ដល់ក! បង្គា​ចាក់​ចា​ហួយ​ជាង​១១​តោនចូលមកភ្នំពេញ អស់លក្ខណ៍​


រាជធានីភ្នំពេញ​ ៖ យោង​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (CCF) កម្លាំង​អគ្គនាយកដ្ឋាន​មួយ​នេះ​បាន​ធ្វើការ​បង្ក្រាប​និង​ឃាត់​រថយន្ត​ដឹក​គ្រឿង​សមុទ្រ​ចំនួន​៣​គ្រឿង ដែល​បាន​ធ្វើ​ចរាចរណ៍​ចូល​រាជធានី​ភ្នំពេញ ក្នុង​នោះ​កម្លាំង​សមត្ថកិច្ច​ខាងលើ​បាន​រក​ឃើញ​បង្គារ​ក្លា​ស្សេ​ជា​ច្រើន​តោន​ដែល​មាន​ចាក់​បញ្ចូល​ចាហួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​​បរិភោគ​។

ការ​បង្ក្រាប​និង​ឃាត់​រថយន្ត​ដឹក​គ្រឿង​សមុទ្រ​ទាំង​៣​គ្រឿង​នោះ​បាន​ធ្វើ​ឡើង​កាលពី​​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ តាម​ផ្លូវជាតិ​លេខ​៤ ស្ថិត​​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំ​បូល​ ឃាត់​រថយន្ត​ចំនួន​១​គ្រឿង និង​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ស្ថិត​​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោឃាត់​រថយន្ត​ចំនួន​២​គ្រឿង​ទៀត​។​

ប្រតិបត្តិការ​បង្ក្រាប​ខាងលើ​នេះ​ដោយ​មានការ​យកចិត្តទុកដាក់​ពី​ថ្នាក់​នាំ​ក្រសួងពាណិជ្ជកម្ម និង​ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក ផា​ន អូន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ។ ​ដោយ​កម្លាំង​ខាងលើ​បាន​សុំ​កិច្ចសហការ​ពី​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជា​ពិសេស​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ​។

បើ​តាម​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​​បន្ត​ថា បន្ទាប់​ពី​ឃាត់​រថយន្ត​៣គ្រឿង​ខាងលើ​ភ្លាម​ មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប បាន​រក​ឃើញ​បង្គា​ក្លា​ស្សេ មាន​ចំនួន​៤៤៩​កេស ស្មើនឹង​១១.២២៥​គីឡូក្រាម ហើយ​ឆ្លងកាត់​តាម​ការ​ធ្វើតេស្ត​បឋម​ បង្គារ​ទាំងនោះ​មាន​ចាក់​បញ្ចូល​សារធាតុ​ស្រ​ដៀង​ចាហួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ។ ​ខណៈនោះ​ដោយ​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រថយន្ត​និង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​បញ្ជូន​មក​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដើម្បី​បន្ត​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។

អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នឹង​បន្ត​ស្រាវជ្រាវ ស៊ើបអង្កេត និង​អនុវត្ត​តួនាទី​ភារកិច្ច​ដែល​ច្បាប់​បាន​ផ្តល់​អាណត្តិ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ ទាំង​ផ្នែក​សុខុមាលភាព ទាំង​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​។ ទន្ទឹម​នឹង​នេះ​ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ចូលរួម​សហ​ការផ្តល់​ព័ត៌មាន​ក្នុង​ករណី​មានការ​សង្ស័យ​ពាក់ព័ន្ធ​ការ​ក្លែងបន្លំ​គុណភាព សុវត្ថិភាព​ទំនិញ និង​សេវា ដើម្បី​អគ្គនាយកដ្ឋាន​ចាត់វិធានការ​បាន​ទាន់​ពេលវេលា​។

ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​គ្រឿង​សមុទ្រ​ទាំង​៣​គ្រឿង នេះ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ទំនិញ​គ្រឿង​សមុទ្រ​ទាំងនេះ​សរុប​ប្រមាណ​១១​តោន​នាំ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ខេត្តកំពត និង​ពុំ​មាន​ឯកសារ​ភ្ជាប់​មក​ជាមួយ​ទេ​៕​ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ