ខេត្តមណ្ឌលគិរី ៖ កាលពីថ្ងៃទី២៣ ឧសភា មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច និងភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិបានចុះល្បាតរួមគ្នា ហើយឃើញប្រជាពលរដ្ឋចំនួន៣នាក់កំពុងបណ្ដើរឆ្កែចំនួន៣ក្បាលនៅចំណុចអូរអាក់ ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចដែលសង្ស័យថា ជាក្រុមបរបាញ់សត្វព្រៃ។
មន្ត្រីឧទ្យានុរក្ស បានអប់រំណែនាំប្រជាពលរដ្ឋឲ្យបានយល់ដឹងអំពីបញ្ញត្តិច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ដែលហាមប្រាមសកម្មភាពបណ្ដើរឆ្កែ ក្នុងគោលបំណងប្រមាញ់ រួចបានធ្វើកិច្ចសន្យាកុំឲ្យប្រព្រឹត្ត។
នៅថ្ងៃដដែលនេះ មន្ត្រីឧទ្យានុរក្សបានបន្តការល្បាតហើយបានដកហូតរណារយន្តចំនួន២គ្រឿង និងរុះរើរោងប្រក់តង់របស់ជនសង្ស័យដែលលួចអារឈើមួយកន្លែង ខណៈជនសង្ស័យបានរត់គេចខ្លួនបាត់ ៕
ចែករំលែកព័តមាននេះ