ភ្លៀង​ធ្លាក់​​១មេ! ​លឿង​រាជ១ដើម​​រលើង​ទាំង​ឫ​​ស​​កាត់​ទទឹង​ផ្លូវ


រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​លាយឡំ​នឹង​ខ្យល់ បណ្ដាល​អោយ​ដើម​លឿង​រាជ​មួយ​ដើម​រលំ​កាត់​ទទឹង បង្ក​អោយ​មានការ​កកស្ទះ​ចរាចរណ៍​កាលពី​វេលា​ម៉ោង​៨​យប់ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២០ ជិត​ស្តុ​ប​វត្ត​មហាមន្ត្រី ផ្លូវ​ព្រះ​សីហ​នុ សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង រាជធានីភ្នំពេញ ។

តាម​ប្រភព​ពីប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា បន្ទាប់​ពី​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​មាន​លាយឡំ​នឹង​ខ្យល់​បក់​បន្តិចបន្តួច ក៏​ស្រាប់តែ​ដើម​លឿង​រាជ​មួយ​ដើម​ទំហំ​ធំ​ជាង​ភ្លៅ​មនុស្ស​ចាស់​បន្តិច បាន​រលើង​ទាំង​ឫ​ស​កែវ​ដួល​រលំ​កាត់​ទទឹង​ផ្លូវ តែ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់មនុស្ស ឬ​រង​ការ​​ខូចខាត​ទ្រព្យសម្បត្តិ​របស់​អ្នក​ដទៃ​នោះ​ទេ គ្រាន់តែ​បង្ក​អោយ​មានការ​កកស្ទះ​ចរាចរណ៍​បន្តិច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​តែ​ប៉ុណ្ណោះ ។

តាម​​ប្រភព​ដដែល​បាន​បន្ត​ទៀតថា​ បន្ទាប់​ពី​ដើម​លឿង​រាជមួយដើម​រ​លំ​កាត់ទទឹងផ្លូវ ហើយ​មេឃ​ក៏​រាំង​ភ្លៀង ទើប​ឃើញ​មាន​កម្លាំង​គណៈ​បញ្ជា​ការ​ឯកភាព​ខណ្ឌ​បឹង​កេងកង​បាន​ដឹកនាំ​កម្លាំង​ចុះមកដល់កន្លែងកើតហេតុ ដោយ​យក​ម៉ាស៊ីន​រណារ​ (​ត្រង់​ស៊ី​ន័​រ​) មក​កាត់​មែក និង​ដើមឈើ​យក​ចេញ​ ដាក់​​អែប​ខាង​​ផ្លូវ យ៉ាង​ញាប់ដៃ​ញាប់​ជើង និង​ធ្វើការ​បោស​សំអាត​ផ្លូវ ដើម្បី​​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​​បាន​ធ្វើ​ចរា​ចរណ៍​ឡើង​វិញ​ផង​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ