​ជ្រូក​កណ្ដុរនិង​ជ្រូកព្រៃ​កាត់​ជ្រូក​កណ្ដុរ ​នៅក្រុងសែនមនោរម្យ មាន​តម្លៃ​ថ្លៃ​​


ខេត្តមណ្ឌលគិរី​៖ ក្រោយ​ជំងឺ​កូ​វី​ដ​១៩​​រាតត្បាត​ពេញ​សាកលលោក ធ្វើ​ឲ្យ​មនុស្សជាតិ​ទទួល​រង​នូវ​បញ្ហា​សេដ្ឋ​កិច្ច​ក្នុង​គ្រួសារ​ជា​ខ្លាំង តែ​ទោះជា​យ៉ាងណា​កសិករ​ចិញ្ចឹម​ជ្រូក​បែប​ធម្មជាតិ​នៅ​ខេត្តមណ្ឌលគិរី ​ហាក់​មិន​ប្រឈម​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ។​ កសិករ​ចិញ្ចឹម​ជ្រូក​កម្រ​ពីរ​ប្រភេទ គឺ​ជ្រូក​កណ្ដុរ និង​ជ្រូកព្រៃ​កាត់​ជ្រូក​កណ្ដុរ បាន​អះអាង​ថា តម្រូវការ​បញ្ជា​ទិញ​ជ្រូក​ពីរ​ប្រភេទ​នេះ​នៅ​ធម្មតា និង​លក់​បាន​ក្នុង​តម្លៃ​ដូច​មុន ។

លោក ចាន់ ម៉ា​រី ជា​អាជីវករ​លក់​ និង​ទទួល​ខ្វៃ​ជ្រូក​នៅ​ក្រុង​សែន​មនោ​រម្យបាន​ឲ្យ​ដឹង​ថា ជ្រូក​កណ្ដុរ​និង​ជ្រូក​ព្រៃកាត់​ជ្រូក​កណ្ដុរ ​ដែល​លោក​ចិញ្ចឹម​គឺ​ខុស​ពី​ជ្រូកស្រុក​ធម្មតា ព្រោះ​ជ្រូក​ប្រភេទ​នេះ ​ចិញ្ចឹម​មិន​ងាយ​ធំ​ទេ ៣​ខែ​បាន​ទម្ងន់​ខ្ទង់១០​គីឡូ​ទៅ​១០​គីឡូ​តិចតួច និង​អស់​ធំ​ត្រឹម​៥០​គីឡូ​ប៉ុណ្ណោះ ។

លោក​ថា ជ្រូក​កណ្ដុរ និង​ជ្រូកព្រៃ​កាត់​ជ្រូក​កណ្ដុរ​ខុស​គ្នា ត្រង់​ជ្រូក​កណ្ដុរ​មាន​ខ្លាញ់​តិចតួច ចំ​ណែ​ច​ជ្រូក​កាត់​ពួ​ជ​ជ្រូកព្រៃ​មិន​មាន​ខ្លាញ់ ហើយ​ប្រភេទ​ជ្រូកព្រៃ​កាត់​ជ្រូក​កណ្ដុរ​ពេញ​និយម ជាង​ជ្រូក​កណ្ដុរ​ធម្មតា​ទៅ​ទៀត ។

បច្ចុប្បន្ន​ លោក​នៅ​សល់​ជ្រូក​៧៥​ក្បាល និង​ដាំ​ដុះ​សារាយ​សូ​ឡា​ចំនួន​០៧​អាង សម្រាប់​ជា​ចំណី​ជ្រូក​ពីរ​ប្រភេទ​នេះ ហើយ​ក្រៅពី​សារាយ​ធម្មជាតិ គឺ​ដាក់​កន្ទក់​ឲ្យ​ពួក​វា​ស៊ី មិន​ឲ្យ​ស៊ី​ចំណី​ផ្ដេសផ្តាស់​ដូច ជ្រូកស្រុក​
ទេ​។

លោក ចាន់ ម៉ា​រី បន្ថែម​ថា ជ្រូក​ពីរ​ប្រភេទ​ដែល​លោក​ចិញ្ចឹម​នេះ​អាច​លក់​បាន​៦​ទៅ​៧​ក្បាល​រៀងរាល់ថ្ងៃ ចំណែក ថ្ងៃ​ចុង​ស​ប្ដា​ហ៍ល​ក់បាន​ដល់​ជាង​១០​ក្បាល ក្នុង​តម្លៃ​ចន្លោះ​ពី​ជាង​៤០​ម៉ឺន​ទៅ​ជាង​៦០​ម៉ឺន​រៀល តាម​តូច​ឬ​ធំ នៅ​ពេល​ខ្វៃ​រួច​ហើយ ។

លោក​បញ្ជាក់​ថា ជ្រូកស្រុក​ធម្មតា​លោក​មិន​ចិញ្ចឹម​ទេ ព្រោះ​មិនសូវ​មាន​អ្នកទិញ ។ ប្រធាន​មន្ទីរ​កសិកម្ម​និង​រុក្ខ​ប្រមាញ់​និង​នេសាទ​ខេត្តមណ្ឌលគិរី លោក សុង ឃាង បាន​ថ្លែង​ថា ជ្រូក​កណ្ដុរ​ឬ​ជ្រូក ព្រៃ​កាត់​ជ្រូក​កណ្ដុរ​នេះ កំពុង​មានការ​ពេញ​និយម​ណាស់ អ្នកជំនាញ​របស់​មន្ទីរ​ក៏​តែង​ជួយ​និង​លើក​ទឹក​ឲ្យ​កសិករ​ចិញ្ចឹម ជ្រូក​ប្រភេទ​នេះ ព្រោះ​មាន​តម្លៃ​ថ្លៃ​និង​ទីផ្សារ​ល្អ ។ លោក​បញ្ជាក់​ថា ជ្រូក​ប្រភេទ​នេះ​មាន​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ចំនួន២​កន្លែង​នៅ​ខេត្តមណ្ឌលគិរី ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ