ស្នងការ​ក្រុងភ្នំពេញ៖ ដក​បា​រ៉ា​ស់​ចេញ ប៉ុន្តែ​បន្ត​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ទាំងថ្ងៃ ទាំងយប់


រាជធានី​ភ្នំពេញ ៖ (តេ​លេ​ក្រាម)សារ​ជា​សំឡេង ផ្ញើ​ជូន​ជ្រាប​ដល់​កងកម្លាំង​នគរបាល​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស នាយ​ឧត្ដមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ចេញ​បទបញ្ជា​យ៉ាង​ដាច់​ណាត់​ថា “​មន្ត្រី​នគរបាល​ចរាចរណ៍​ទាំងអស់ មិន​ត្រូវ​ដាក់​បា​រ៉ា​ស់​ស្ទាក់​ហៅ​យានយន្ដ ដើម្បី​ត្រួតពិនិត្យ​រក​មើល​ឯកសារ​ជា​ដាច់ខាត ក្នុង​ករណី​មិន​មាន​បទល្មើស​ណាមួយ​នោះ លើកលែងតែ​ក្នុង​ករណី មាន​បទល្មើស​ជាក់ស្តែង ដែល​ត្រូវ​បាន​ស្នើ​សុំ​អោយ​ជួយ​អន្ដរាគមន៍​បន្ទាន់​” ចំពោះ​បា​រ៉ា​ស់ សូមកុំ​ដាក់​លើ​ផ្លូវ​បន្ដ​ទៀត ក្នុង​ន័យ​នេះ គឺ​មិនមែន​បញ្ឈប់ លែងអោយ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​នោះ​ទេ ពោល​គឺ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ដដែល ។

នៅ​ម៉ោង​ជិត​៤​រសៀល​ថ្ងៃ​ទី​២៦ ឧសភា ២០២០​នេះ នៅ​លើ​ហ្វេ​ស​បុក​ផ្លូវការ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​សរសេរ​ថា « ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ដល់​ស្នងការ​រាជធានី ខេត្ត តាម​គ្រប់​គោលដៅ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់ ត្រូវ​តែ​ដក​បា​រ៉ា​ស់​ចេញ​ទាំងអស់ ប៉ុន្តែ​ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នេះ នៅ​តែ​បន្ត​អនុវត្ត​ទាំង​ថ្ងៃ ទាំង​យប់​» ។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ឧសភា ២០២០​នេះ នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន បាន​ធ្វើការ​ព្រមាន​ជា​ចុង​ក្រោយ ដល់​ស្នងការ​រាជធានី​-​ខេត្ត​ទាំងអស់ មិន​ត្រូវ​ដាក់​បា​រ៉ា​ស់ ដើម្បី​ស្ទាក់​ចាប់​រថយន្ត​បន្ត​ទៀត​នោះ​ទេ​! ខណៈ​ដែល​រថយន្ត​កំពុង​ធ្វើ​ចរាចរណ៍​ធម្មតា​ដោយ​ពុំ​មាន​ខុស​នឹង​បទល្មើស​ច្បាប់​ចរាចរណ៍​នោះ ។

ការ​ព្រមាន​របស់​អគ្គស្នងការ​នគរបាល​ជាតិ​នេះ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​និង​អ្នក​ធ្វើ​ដំណើរ​ខ្លះ​មានការ​ថ្នាំងថ្នាក់​នឹង​នគរបាល​ចរាចរណ៍​មួយ​ចំនួន បាន​ដាក់​បា​រ៉ា​ស់​នៅ​តាម​ផ្លូវ ដោយ​ចាំ​ស្ទាក់​ចាប់​រថយន្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដោយ​យក​លេស​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ខណៈ​ដែល រថយន្ត​ទាំងនោះ កំពុងធ្វើការ​បើកបរ​ធម្មតា​នៅ​តាម​ដងផ្លូវ​នោះ និង​មិន​បាន​ល្មើស​លើ​បទល្មើស​ណាមួយ​នោះ ។

សូម​រម្លឹក​ថា លោក​នេ​ត សា​វឿ​ន ព្រមាន​ជា​ចុង​ក្រោយ ស្នងការ​ទាំងអស់ ត្រូវ​ដក​បា​រ៉ា​ស់​តាម​ផ្លូវ​ឲ្យ​អស់​ថ្ងៃនេះ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ