ខេត្តបន្ទាយមានជ័យ ៖ ពលករជាង៥០នាក់ ត្រូវបានសមត្ថកិច្ចចម្រុះថៃចាប់នៅចំណុចភូមិមួយជិតបន្ទាត់ព្រំដែនក្នុងឃុំនិងស្រុកតាប្រាយ៉ាឈមទឹកដីកម្ពុជា ឃុំគោករមៀត ស្រុកថ្មពួក កាលពីថ្ងៃទី២៨ ឧសភា២០២០ ឆ្ងល់ថា តើពួកគេឆ្លងដែនតាមណា? បើបន្ទាត់ព្រំដែនម្តុំនោះ មានទាំងកម្លាំងយោធានិងនគរបាលការពារព្រំដែនឈរជើង។
ពលករទាំងនេះមាន៥៤នាក់ ប្រុស៣៣ ស្រី២១នាក់ ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រកាសែតក្នុងស្រុកថៃមួយ។ យោងការសាកសួរក្រុមពលករប្រាប់សមត្ថកិច្ចថៃថា ពួកគេមានបំណងទៅរកការងារធ្វើលើទឹកដីថៃ ខណៈក្នុងស្រុករបស់ពួកគេគ្មានការងារធ្វើហើយថា បានចំណាយប្រាក់សម្រាប់មេខ្យល់នាំឆ្លងដែនម្នាក់៣០០០បាតប្រាក់ថៃ។
ពលករទាំងអស់ខាងលើ គេមិនទាន់ស្គាល់អត្តសញ្ញាណថា មកពីខេត្តណាខ្លះទេ ព្រោះក្រោយកាចាប់សមត្ថកិច្ចថៃ បានបញ្ជូនទៅស្ថានីយ៍តម្រួតស្រុកតាប្រាយ៉ា ដើម្បីសាកសួរបន្ត។ បើតាមដឹងបន្ទាត់ព្រំដែនក្នុងស្រុកថ្មពួក គឺមានសមត្ថកិច្ច២ស្ថាប័នទាំងយោធាទាំងនគរបាលការពារព្រំដែន ។ ដូច្នេះ បើសិនពលករទាំងនេះលួចឆ្លងដែនតាមបន្ទាត់ព្រំដែនក្នុងស្រុកថ្មពួកមែននោះ វាប្រាកដជារឿងមួយមិនសមនោះទេ ឬអាចពលករទាំងនេះឆ្លងតាមច្រកផ្សេងខុសពីបន្ទាត់ព្រំដែនក្នុងស្រុកថ្មពួក? ។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ មានពលករឆ្លងដែនខុសច្បាប់ជាបន្តបន្ទាប់តាមបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យដោយកន្លែងខ្លះ សមត្ថកិច្ចទប់ស្កាត់ទាន់ពេលធ្វើការអប់រំ និងកន្លែងខ្លះទាល់តែភាគីថៃចាប់បានទើបបែកធ្លាយដូចករណីខាងលើជាដើម ៕
ចែករំលែកព័តមាននេះ