ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ឡាន​ចុង​ក្រោយ​ត្រូវ​រួសរាន់​ទៅ​ផ្ទេរកម្មសិទ្ធិឱ្យ​បាន​មុន​ដំណាច់ខែ​មិថុនា​បើ​រក​ម្ចាស់​ដើម​មិនឃើញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មន្ត្រី​ជំនាញ​របស់​ក្រសួង​សាធារណការ​បាន​អះអាង​ថា រយៈពេល​៥​ខែ គិត​ចាប់ពី​ខែមករា ដល់​ខែឧសភា ដើមឆ្នាំ​២០២០​នេះ ការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​មាន​ចំនួន​៨.៨១០​គ្រឿង ដែល​នេះ​ជា​តួលេខ​មួយ​ខ្ពស់ ខណៈ​កាលពី​ឆ្នាំ​២០១៩ មាន​ត្រឹមតែ​ចំនួន​៦.៦៧៨​គ្រឿង​តែ​ប៉ុណ្ណោះ​។…

រាជធានី​ភ្នំពេញ​៖ មន្ត្រី​ជំនាញ​របស់​ក្រសួង​សាធារណការ​បាន​អះអាង​ថា រយៈពេល​៥​ខែ គិត​ចាប់ពី​ខែមករា ដល់​ខែឧសភា ដើមឆ្នាំ​២០២០​នេះ ការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​មាន​ចំនួន​៨.៨១០​គ្រឿង ដែល​នេះ​ជា​តួលេខ​មួយ​ខ្ពស់ ខណៈ​កាលពី​ឆ្នាំ​២០១៩ មាន​ត្រឹមតែ​ចំនួន​៦.៦៧៨​គ្រឿង​តែ​ប៉ុណ្ណោះ​។

ថ្លែង​ក្នុង​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា ក្រោម​ប្រធានបទ​អំពី​នីតិវិធី​នៃ​ការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា​នេះ លោក ផា​ន់ ច័ន្ទ​ដា​ឫទ្ធិ មន្ត្រី​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក បាន​បញ្ជាក់​ថា ក្នុង​ចំណោម​យានយន្ត​បាន​ធ្វើការ​ផ្ទេរកម្មសិទ្ធិ​រួចរាល់​នេះ គឺ​មាន​រថយន្ត​ធុន​តូច ដែល​ផ្ទេរកម្មសិទ្ធិ​ក្នុង​រាជធានី​-​ខេត្ត ចំនួន​៦.៣៦៧​គ្រឿង និង​រថយន្ត​ធុន​តូច​ផ្ទេរកម្មសិទ្ធិ​ឆ្លង​រាជធានី​-​ខេត្ត​មាន​ចំនួន​១.៩៣៧​គ្រឿង​។​លោក​បន្ត​ថា រថយន្ត​ធុន​ធំ​ដែល​ផ្ទេរកម្មសិទ្ធិ​ក្នុង​រាជធានី​-​ខេត្ត​ចំនួន​២៦៦​គ្រឿង ហើយ​រថយន្ត​ធុន​ធំ​ដូច​គ្នា ដែល​ផ្ទេរកម្មសិទ្ធិ​ឆ្លង​រាជធានី​-​ខេត្ត​មាន​ចំនួន​១៨២​គ្រឿង​។ ដោយឡែក រ៉ឺ​ម៉ក ឬ​សឺ​មី​រ៉ឺ​ម៉ក​យានយន្ត ដែល​ផ្ទេរកម្មសិទ្ធិ​ក្នុង​រាជធានី​-​ខេត្ត មាន​ចំនួន​៥៥​គ្រឿង និង​ផ្ទេរកម្មសិទ្ធិ​ឆ្លង​រាជធានី​-​ខេត្ត​មាន​ចំនួន​៣​គ្រឿង​។

លោក ផា​ន់ ច័ន្ទ​ដា​ឫទ្ធិ បាន​ធ្វើការ​ក្រើនរំឭក​ដល់​ម្ចាស់​យានយន្ត​ទាំងអស់ ត្រូវ​រួសរាន់​ផ្ទេរកម្មសិទ្ធិ​ឲ្យ​បាន​មុន​ដំណាច់ខែ​មិថុនា ឆ្នាំ​២០២០ នៅ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក​នៅ​ផ្លូវ​ជា​សុ​ផា​រ៉ា រាជធានី​ភ្នំពេញ ឬ​នៅ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត ទៅ​តាម​អាសយដ្ឋាន​របស់​ម្ចាស់​ចុង​ក្រោយ ដើម្បី​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​យានយន្ត​ស្របច្បាប់ និង​រួច​ផុត​ពី​ការ​ផាកពិន័យ​ដែល​កំណត់​ដោយ​ច្បាប់​ជា​ធរមាន​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​កំពុង​កាន់កាប់​យានយន្ត​ទិញ​លក់​ត​ៗ​គ្នា​រក​ម្ចាស់​ដើម​មិនឃើញ ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០​។

អ្នកមាន​បំណង​ផ្ទេរកម្មសិទ្ធិ​យានយន្ត ត្រូវ​ដាក់​ពាក្យសុំ​ផ្ទេរកម្មសិទ្ធិ ដោយ​ភ្ជាប់​នូវ​សំណុំ​ឯកសារ​ដូច​ជា​៖ ផ្តិត​ស្នាម​មេដៃ​អ្នក​ស្នើ​សុំ និង​មាន​បិត​សំណៅ​លេខ​កាល់​តួ ឬ​សាក់​ស៊ី ដែល​ចម្លង​ជាក់ស្តែង​ពី​យានយន្ត ដោយ​ភ្ជាប់​ជាមួយ​បណ្ណ​សម្គាល់​(​ច្បាប់​ដើម​) និង​ស្លាក​លេខ​សម្គាល់​យានជំនិះ​(​ករណី​ផ្ទេរកម្មសិទ្ធិ​ឆ្លង​រាជធានី​-​ខេត្ត​) វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ អត្តសញ្ញាណ​អ្នកលក់ និង​អ្នកទិញ ដោយ​ក្នុង​នោះ​សម្រាប់​ពលរដ្ឋ​ខ្មែរ ត្រូវ​មាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ច្បាប់​ចម្លង​ដែល​មាន​បញ្ជាក់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ជនបរទេស ត្រូវ​មាន​លិខិតឆ្លងដែន និង​ទិដ្ឋាការ​មាន​សុពលភាព និង​លិខិតបញ្ជាក់​ទីលំនៅ​បច្ចុប្បន្ន ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ ជាមួយ​គ្នា​នេះ ក៏​ត្រូវ​មាន​បង្កាន់ដៃ​ពន្ធ​ប្រថាប់ត្រា​លើ​ការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត លិខិត​លក់​ទិញ កិច្ចសន្យាធានា​ដែល​មាន​បញ្ជាក់​ពី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា សម្រាប់​កម្រៃ​ការ​ផ្ទេរកម្មសិទ្ធិ​រថយន្ត​ធុន​តូច ឬ​ធុន​ស្រាល​ក្នុង​រាជធានី​-​ខេត្ត គឺ​មាន​តម្លៃ​៤៨.០០០​រៀល និង​ឆ្លង​រាជធានី​-​ខេត្ត តម្លៃ​១០១.០០០​រៀល​។ ចំពោះ​កម្រៃ​ការ​ផ្ទេរកម្មសិទ្ធិ​សម្រាប់​រថយន្ត​ធុន​ធំ ឬ​ធុន​ធ្ងន់​ក្នុង​រាជធានី​-​ខេត្ត មាន​តម្លៃ​៦៧.០០០​រៀល និង​ឆ្លង​រាជធានី​-​ខេត្ត តម្លៃ​១២៥.០០០​រៀល ។ តម្លៃ​នេះ​មិន​រួម​ប​ញ្ជូ​ល​ពន្ធ​ប្រថាប់ត្រា​៤​ភាគរយ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នោះ​ឡើយ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ