ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WB ៖ សេដ្ឋកិច្ច​កម្ពុជា​អាច​ធ្លាក់​ចុះ​ដល់​២,៩ ភាគរយ​ក្រោម​សូន្យ​ក្នុង​ស្ថានភាព​កាន់តែ​ធ្ងន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩ បាន​បន្ត​រាលដាល​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក រួម​ទាំង​កម្ពុជា​ផង​ដែរ​នោះ​បាន​ធ្វើ​អោយ​សេដ្ឋកិច្ច​កម្ពុជា​មានការ​ថមថយ​ខ្លាំង និង​ជា​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់​មាន​តាំងពី​ឆ្នាំ​១៩៩៤​មក ។ នេះ​បើ​តាម​ការ​ព្យាករណ៍​របស់​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា ។ យោង​តាម​ការ​ព្យាករណ៍​នេះ​បាន​បង្ហាញ​ថា…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩ បាន​បន្ត​រាលដាល​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក រួម​ទាំង​កម្ពុជា​ផង​ដែរ​នោះ​បាន​ធ្វើ​អោយ​សេដ្ឋកិច្ច​កម្ពុជា​មានការ​ថមថយ​ខ្លាំង និង​ជា​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់​មាន​តាំងពី​ឆ្នាំ​១៩៩៤​មក ។ នេះ​បើ​តាម​ការ​ព្យាករណ៍​របស់​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា ។

យោង​តាម​ការ​ព្យាករណ៍​នេះ​បាន​បង្ហាញ​ថា វិស័យ​បី​ដែល​រង​ការ​ប៉ះទង្គិច​ខ្លាំង​ជាង​ដោយសារ​កូ​វី​ដ ១៩ គឺ​វិស័យ​ទេសចរណ៍ , ឧស្សាហកម្ម​ផលិត​សម្រាប់​នាំ​ចេញ និង​វិស័យ​សំណង់​ដែល​មាន​ចំណែក​ជាង ៧០​ភាគរយ​នៃ​កំណើនសេដ្ឋកិច្ច និង​ផ្តល់​ការងារ​មាន​កម្រៃ​ចំនួន​៣៩,៤​ភាគរយ​នៃ​ការងារ​សរុប​នៅ​ក្នុង​ឆ្នាំ​២០១៩ ។

ក្នុង​ឆ្នាំ​២០២០ សេដ្ឋកិច្ច​របស់​កម្ពុជា​ទំនងជា​នឹង​ថមថយ​កំណើន​ខ្លាំង​មែនទែន​ដែល​មិន​ធ្លាប់​មាន​តាំងពី​ឆ្នាំ​១៩៩៤​មក ដោយ​វា​នឹង​ថមថយ​ខ្លាំង​ធ្លាក់​រហូត​ដល់​កម្រិត​រវាង -១​ភាគរយ ក្នុង​សេណា​រី​យោ​គោល និង -២,៩ ភាគរយ ក្នុង​សេណា​រី​យោ​ដែល​ទាប​បំផុត ។

របាយការណ៍​ធនាគារពិភពលោក​បន្ថែម​ថា ភាព​ក្រីក្រ​អាច​នឹង​កើនឡើង​ពី ៣ ទៅ ១១​ភាគរយ ពិសេស​ក្នុង​ចំណោម​ក្រុម​គ្រួសារ​ដែល​ប្រឡូក​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​, ការ​ទិញ​លក់ដុំ​និង​រាយ​, វិស័យ​កាត់ដេរ​, ផ្នែក​សំណង់​, ពាណិជ្ជកម្ម​, ឬ ក្នុង​ឧស្សាហកម្ម​ផលិត ក្នុង​ករណី​បើ​ពួក​គាត់​បាត់បង់​ចំណូល​អស់ ៥០​ភាគរយ ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ជាប់​គ្នា ។

បើ​តាម​លោក​លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​បានអោយ​ដឹង​ថា​ការ​រីក​រាល​ដា​នៃ​ជំងឺ​កូ​វី​ដ ១៩​នេះ បាន​ធ្វើ​អោយ​ប៉ះពាល់​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ខ្លាំងក្លា ជា​ពិសេស​បាន​ធ្វើ​អោយ​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​សំខាន់​ៗ​ទាំង​បី​របស់​កម្ពុជា​រង​ឥទ្ធិពល​ធ្ងន់ធ្ងរ ដូច​ជា​វិស័យ​ទេសចរណ៍ នាំ​ចេញ និង​សំណង់ ។

លោក​បាន​បន្ត​ថា « វិស័យ​ទាំង​បី​បាន​ផ្ដល់​ការ​កំណើន​ដល់​ទៅ​៧០​ភាគរយ​នៃ​កំណើនសេដ្ឋកិច្ច​សរុប​ក្នុង​ឆ្នាំ ២០១៩​កន្លង​ទៅ ហើយ​ផ្ដល់​ការងារ​ដល់​ទៅ​២០​ភាគរយ​នៃ​ការងារ​សរុប​នៃ​ប្រទេស​កម្ពុជា » ។ លោក​បន្ត​ថា ដោយសារ​តែ​ការ​ប៉ះពាល់​ទៅ​លើ​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​ទាំង​បី​នេះ​ហើយ ធ្វើ​អោយ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ត្រូវ​បាន​ព្យាករណ៍​ធ្លាក់​ចុះ​ជា​អវិជ្ជមាន​-១​ភាគរយ និង​មានការ​ព្យ​ការណ៍​មួយទៀត​ជា​សេនា​រី​យ៉ូ​ដល់​ទៅ​-២,៩​ភាគរយ​ឯណោះ បើសិនជា​ផល​អាក្រក់​នៅ​បន្ត​ដោយសារ​ជំងឺ​នេះ ។ សេដ្ឋវិទូ​រូប​នេះ បាន​បន្ត​ទៀ​ថា​រដ្ឋាភិបាល​ត្រូវ​តែ​ជួយ​ឧបត្ថម្ភ​ដល់​អ្នក​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ ដូច​ជា​អ្នក​ដែល​ធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ វិស័យ​នាំ​ចេញ អ្នក​ក្រីក្រ ជាដើម ។

ធនាគារពិភពលោក​បាន​ព្យាករណ៍​នេះ ដោយ​ពិនិត្យ​មើល​សកម្មភាព សេដ្ឋកិច្ច​ក្នុង​ខែកុម្ភៈ និង​ខែមីនា ហើយ​ក៏​សម្រេច​ព្យាករណ៍​នៅ​ខែមេសា ។ ការ​សង្កេត​ឃើញជាក់ស្ដែង​នៅ​រយៈពេល​ខែ​នោះ ឃើញ​ថា ការ​នាំ​ចេញ​របស់​កម្ពុជា​នៅ​ល្អ ។ លោក​បន្ថែម​ថា វិស័យ​ដែល​រង​ប៉ះពាល់​ធ្ងន់​នោះ​គឺ​ទេសចរណ៍ ហើយដោយ​សារ​តែ​វិស័យ​នេះ​ជា​វិស័យ​សំខាន់​ដូច្នេះ​វា​បាន​ទាញ​អោយ​សេដ្ឋកិច្ច​កម្ពុជា​ថយ​ចុះ​ជា​អវិជ្ជមាន​។

ក្នុង​រយៈពេល​ពីរ​ខែ​មុន ភ្ញៀវ​ទេសចរ​បរទេស​មក​កម្ពុជា​បាន​ធ្លាក់​ចុះ​ដល់​ទៅ​២៥​ភាគរយ ហើយ​ក្នុង​ខេត្តសៀមរាប​វិញ​ទេសចរ​បរទេស​បាន​ធ្លាក់​ចុះ​ដល់​ទៅ​៤០​ភាគរយ ។ តែបើ​ក្រលេក​ទៅ​មើល​ខែមេសា ទេសចរ​ដែល​មក​លេង​នៅ​ខេត្តសៀមរាប បាន​ធ្លាក់​ចុះ​រហូត​ដល់​ជាង​៩៩​ភាគរយ ដែល​ជា​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​មួយ​មិន​ធ្លាប់​មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ