រាជធានីភ្នំពេញ៖ ឥទ្ធិពលនៃវីរុសកូវីដ-១៩ នៅកម្ពុជាបើទោះបីជាការឆ្លងនិងការរីករាលនៅប្រទេសមួយនេះមិនមានលក្ខណៈធ្ងន់ធ្ងរដូចបណ្តាប្រទេសមួយចំនួនលើពិភពលោកក៏ពិតមែន តែវិស័យសំខាន់ជាច្រើន រួមទាំងអ្នកប្រកបរបរតូចតាចកំពុងរងគ្រោះឡើងស្ពឹកមុខ តួយ៉ាងមុខរបរដើរទិញមាន់សម្រាប់ធ្វើការលក់បន្តទៅអ្នកលក់រាយផ្សេងៗទៀតកំពុងធ្ងន់ធ្ងរ ដោយសារតែរកប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារធ្លាក់ចុះហួសការរំពឹងទុក ។
លោក ឈឿន អ្នកដើរទិញមាន់នៅតាមភូមិ និងតំបន់មួយចំនួននៅខេត្តតាកែវបានឱ្យដឹងថា រាល់ថ្ងៃនេះលោកដើរទិញមាន់ គឺពិបាករកប្រាក់ចំណេញណាស់ ធ្វើឲ្យលោកចង់ឈប់រកស៊ីដើរទិញមាន់ហើយ ។ លោកបានបញ្ជាក់ថា គាត់ពិបាករកប្រាក់ចំណេញ ដោយសារតែអ្នកលក់ (ពលរដ្ឋចិញ្ចឹមមាន់) លក់ចង់បានថ្លៃខ្ពស់ ខណៈអាជីវករលកដូរនៅតាមផ្សាររកទិញមាន់តែក្នុងតម្លៃថោក ។
លោកបានត្អូញត្អែរថា« ការចិញ្ចឹមមាន់របស់ប្រជាពលរដ្ឋនៅតាមភូមិមិនសូវជាសំបូរនោះទេ បើការចិញ្ចឹមមាន់សំបូរយើងដើរទិញ គឺទិញបានមាន់ថោកហើយ (ធូរថ្លៃ) ។ មាន់សំបូរតែនៅលើទីផ្សារទេ តែដើររកទិញនៅតាមភូមិក្នុងតំបន់មិនសំបូរនោះទេ»។
បើតាមលោកឈឿន ក្នុងរដូវលកាលកម្ពុជាកើតជំងឺកូវីដ១៩នេះ តម្លៃមាន់ទិញពីប្រជាពលរដ្ឋក្នុងមួយគីឡូក្រាមថ្លៃពី១៥.០០០ ទៅ១៦.០០០រៀលតាមប្រភេទមាន់ តែពេលយកមកលក់បន្តគេ គឺឈ្មួញនៅផ្សារឱ្យត្រឹមតែ ១៦.០០០រៀល ប្រហាក់ប្រហែលនឹងដើមដែលលោកបានទិញមកពីប្រជាពលរដ្ឋតាមភូមិ ដូច្នេះលោកពិបាករកប្រាក់ចំណេញណាស់ ជួនកាលចង់ចូលដើមផង ។
លោកលើកឡើងថា «តាំងពីកម្ពុជាកើតជំងឺកូរ៉ូណានេះមក នៅលើទីផ្សារមាន់សំបូររាល់ថ្ងៃលក់មិនសូវដាច់សំបូរតែឈ្មួញទិញនិងលក់មាន់ហើយហ៊ានទិញតែក្នុងតម្លៃថោក។ សព្វថ្ងៃរកស៊ីចប់ហ្មង រកប្រាក់ចំណេញមិនបាន តាំងពីកូរ៉ូណាកើតមកក្នុងមួយថ្ងៃ រកប្រាក់បាន២០.០០០ ឬ៣០.០០០រៀល គ្រាន់តែឱ្យកូនចាយនិងទៅរៀនមិនគ្រាន់ផង តែបើមុនកើតកូរ៉ូណាក្នុងមួយថ្ងៃ ពេលខ្លះអាចរកប្រាក់ចំណេញដល់១០ម៉ឺនរៀល»។
បើតាមលោកឈឿន មាន់ទិញមកពីប្រជាពលរដ្ឋថ្ងៃខ្លះក្នុងមួយគីឡូក្រាមថ្លៃក្នុងរង្វង់១៨.០០០រៀលតែលក់ចេញទៅវិញគេឱ្យតម្លៃស្មើនិងតម្លៃទិញចូល។តាមតែចិត្តខឹងបើមានទ្រុងមាន់ខ្លួនឯង ពេលដើរប្រមូលទិញបានទាំងប៉ុន្មានប្រលែងដាក់ក្នុងទ្រុងចិញ្ចឹមឱ្យអស់ពេលឈ្មួញទិញបន្តឱ្យតម្លៃថោក។
លោក សុន អាជីវករ ឬអ្នកប្រមូលទិញមាន់យកទៅផ្គង់ផ្គង់នៅក្រុងភ្នំពេញបានឱ្យដឹង មកដល់សព្វថ្ងៃនេះការផ្គត់ផ្គង់មាន់និងតម្លៃមាន់មានការឡើងចុះទៅតាមតម្រូវការទីផ្សារជាក់ស្តែង។ តួយ៉ាង តម្លៃមាន់ដែលទិញរាល់ថ្ងៃនេះ មានបីប្រភេទ មាន១៦.០០០ ដល់១៨.០០០រៀលក្នុងមួយគីឡូក្រាម។
លោកបញ្ជាក់ថាតាំងពីកម្ពុជាកើតមានជំងឺកូវីដ១៩មកតម្រូវការមាន់ឬការផ្គត់ផ្គង់មានទៅម៉ូយនៅក្រុងភ្នំពេញមានថយចុះនៅត្រឹមក្រោម១០០ក្បាលក្នុងមួយថ្ងៃ ៕
ចែករំលែកព័តមាននេះ