ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ធ្វើ​ទៅ​លេង​គូ​ដណ្តឹង មិន​ទាន់​ដល់​ផង ក៏​ជួប​គ្រោះ​ស្មាន​មិន​ដល់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​ប្អូន​ថ្លៃ​ពីក្រោយ​ចេញពី​កន្លែងធ្វើការ​បំណង​ទៅ​លេង​គូ​ដណ្ដឹង តែ​ជា​អកុសល​បែរជា​ទៅ​ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍ ដោយ​ជិះ​ម៉ូតូ​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​ដី​ធន់​ធំ​មួយ​គ្រឿង​ទៀត​ដែល​កំពុង​ឈប់​ចាក់​ប្រេង​នៅ​លើ​ស្ពាន​ព្រែក​ព្នៅ បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​តែ​ម្តង ចំណែក​ប្អូនថ្លៃ​រង​របួស​បាក់​ភ្លៅ​ខាងស្តាំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​១១​និង​២០​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​ប្អូន​ថ្លៃ​ពីក្រោយ​ចេញពី​កន្លែងធ្វើការ​បំណង​ទៅ​លេង​គូ​ដណ្ដឹង តែ​ជា​អកុសល​បែរជា​ទៅ​ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍ ដោយ​ជិះ​ម៉ូតូ​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​ដី​ធន់​ធំ​មួយ​គ្រឿង​ទៀត​ដែល​កំពុង​ឈប់​ចាក់​ប្រេង​នៅ​លើ​ស្ពាន​ព្រែក​ព្នៅ បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​តែ​ម្តង ចំណែក​ប្អូនថ្លៃ​រង​របួស​បាក់​ភ្លៅ​ខាងស្តាំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២០ ត្រង់​ចំណុច​លើ​ស្ពាន​ព្រែក​ព្នៅ​ផ្នែក​ខាងកើត ស្ថិត​ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ខាងលើ​ឈ្មោះ សូ​យ ធា​រ៉ូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅ​កន្លែងធ្វើការ​ក្នុង​សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វារ និង​មានស្រុក​កំណើត​នៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ និង​ប្អូនថ្លៃ​ប្រុស​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AF-7389 ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន ដែល​ទើបតែ​ចេញពី​ធ្វើការ​បំណង​ទៅ​លេង​ផ្ទះ​គូ​ដណ្ដឹង​របស់​ជន​រង​គ្រោះ​នៅ​ឯ​ភ្នំ​ឧត្តុ​ង​។

ប្រភព​ដដែល​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រប​ពេល​ដែល​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក KIA ជា​ប្រភេទ​រថយន្ត​បែន​ដឹក​ដី​ធន់​ធំ ពណ៌​ត្រេ​អ៊ី គ្មាន​ស្លាក​លេខ កំពុង​តែ​ឈប់​ចាក់​ថែម​ប្រេង​នៅ​ត្រង់​ចំណុច​កើតហេតុ ដោយ​មិន​មាន​ដាក់​អ្វី​ជា​សញ្ញាណ​សំគាល់​ឱ្យ​ប្រុង​ប្រយ័ត្ន​នោះ​ទេ​។ ខណៈ​ពេល​នោះ​ម៉ូតូ​រង​គ្រោះ​បើក​លឿន​មិន​ប្រយ័ត្ន ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ពីក្រោយ​ចំហៀង​ខាងឆ្វេង​រថយន្ត​ខាងលើ​ពេញទំហឹង​តែ​ម្តង បណ្ដាល​ឲ្យ​បុរស​រង​គ្រោះ​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​បោក​ក្បាល​ទៅ​នឹង​រថយន្ត​ធ្វើ​ឱ្យ​បែកក្បាល​បាត់បង់​ជីវិត​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំណែកឯ​បុរស​ជា​ប្អូនថ្លៃ​ដែល​អង្គុយ​ខាងក្រោយ​បាន​រង​របួស​បាក់​ភ្លៅ​ខាងស្តាំ រីឯ​ម៉ូតូ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​។ មិនតែប៉ុណ្ណោះ​រថយន្ត​បែន​ដឹក​ដី​ខាង​លើ​នេះ ក៏​ស្រាប់តែ​រអិល​ថយក្រោយ រួច​ក៏​ថយ​ជ្រុល​ទៅ​បុក​នឹង​បង្កាន់ដៃស្ពាន​ព្រែក​ព្នៅ បណ្ដាល​ឲ្យ​ខូចខាត​បន្តិចបន្តួច ។ ចំណែកឯ​រថយន្ត​ក៏​រង​ការ​ខូចខាត​បាក់​ភ្លៅ​កង់​ខាងក្រោយ រីឯ​អ្នកបើក​បរ​រថយន្ត​ក៏​បាន​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​ភ្លាម​ៗ​បាត់​ស្រមោល ចោល​រថយន្ត​ដែល​រង​ការ​ខូចខាត​នោះ​។ ក្រោយមក​ក៏​មាន​រថយន្ត​របស់​គ្លីនិក​ឯកជន​មក​ដឹក​បុរស​ដែល​រង​របួស​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគមន៍ រួច​ហៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង​ស្ទូច​រថយន្ត និង​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​។ ដោយឡែក​សព​បុរស​រង​គ្រោះ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ទាក់ទង​រក​សាច់ញាតិ​និង​ប្រគល់​ឲ្យ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​ខេត្តកំពង់ចាម ដែល​ជា​ស្រុក​កំណើត​របស់​ជន​រង​គ្រោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ