ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ត្រីថយ​ក្រោយ​​​ចុះ​ចំណោត​ បុក​​ទ្វារផ្ទះ​ពេញ​ទំហឹង (វីដេអូ)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ត្រី​១​គ្រឿង បាន​ថយក្រោយ​ចុះ​ចំណោត ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ពេញទំហឹង បណ្តាល​ឱ្យ​បាក់​ទ្វារ​ផ្នែក​ខាង​មុខ ជ្រុល​ទៅ​បុក​គូទ​រថយន្ត​១​គ្រឿង​ទៀត ម៉ាក​ស៊ី​ណា ដែល​ចត​ទុក​នៅ​ក្នុងផ្ទះ បណ្តាល​ឱ្យ​បែក​កញ្ចក់​ក្រោយ…

ខេត្ត​ប៉ៃលិន ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ត្រី​១​គ្រឿង បាន​ថយក្រោយ​ចុះ​ចំណោត ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ពេញទំហឹង បណ្តាល​ឱ្យ​បាក់​ទ្វារ​ផ្នែក​ខាង​មុខ ជ្រុល​ទៅ​បុក​គូទ​រថយន្ត​១​គ្រឿង​ទៀត ម៉ាក​ស៊ី​ណា ដែល​ចត​ទុក​នៅ​ក្នុងផ្ទះ បណ្តាល​ឱ្យ​បែក​កញ្ចក់​ក្រោយ ។

ហេតុការណ៍​រថយន្ត​ដឹក​ត្រី​ថយក្រោយ​ដាក់​លេខ​អត់​ជាប់ ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឱ្យ​ខូច​រថយន្ត​១​គ្រឿង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​ផ្លូវ​ចុះ​ទួល​ចូល​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បុរស​ដែល​បើករថយន្ត​ដឹក​ត្រី​ថយក្រោយ ចុះ​ទួល​ដាក់​លេខ​អត់​ជាប់​នេះ មានឈ្មោះ បារាំង ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ជា​អាជីវករ​លក់​ត្រី ដោយ​បើកបរ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ប៉ៃលិន​៣A-៣៨៣៩ រង​ការ​ខូចខាត​ផ្នែក​ខាងក្រោយ​ស្រាល ។

ចំណែក​ម្ចាស់ផ្ទះ​រង​គ្រោះ​មានឈ្មោះ ទូច ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ដោយ​មាន​រថយន្ត​ម៉ាក​ស៊ី​ណា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២AM-៩៩៧៤ រង​ការ​ខូចខាត​បែក​កញ្ចក់​ផ្នែក​ខាងក្រោយ ។ ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ បុរស​ម្ចាស់​រថយន្ត​ដឹក​ត្រី​ខាងលើ បាន​ដឹក​ត្រី​យក​ទៅ​លក់​ឱ្យ​ម៉ូយ​ក្នុង​ផ្សារ លុះ​រួចរាល់​អស់ហើយ ក៏​បើករថយន្ត​ឡើង​ទួល​ដើម្បី​ចត​ឈប់​សម្រាក ។ តែ​ដោយសារ​មានការ​ទាស់ទែង​ផ្លូវ​ចេញចូល ក៏​បើករថយន្ត​រៀបចំ​ចត​ឱ្យ​ស្រួល លុះ​ថយក្រោយ​ប៉ះ​ចំ​កន្លែង​ចំណោត​ចុះ​ទួល ស្រាប់តែ​រលត់​ម៉ាស៊ីន ហើយ​ដាក់​លេខ​អត់​ជាប់ ជាន់​ហ្វ្រាំង​ក៏​មិន​ស៊ី បណ្តាល​ឱ្យ​ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ រង​ការ​ខូចខាត​តែ​ម្តង ។

មុន​ពេល​បុក​នោះ ម្ចាស់ផ្ទះ​កំពុង​អង្គុយ​នៅ​ខាងក្នុង នាំ​គ្នា​រត់គេច​ចេញ​ស្ទើរតែ​មិន​ទាន់ ហើយ​សំណាងល្អ​អត់​មាន​អ្នក​រង​របួស​នោះ​ទេ គ្រាន់តែ​ព្រលឹង​ចុង​សក់ ។ ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​សមត្ថកិច្ច​នៃ​អធិការ​ក្រុងប៉ៃលិន ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ ដោយ​ម្ចាស់​រថយន្ត​ដឹក​ត្រី​បើក​រថយន្ត​របស់​ខ្លួន ចេញពី​កន្លែង​កើតហេតុ​យក​ទៅ​ជួសជុល និង​ធ្វើការ​បង់​សង​ថ្លៃ​ការ​ខូចខាត​ផ្ទះ ព្រមទាំង​រថយន្ត​របស់​ប្រជាពលរដ្ឋ​ខាងលើ ដើម្បី​បញ្ចប់រឿង​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ