ឆក់យកជីវិតម្នាក់​ក្នុង​ចំណោម២​នាក់​បងប្អូន​ ខណៈកំពុង​ឈប់​ស្តុ​ប​


រាជធានី​ភ្នំពេញ ​៖ ​បុរស​ជាង​ពិ​តាន​​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ខ្សាច់​មួយ​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​មក​បុក​និង​កិន​បែកក្បាល​ជាប់​ក្រោម​រថយន្ត​អូស​ប្រមាណ​ជាង​២០​ម៉ែត្រ​ បណ្តាល​ឱ្យបាត់បង់ជីវិត​​នៅ​​នឹង​កន្លែង និង​បងប្រុស​ជីដូនមួយ​ម្នាក់​បាន​រង​របួសស្រាល ខណៈ​​ពេល​ជនរងគ្រោះទាំង​​២នាក់​​ជិះ​ម៉ូតូ​មួយ​គ្រឿង​កំពុង​តែ​ឈប់​ស្តុ​ប ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២០​ នៅ​ចំណុច​ស្តុ​ប​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ កែង​ផ្លូវ​OCIC ស្ថិត​ក្នុងភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ដែលបាត់បង់ជីវិត​ឈ្មោះ​ទុ​យ បាន​ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ​ជា​ជាង​ពិ​តាន ស្នាក់​នៅ​ភូមិ​តា​ង៉ូ​វ សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ និង​មានស្រុក​កំណើត​នៅ​ភូមិ​ទី​៥ ឃុំ​ព្រែក​សាយ​ខ ស្រុក​ពាម​ជរ ខេត្តព្រៃវែង ។​ ចំណែក​បងប្រុស​ជីដូនមួយ​ដែលរងរបួសស្រាល​ឈ្មោះ មាស វុ​ទ្ធី អាយុ​៣២​ឆ្នាំ ជា​ជាង​ពិ​តាន​​ដូច​គ្នា ​។ ជន​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន​ជីដូន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​ព្រៃវែង​ ១E-២៤៦០​ ។​

តាមប្រភពពី​​នគរបាល​បានអោយ​ដឹង​ថា រថយន្ត​​បង្កមួយគ្រឿង​ខាងលើ​ម៉ាក​មីតស៊ុយប៊ីស៊ី​ (Mitsubishi ) ពុំ​មាន​ស្លាក​លេខ​នោះ​ទេ ប៉ុន្តែ​បើ​តាម​ពន្ធ​ផ្លូវ​ដែល​បិទ​នៅ​កញ្ចក់​រថយន្ត​មាន​ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៧៦៩៩​ ​ហើយ​​អ្នកបើកបរ​ដោយ​ឈ្មោះ​សួន សុខ​ម៉េ​ត​ ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ពោង ឃុំ​សំបួរមាស ស្រុក​មុខកំពូល​ ខេត្តកណ្តាល ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​។

តាម​ប្រភព​​ព័ត៌មានពីសាក្សី​​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​ជន​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន​ជីដូន​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ​ចេញ​មក​ពី​ធ្វើការ​ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​ ​លុះ​ពេលធ្វើ​ដំណើរ​មក​ដល់​​ចំណុច​​កើតហេតុ​ខាងលើ​ក៏​បាន​ឈប់​ស្តុ​ប​ជាមួយ​យានយន្ត​ជា​ច្រើន​ទៀត​ ខ​ណៈនោះ​ស្រាប់តែ​មាន​រថយន្ត​បែន​ដឹក​ខ្សាច់​មួយ​គ្រឿង​ខាងលើ​បាន​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​មក​បុក​ពីក្រោយយ៉ាង​ពេញទំហឹង​តែ​ម្តង​។

តាម​សាក្សី​បានអោយ​ដឹង​ទៀត​ថា គ្រោះថ្នាក់​ខាងលើ​នេះ​រថយន្ត​បាន​​បុកហើយ​កិន​បែកក្បាល​​បុរសជា​ប្អូនជីដូន​មួយ​ជាប់​ក្រោម​រថយន្តអូស​ប្រមាណ​២១​ម៉ែត្រ​ទើប​ឈប់ ​។ ភ្លាម​ៗ​នោះ​បុរសជា​បងដែល​​រង​របួសស្រាល​ក៏​បាន​លូន​ចេញពី​ក្រោម​រថយន្ត ហើយ​ឃាត់ខ្លួន​អ្នកបើកបរ​​រថយន្ត​ប្រគល់​អោយ​នគរបាល​ចាត់ការ​តាម​ច្បាប់​។

តាមប្រភពពី​​អ្នកបើកបរ​រថយន្ត​បានអោយ​ដឹង​ថា មូលហេតុ ដែល​នាំ​អោយ​កើត​មាន​គ្រោះថ្នាក់​ គឺ​ដោយ​សារ​តែ​ជាន់​ហ្វ្រាំង​មិន​ស៊ី​ ​ខ​ណៈនោះ​​គាត់​​បាន​ស៊ី​ផ្លេ ហើយ​យានយន្ត​ផ្សេង​ទៀត​បាន​គេច​​អស់​នៅ​សល់​តែ​ម៉ូតូ​មួយ​គ្រឿង​ក៏​បាន​បុកនិង​​កិន​តែ​ម្តង ​៕ ​(កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ