ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​មេដាយមាស​ពិភពលោក អ្នកស្រី កែ ឡេ​ង ស្ដាយ តែ​មិន​អាច​​បក​ក្រោយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ការ​ប្រកាស​លាឈប់​ពី​អាជីព​ជា​កីឡាការិនី​ជម្រើសជាតិ​ប៉េតង់ អ្នកស្រី កែ ឡេ​ង ដែល​ធ្លាប់​តំណាង​កម្ពុជា​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​លើក​ណា​ក៏​ទទួល​បាន​មេដាយ​ត្រឡប់​មក​វិញ​នោះ អះអាង​ដោយ​ក្ដី​បារម្ភ​ថា អ្នកស្រី​មិន​ទាន់​សម្លឹង​ឃើញ​កីឡាករ​ជំនាន់​ក្រោយ​រូប​ណា ដែល​អាច​ជំនួស​តំណែង​របស់​ខ្លួន​បាន​នៅឡើយ​ទេ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ការ​ប្រកាស​លាឈប់​ពី​អាជីព​ជា​កីឡាការិនី​ជម្រើសជាតិ​ប៉េតង់ អ្នកស្រី កែ ឡេ​ង ដែល​ធ្លាប់​តំណាង​កម្ពុជា​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​លើក​ណា​ក៏​ទទួល​បាន​មេដាយ​ត្រឡប់​មក​វិញ​នោះ អះអាង​ដោយ​ក្ដី​បារម្ភ​ថា អ្នកស្រី​មិន​ទាន់​សម្លឹង​ឃើញ​កីឡាករ​ជំនាន់​ក្រោយ​រូប​ណា ដែល​អាច​ជំនួស​តំណែង​របស់​ខ្លួន​បាន​នៅឡើយ​ទេ បើ​ទោះជា​អ្នកស្រី​យល់​ថា កីឡាករ​-​កីឡាការិនី​ស៊េរី​ក្រោយ​ទាំងនោះ មាន​សមត្ថភាព​គួរ​ឱ្យ​សរសើរ​ក្ដី​។

ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​កោះសន្តិភាព កាលពី​ថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ​២០២០ អតីត​កីឡា​ការិនី​ដែល​បាន​វិ​វត្ត​ខ្លួន​ក្លាយជា​គ្រូបង្វឹក និង​ជា​មន្ត្រី​ផ្កាយ​២ នៅ​ក្នុង​ក្រសួងការពារជាតិ បាន​បញ្ជាក់​ថា ហេតុផល​ដែល​អ្នកស្រី​សម្រេច​ចិត្ត​លាឈប់​ពី​កីឡាការិនី ប៉េតង់ គឺ​ដោយសារ​តែ​អ្នកស្រី​យល់​ថា ខ្លួនឯង​ដូច​អស់​និស្ស័យ និង​ម្យ៉ាង​មក​ពី​អ្នកស្រី​រវល់​ច្រើន​ដកឃ្លា​មិន​រួច ក្នុង​តួនាទី​ជា​មន្ត្រី​នៅ​ក្នុង​ក្រសួងការពារជាតិ​ផង​ទើប​រឹតតែ​ធ្វើ​ឱ្យ​អ្នកស្រី​ពិបាក​ក្នុង​ការ​ត្រឡប់​ក្រោយ។

អ្នកស្រី​ថា វ័យ និង​ការ​ទទួលខុសត្រូវ​ក្នុង​នាម​ជា​មន្ត្រី​ក្រសួងការពារជាតិ គឺជា​អ្វី​ដែល​អ្នកស្រី​មាន​អារម្មណ៍​នឿយណាយ​នៅ​ក្នុង​អាជីព ហើយ​សម្រេចចិត្ត​លាឈប់​ពី​ការ​ប្រកួត​នានា ដែល​ខាង​សហព័ន្ធ ចង់ឱ្យ​អ្នកស្រី​ជួយ​តំណាង​ប្រទេស​ចេញ​ប្រកួត ។ យ៉ាងណា​ក៏​ដោយ​អ្នកស្រី​នៅ​តែ​ជួយ​សហព័ន្ធ​ក្នុង​នាម​ជា​គ្រូបង្វឹក ខណៈ​ដែល​ខាង​សហព័ន្ធ​ចង់ឱ្យ​អ្នកស្រី​ដើរតួ​ជា​គ្រូបង្វឹក​ផង និង​ជា​កីឡាការិនី​ផង នៅ​ពេល​មានការ​ប្រកួត​អន្តរជាតិ​ជាក់ស្ដែង ប៉ុន្តែ​គោលការណ៍​ក្រសួង​គឺ​មិន​អនុញ្ញាត​ទេ ។

អ្នកស្រី​ថា ខ្លួន​លែង​ចង់​បន្ត​អាជីព​ធ្វើ​ជា​កីឡាការិនី​ទៀត​ហើយ ដោយសារ​តែ​វ័យ​របស់​អ្នកស្រី​ក៏​ជ្រេ ហើយ​ម្យ៉ាង​រាល់ពេល​តំណាង​ប្រទេស​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ម្ដង​ៗ រមែង​ធ្វើ​ឱ្យ​អ្នកស្រី​សម្រាន្តមិន​លក់ មាន​អារម្មណ៍​គិត​ច្រើន និង​ចំណាយ​ពេល​ត្រៀមខ្លួន​ច្រើន ដែល​ធ្វើ​ឱ្យ​អ្នកស្រី​មានការ​ប៉ះពាល់​ដល់​សុខភាព ។ អ្នកស្រី​សម្ដែង​អារម្មណ៍​សោកស្ដាយ ដែល​មិន​អាច​បន្ត​ជួយ​សហព័ន្ធ​ក្នុង​នាម​ជា​កីឡាការិនី ប៉ុន្តែ​បើ​អ្នកស្រី​នៅ​តែ​បន្ត​ក៏​ធ្វើ​ឱ្យ​អ្នកស្រី​នៅ​តែ​មាន​សម្ពាធ​មិន​អស់​មិន​ហើយ​ផង​ដែរ​។

អ្នកស្រី​កែ ឡេ​ង បន្ត​ទៀត​ថា អ្នកស្រី​មិន​ទាន់​សម្លឹង​ឃើញ​កីឡាករ ឬ​កីឡាការិនី​ណាមួយ ដែល​អាច​ជំនួស​តំណែង​អ្នកស្រី​នៅឡើយ​ទេ ដោយ​អ្នកស្រី​ថា កីឡាករ​ស្រករ​ក្រោយ បើ​មើល​មួយ​ភ្លែត គឺ​ល្អ ប៉ុន្តែ​ពេល​ខ្លះ គឺ​ខ្វះ​ទំនុកចិត្ត​គួរ​ឱ្យ​ជឿជាក់​ផង​ដែរ​។ អ្នកស្រី​ថា​៖«​សម្រាប់​ខ្ញុំ អត់​ទាន់​មើលឃើញ​ថា អ្នក​ណា​ល្អ​ដូច​ខ្ញុំ​ទេ ពួក​គាត់​ល្អ តែ​ពេល​ខ្លះ គឺ​ដូច​ប្រែប្រួល បើ​ដូច​ខ្ញុំ​ពេល​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​គឺ​ដឹង​តែ​បាន​មេដាយ ប៉ុន្តែ​សម្រាប់​ពួក​គាត់ គឺ​ខ្ញុំ​ថា​នៅ​តែ​មិន​ទាន់​បាន​១០០​ភាគរយ​អុ​ី​ចឹ​ង​»​។ យ៉ាងណាមិញ អ្នកស្រី​ថា ខ្លួន​ត្រូវ​តែ​ដកខ្លួន ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ ដោយ​អ្នកស្រី​ប្រាប់​ថា បើ​មិន​ផ្ដល់​ឱកាស​ឱ្យ​ទេ ក៏​នៅ​តែ​រក​អ្នក​ជំនួស​មិន​បាន​នោះ​ដែរ ។

ជាមួយ​គ្នា​នេះ​ដែរ​អ្នកស្រី​កែ ឡេ​ង បញ្ជាក់​ថា ក្នុង​រយៈពេល​កូ​វី​ដ​កើតឡើង​នេះ មិន​បង្ក​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​ហ្វឹកហាត់​របស់​ជម្រើសជាតិ​ទាំង​៣៦​នាក់​នោះ​ទេ ដោយ​ពួក​គាត់​មាន​វិធី​បង្កើន និង​រក្សា​សមត្ថភាព​រៀង​ៗ​ខ្លួន បើ​ទោះ​គ្មាន​ការ​ជួបជុំ​នៅ​ស្តា​ត​អូ​ឡាំ​ពិ​ក ខណៈ​ការ​ប្រកួត​ប៉េតង់​នៅ​ក្រៅ​ប្រទេស​ក៏​ត្រូវ​លុប​ចោល​ដែល​មាន​ន័យ​ថា កីឡា​ផ្នែក​នេះ មិនសូវ​រង​ការ​ប៉ះពាល់​ទេ​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ