាំងស្រុង​ចាប់តាំងពី​ថ្ងៃ​ទី ១៧ មីនា ២០២០ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​ពី​វីរុស​កូ​វី​ដ​-១៩ ។

គិត​មក​ទល់​ថ្ងៃ​ទី ២៩ ឧសភា ២០២០ ប្រទេស​រុ​ស្ស៊ី​បាន​ក្លាយជា​ប្រទេស​ទី​៣ ដែល​មាន​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ច្រើន​បំផុត​ទូ​ទាំង​ពិភពលោក​។ ពោល​មាន​ចំនួន ៣៧៩.៦២៣ ករណី នឹង​មាន​អ្នក​ស្លាប់​សរុប​ចំនួន ៤,៣៧៤​នាក់ នៅ​ពីក្រោយ​សហរដ្ឋអាមេរិក និង​ប្រទេស​ប្រេ​ស៊ី​ល ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ