រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា សម្ថកិច្ចទាំងអស់មិនត្រូវឃាត់រថយន្ដណាដែលមិនល្មើសច្បាប់មកសួរនាំឡើយ ។ ថ្លែងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ របស់ គ.ជ.ប.ជ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២០ នៅស្ដីការក្រសួងសម្ដេចក្រឡាហោម បានបញ្ជាក់ថា បើសិនមានរថយន្ដល្មើសច្បាប់ សមត្ថកិច្ចត្រូវសួរនាំរកឯកសារនានា ។
សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា «ប្រជាពលរដ្ឋអាចខ្ចីយានជំនិះគ្នាបើកបរទៅវិញទៅមកបាន ដោយមិនខុសច្បាប់នោះទេ លើកលែងតែបង្កកំហុសប៉ុណ្ណោះ ទើបមានការអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោក ។ ដូច្នេះពលរដ្ឋកុំមានការព្រួយបារម្ភខ្លាំងពេកលើការអនុវត្តច្បាប់ចរាចរណ៍នេះរហូតដល់មិនហ៊ានខ្ចីយានជំនិះគ្នាបើកបរនោះ» ។
សម្ដេចគូសបញ្ជាក់ថា ៖ «បើខ្ចី (ម៉ូតូ ឬឡាន) គេមកប្រើ គឺប្រើទៅគ្មានអី ។ (បើខ្ចី) ឡានក៏បើកទៅ ម៉ូតូក៏បើកទៅ ។ ចៀសវាងតែម្យ៉ាងទេ កុំឲ្យតែបុកគេ ហើយកុំធ្វើខុសច្បាប់បានន័យថា បើកឲ្យវាត្រូវច្បាប់ មានពីណាគេឆែកឯណា ហើយវាមិនមែនជាការដាក់កុងត្រូលត្រួតពិនិត្យរដ្ឋបាលទេ ទាល់កាលណាគាត់ខុសទើបបានឃាត់ ។ តែកាលណាខុសគេឃាត់នោះ គេសួរហើយ ក្រដាសស្នាមនៅឯណា អាឡានខ្ចីគេអត់មានក្រដាសស្នាម អាហ្នឹងខុសហើយ ។ តែប៉ុណ្ណឹងតើ » ។
សូមជម្រាបថា នាពេលថ្មីៗនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការព្រមានជាចុងក្រោយដល់ស្នងការគ្រប់រាជធានី-ខេត្តទាំងអស់ មិនត្រូវដាក់បារ៉ាស់ ដើម្បីស្ទាក់ចាប់ រថយន្តគេបន្តទៀតនោះទេ ខណៈរថយន្តកំពុងធ្វើចរាចរណ៍ធម្មតា ដោយពុំមានខុសនឹងបទល្មើសច្បាប់ចរាចរណ៍ ហើយត្រូវដកបារ៉ាស់ឲ្យអស់ត្រឹមថ្ងៃទី២៦ ឧសភានេះ ។
សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា មានប្រជាពលរដ្ឋច្រើនលើសលុបចូលរួមគាំទ្រការរឹតបន្ដឹងច្បាប់ចរាចរណ៍ ព្រមទាំងគោរពច្បាប់ចរាចរណ៍ផងដែរ ៕
ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ក៏បានអំពាវនាវទៅដល់សមត្ថកិច្ចចំពោះគោលការណ៍រឹតបន្ដឹងច្បាប់ចរាចរណ៍ មិនដកថយឡើយ គឺត្រូវអនុវត្ដបន្ដទៀត ដើម្បីធ្វើយ៉ាងកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍នៅកម្ពុជា ។ ជាពិសេសសមត្ថកិច្ច ត្រូវមានការគោរពក្រមសីលធម៌វិជ្ជាជីវៈ ទន់ភ្លន់តែម៉ឺងម៉ាត ដើម្បីការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋ៕
ចែករំលែកព័តមាននេះ