មិនធម្មតាទេ! លួច​ដឹក​​ជ្រូក​​៤៥​ក្បាល ឆ្លង​ដែន​តាម​ចូល​តាម​ច្រករបៀង


ខេត្តបន្ទាយមានជ័យ ៖ ពេទ្យសត្វ​សហការ​ជាមួយ​យោធា​ការពារ​ព្រំដែន បាន​ឃាត់​រថយន្ត​១​គ្រឿង​ដឹក​ជ្រូក​ចំនួន​៤៥​ក្បាល កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ឧសភា នៅ​ចំណុច​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ។

លោក​ហ៊ុយ តូច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក​ស្តា​រិច ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2AD.3478 ត្រូវ​ឈ្មួញ​លួច​ដឹក​ជ្រូក​ចំនួន​៤៥​ក្បាល នាំ​ចូល​តាម​ច្រករបៀង​ខុសច្បាប់​«​ណ​ង​ចាន់​» ស្ថិត​ក្នុង​ឃុំ​អូរ​បី​ជាន់ ។ សមត្ថកិច្ច​បាន​ចាប់ ហើយ​ជ្រូក​ទាំងនោះ​បញ្ជូន​ទៅ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត ដើម្បី​យក​សំណាក​ទៅ​ពិនិត្យ ។

លោក​ហ៊ុយ តូច ថា ការ​ចាប់​រថយន្ត​ដឹក​ជ្រូក​នោះ គឺ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងកសិកម្ម និង​វិធានការ​ពី​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល ដើម្បី​ទប់ស្កាត់​ជ្រូក​ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ផង និង​លើកកម្ពស់​ការ​ចិញ្ចឹមសត្វ​ក្នុងស្រុក​ផង ។

លោក​ឧត្តមសេនីយ៍ត្រី​ឃួ​ន ជឿន មេបញ្ជាការ​យោធា​ការពារ​ព្រំដែន​លេខ​៥០៣ បាន​បញ្ជាក់​ថា តាម​ការ​ណែនាំ​ពី​លោក​មេបញ្ជាការ​យោធ​ភូម​ភា​គិ​ទី​៥ និង​មេបញ្ជាការ​ទិស​ទី​១​បន្ទាយ​មាន​ជ័យ បានឱ្យ​កម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន ចូលរួម​ទប់ស្កាត់​រាល់​បទល្មើស​ឆ្លង​ដែន និង​ទំនិញគេច​ពន្ធ ។

កម្លាំង​លោក​ក៏​បាន​ចូលរួម​ទប់ស្កាត់ ដោយ​ឃាត់​រថយន្ត​ដឹក​ជ្រូក​ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​នោះ ។ កងកម្លាំង​យោធា​ដែល​កំពុង​ឈរជើង​ការពារ​ព្រំដែន​តែងតែ​ទប់ស្កាត់​រាល់​បទល្មើស​ឆ្លង​ដែន មាន​ទំនិញគេចពន្ធ និង​ពលករ​ចំណាកស្រុក​ខុសច្បាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ