ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កម្ពុជា​កំពុង​កើត​មាន​រលក​ទី​២​នៃ​វីរុស​កូ​វី​ដ​-១៩ ក្រោយ​មាន​វិជ្ជមាន​២​ករណី​ថ្មី?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ថ្មី​ៗ​នេះ​កម្ពុជា​បាន​រក​ឃើញ​នូវ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន ២ ករណី​ថ្មី​លើ​បុរស​ជនជាតិ​ខ្មែរ​មក​ពី​ប្រទេស​ហ្វី​លី​ពី​ន និង​នារី​ខ្មែរ​មក​ពី​សហរដ្ឋអាមេរិក ដែល​អ្នកជំងឺ​ទាំង​ពីរ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត នៅ​រាជធានី​ភ្នំពេញ ។ ការ​រក​ឃើញ​ករណី​២​ថ្មី​បន្ថែម​នេះ…

រាជធានី​ភ្នំពេញ​៖ ថ្មី​ៗ​នេះ​កម្ពុជា​បាន​រក​ឃើញ​នូវ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន ២ ករណី​ថ្មី​លើ​បុរស​ជនជាតិ​ខ្មែរ​មក​ពី​ប្រទេស​ហ្វី​លី​ពី​ន និង​នារី​ខ្មែរ​មក​ពី​សហរដ្ឋអាមេរិក ដែល​អ្នកជំងឺ​ទាំង​ពីរ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត នៅ​រាជធានី​ភ្នំពេញ ។

ការ​រក​ឃើញ​ករណី​២​ថ្មី​បន្ថែម​នេះ គឺ​តែ​ប៉ុន្មាន​ថ្ងៃក្រោយ​ពី​កម្ពុជា​បាន​ព្យាបាល​ជា​សះស្បើយ​នូវ​អ្នកជំងឺ​កូ​វី​ដ​-១៩​សរុប​១២២​ករណី ។ យ៉ាងណាមិញ​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​នៅ​តែ​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ តោង​កុំ​មានការ​ធ្វេសប្រហែស​ឡើយ​ ព្រោះថា​យើង​អាច​ភ្លេច​កូ​វី​ដ​-១៩ តែ​វីរុស​ឆ្លង​មួយ​នេះ​គឺ​មិន​ភ្លេច​យើង​នោះ​ទេ ។

យ៉ាងណាមិញ​មានការ​ចោទ​ជា​សំណួរ ក៏​ដូច​ជា​ច​ម្ង​ល់​ថា​ការ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន ២ ករណី​លើ​បុរស​ខ្មែរ មក​ពី​ហ្វី​លី​ពី​ន និង​នារី​ខ្មែរ​មក​ពី​សហរដ្ឋអាមេរិក​គឺជា​ការ​វាយប្រហារ​រលក​ទី​២ នៃ​វីរុស​កូ​វី​ដ​-១៩​នៅ​កម្ពុជា​ឬ​យ៉ាងណា ?

លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ថ្លែង​បញ្ជាក់​ថា​ថ្មី​នា​ថ្ងៃ​ទី ២៦ ឧសភា​នេះ​ថា «​ខ្ញុំ​សូម​ជម្រាប​ជូន​ថា​ករណី​ដែល​យើង​រក​ឃើញ​ពីរ​នាក់ ដែល​ម្នាក់​ជា​បុរស​មក​ពី​ប្រទេស​ហ្វី​លី​ពី​ន និង​ម្នាក់​ទៀត​ជា​ស្ត្រី​មក​ពី​សហរដ្ឋអាមេរិក​នេះ មិនមែន​ជា​រលក​ទី​២​ទេ ។ គឺជា​ករណី​នាំ​ចូល​» ។

រហូត​មក​ដល់​ថ្ងៃនេះ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២៦ ឧសភា​នេះ​គឺ​កម្ពុជា​មាន​ករណី​កូ​វី​ដ​-១៩ គឺ ១២៤ ករណី​ដែល​ក្នុង​នោះ ១២២ នាក់​បាន​ទទួល​ការ​ព្យាបាល​ជា​សះស្បើយ ។

យោង​តាម​ការ​ចេញផ្សាយ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ចេញ​ចុះ​ថ្ងៃ​ទី​២៦​ឧសភា បាន​លើក​ឡើង​ថា ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់ ព្រោះ​ប្រទេស​ជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា « យើង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្ត​ទៀត ដូច​ជា​ពន្យា​ការ​រៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការ​ចាក់​ធុងបាស​រាំ ។ ល​។ យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្ត​ទៀត ដូច​ជា​អង្គុយ​គម្លាត​ពី​គ្នា ឈរ​រង​ចាំ​គម្លាត​ពី​គ្នា ឈរ​ជជែក​គ្នា​គម្លាត​ពី​គ្នា ។ ល​»​។

សូម​បញ្ជាក់​ថា ប្រទេស​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃ​ទី ២៧ មក​រា ២០២០ លើ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ គិត​មក​ដល់​ថ្ងៃ​ទី ២៦ ឧសភា​ក្រសួងសុខាភិបាល​បាន​ធ្វើតេស្ត​សំណាក់​ចំនួន ១៨៣៩២ សំណាក​ស្មើនឹង ១១០៧​នាក់ ក្នុង​១​លាន​នាក់​។ នេះ​បើ​តាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ