ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​គួរ​ឱ្យ​ស្ដាយ​ពេក​ក្រៃ ​បើ​ដល់​សៀម​រាប​មិន​បាន​ទៅ​មើល​សត្វ​ស្លាប​នៅ​​បឹង​ពារាំង

3 ឆ្នាំ មុន
  • សៀមរាប

សៀមរាប ៖ ខណៈ​ស្ថានភាព​កូ​វី​ដ​-១៩​នៅ​កម្ពុជា​ហាក់​បាន​ធូរស្រាល​ច្រើន បងប្អូន​មួយ​ចំនួន​ធំ​ក៏​ចាប់ផ្តើម​ការ​ធ្វើ​ដំណើរ​កំសាន្ត​ជា​លក្ខណៈ​គ្រួសារ ឬ​ជា​ក្រុម​មិត្តភាព​ទៅ​កាន់​រមណីយដ្ឋាន​នានា ពិសេស​ទឹកដី​អង្គរ​ខេត្តសៀមរាប​តែ​ម្តង ។ ប្រាកដ​ណាស់ ភូមិសាស្ត្រ​សៀមរាប​-​អង្គរ គឺជា​ទឹកដី​ដ៏​ពិសិដ្ឋ​ដែល​បុព្វបុរស​ខ្មែរ​បាន​ខិតខំ​អភិវឌ្ឍ​កសាង​ឱ្យ​រីក​ចម្រើន…

សៀមរាប ៖ ខណៈ​ស្ថានភាព​កូ​វី​ដ​-១៩​នៅ​កម្ពុជា​ហាក់​បាន​ធូរស្រាល​ច្រើន បងប្អូន​មួយ​ចំនួន​ធំ​ក៏​ចាប់ផ្តើម​ការ​ធ្វើ​ដំណើរ​កំសាន្ត​ជា​លក្ខណៈ​គ្រួសារ ឬ​ជា​ក្រុម​មិត្តភាព​ទៅ​កាន់​រមណីយដ្ឋាន​នានា ពិសេស​ទឹកដី​អង្គរ​ខេត្តសៀមរាប​តែ​ម្តង ។

ប្រាកដ​ណាស់ ភូមិសាស្ត្រ​សៀមរាប​-​អង្គរ គឺជា​ទឹកដី​ដ៏​ពិសិដ្ឋ​ដែល​បុព្វបុរស​ខ្មែរ​បាន​ខិតខំ​អភិវឌ្ឍ​កសាង​ឱ្យ​រីក​ចម្រើន និង​មាន​ភាព​ល្បីល្បាញ​តាំងពី​មុន​សម័យ​អង្គរ សម័យ​អង្គរ និង​តម​ក​ដល់​បច្ចុ​ប្បន្ន ប្រែក្លាយ​ពី​មហារាជ​ធានី​យ​សោ​ធរ​បុ​រៈ​ជាង ៦០០ ឆ្នាំ​របស់​ក​ម្វុ​ជ​ទេស មក​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​សម្រាប់​មនុស្សជាតិ​ទូ​ទាំង​ពិភពលោក​។

ជាមួយ​គ្នា​នោះ សៀមរាប​ក៏​បាន​បង្កប់​នូវ​សហគមន៍​អេកូ​ទេសចរណ៍​មួយ ដែល​ស្ថិត​នៅ​ប៉ប្រះ​ទឹក​បឹង​ទន្លេសាប​ជាយក្រុង​សៀមរាប​បង្កើយ​ពុំ​ឆ្ងាយ នោះ​គឺ​សហគមន៍​ទេសចរណ៍វប្បធម៌​ធម្មជាតិ​បឹង​ពារាំង​។ នេះ​បើ​យោង​តាម​ព័ត៌មាន​ពី​ក្រសួងទេសចរណ៍ ។

មាន​ចម្ងាយ​ពី​ប្រជុំជន​ក្រុង​ប្រមាណ​១៣​គីឡូម៉ែត្រ អម​ដោយ​ស្រែ​ស្រូវចម្ការ​ដំណាំ​របស់​ប្រជា​កសិករ​បៃតង​ស្រស់​ខ្ចី គេ​នឹង​បាន​ទៅ​ដល់​បឹង​ពារាំង​ដែល​ជុំ​ព័ទ្ធ​ទៅ​ដោយ​ព្រៃ​រាំង​ទឹក ប​ប៊ួ​យ អញ្ចាញ កំ​ផ្នេ​ង ត្អួ និង​ពពួក​ព្រៃរនាម​ជា​ច្រើន​ប្រភេទ​ទៀត​។

ស្ថិត​ក្នុង​សង្កាត់​ជ្រៀវ ខាងត្បូង​ក្រុង​សៀមរាប សហគមន៍​ទេសចរណ៍វប្បធម៌​ធម្មជាតិ​បឹង​ពារាំង​មាន​វិសាលភាព​លើ​ផ្ទៃដី​ប្រមាណ​២៥០​ហិ​កតា ពាសពេញ​ទៅ​ដល់​ទឹក​បឹង ដៃ​បឹង កោះ​តូច​ធំ ព្រៃរនាម ស្រែ​ស្រូវ មច្ឆា​ជាតិ និង​ពពួកសត្វ​ស្លាប​ទឹក​ជាង​រយ​ប្រភេទ​។

នា​ព្រះ​អរុណោទ័យ​សន្សឹម​រស្មី​យាត្រា​បំភ្លឺ​ព្រះ​ពសុធា ពន្លឺ​ក្រហមច្រាល់​ចាំងចែង​ពី​បូព៌ា​ទិស ទុង រនាល ក្រសារ ត្រដក់ ក្អែកទឹក ស្មោញ កុក ចង្កៀលខ្យង ក្រៀល ជើងទៀន​ជាដើម​នោះ​កំពុង​ឈរ​ត្រៀបត្រា​ដេរដាស​នៅ​លើ​ផ្ទៃ​បឹង ហាក់​កំពុង​រៀបចំ​បង្វិច​មុន​ចេញដំណើរ​ទៅ​រក​ចំណី​នៅ​ទី​ផ្សេង​ពី​ជម្រក លុះដល់​ពេល​ល្ងាច​ពពួកសត្វ​ស្លាប​ទាំងនោះ​បាន​ហោះហើរ​ត្រលប់​មក​ជម្រក​រៀងខ្លួន​វិញ ហើយ​ផ្ដុំ​គ្នា​នៅ​ទី​ដដែល​នេះ​មុន​ត្រាច់ចរ​ចូល​សំបុក រំលេច​បានជា​ទិដ្ឋភាព​សហគមន៍​សត្វ​ស្លាប​មួយ ដែល​កំពុង​រស់នៅ​យ៉ាង​សុខក្សេមក្សាន្ត​គ្មាន​ជម្លោះ​ទាស់ទែង​គ្នា​នោះ​ឡើយ​។

ប្រសិនបើ​គេ​ជិះ​កាណូត​ចេញ​ទៅ​ឆ្ងាយ​ពី​ទី​កំពង់​បន្ដិច គេ​នឹង​បានឃើញ​ពពួក​ព្រៃរនាម​ហាក់​កំពុង​ប្រជ្រៀត​គ្នា​ដុះ​លើ​ដី​កោះ​ដែល​ខណ្ឌ​ចែក​ដោយ​ដៃ​បឹង ប៉ុន្តែ​វា​រី​រុក្ខជាតិ ដូច​ជា កំប្លោក ត្រកួន កំពីងពួយ ព្រលិត រំ​ចង់ ភ្លៅកង្កែប​វិញ​នោះ ហាក់​មិន​ចង់​រស់នៅ​ក្បែរ​រុក្ខជាតិ​ធំ​ៗ​ជាង​ខ្លួន​នោះ​ឡើយ ដោយ​ពួក​វា​បាន​ប្រមូល​ផៅសណ្ដាន​ទៅ​ដុះ​ពពាក់ពពូន​លើ​គ្នា​នៅ​កណ្ដាល​បឹង ឬ​ផ្នែក​ផ្សេង​ៗ​នៃ​ទឹក​បឹង​ទៅ​វិញ ដែល​នេះ​ក៏​ជា​ជម្រក​ដ៏​គាប់ប្រសើរ​មួយ​សម្រាប់​ពពួក​ត្រី ក្ដាម ខ្យល កង្កែប អណ្ដើក និង​មច្ឆា​ជាតិ​ដទៃ​ទៀត​ឱ្យ​រស់នៅ​ក្រោម​ភាព​ត្រជាក់ត្រជុំ​ក្នុង​ទឹក មិន​ភ័យ​ខ្លាច​ត្រូវ​កម្ដៅថ្ងៃ គេច​ផុត​ពី​ពពួក​មំសាសី​នានា​ផង​ដែរ​។

តើ​អ្វី​ដែល​កំពុង​បះ​ងើប​ៗ​នៅ​ក្បែរ​មាត់ទឹក​នោះ មើលទៅ​ដូច​ជា​ច្រើន​ស្អេក​ស្អះ​ណាស់? ចូល​ទៅ​ជិត​បន្តិច​ទើប​ដឹង​ថា ទាំងនោះ​គឺជា​ហ្វូង​សត្វ​រនាល ចង្កៀលខ្យង ត្រដក់​តូច ក្រសារ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​កំពុង​ដើរ​ឆ្មក់​ចាប់​ត្រី ក្ដាម ខ្យង​យក​មក​ធ្វើ​ជា​អាហារ និង​បាន​ផ្ញើ​កូន​ប្រពន្ធ​នៅ​សំបុក​ខ្លះ​ផង​។ នរណា​ក​វែង​ជាងគេ​កំពុង​អើត​ង៉ិកង៉ក់ ហើយ​នរណា​ត្រដាងស្លាប​ខ្ពស់​ជាងគេ? រួច​ចុះ​នរណា​ស្រែក​ឮ​ខ្លាំង​ជាងគេ​ម្ល៉េះ? អីយ៉ា​! នៅ​ជិត​តែ​ប្រមាណ​៥​ម៉ែត្រ​ប៉ុណ្ណឹង​ហើយ នៅ​តែ​មិន​ផ្អើល​ហើរ​រត់​ចេញ​ទៀត​! ពិតជា​សាំង​មែន​សត្វ​អស់នេះ​។

ងាក​ទៅ​កណ្ដាល​បឹង​ឯណោះ​វិញ នរណា​កំពុង​មុជ​ងើប​ៗ​ទៅ​នឹង​ទឹក​នោះ? មើលទៅ​ចំពុះ​វែង​ហើយ​ធំ​ៗ​ទៀត​។ អា​គាត់​ហ្នឹង ខ្ញុំ​ក៏​ធ្លាប់​ស្គាល់​ដែរ គឺ​ហ្វូង​សត្វ​ទុង​កំពុង​លយ​សំពៅ​ចាប់​ត្រី ព្រោះ​ធ្លាប់​អាន​រឿង «​ត្រដក់​ជាន់​កូន​ក្រួច​» ដែល​ត្រង់​ចំណុច​មួយ​គេ​សរសេ​ថា ទុង​លយ​សំពៅ ត្លុម​ទូងស្គរ​ទ្រហឹង​អឹងកង ក្អែកទឹក​លើកទ័ព​សម្រុកចូល ក្រសារ​ហូត​ដាវ​ខ្វាក​ៗ​។

នៅ​ប៉ប្រះ​ទឹក​រាក់​ៗ សត្វ​ជើងទៀន​តូច​ៗ​ច្រឡឹង​កំពុង​ហក់​ចុះឡើង​ៗ​ឆ្មក់​ចឹក​ចាប់​កូន​ត្រី​យ៉ាង​មមាញឹក​។ ទិដ្ឋភាព​បែប​នេះ ប្រសិនបើ​មិត្ត​នារី​ៗ​បានឃើញ​ហើយ​នោះ ប្រាកដជា​លាន់មាត់​ថា​គួរ​ឱ្យ​ស្រលាញ់​ជាក់​ជា​មិន​ខាន រីឯ​កុក​សម្បុរ​ស​ៗ​ធ្វើក​ង៉ិកង៉ក់​ដូច​ជា​កំពុង​សម្លឹង​មើល​ចាំ​ចាប់​ចំណី មើលទៅ​មាឌ​គឺ​ធំធាត់​ល្អ​ដល់​ហើយ​។ មិន​ត្រឹមតែ​នៅ​លើ​ទឹក​និង​ដី​ប៉ុណ្ណោះ​ទេ នៅ​លើ​អាកាស​ក៏​ឃើញ​មាន​ពពួកសត្វ​ស្លាប​ធំ​ៗ​ច្រើន​មិនដឹង​លើកគ្នា​ហោះហើរ​ទៅ​ណាខ្លះ​ទេ ក្នុង​នោះ​ហ្វូង​ក្អែកទឹក​សម្បុរ​ខ្មៅ​ៗ​ក៏​កំពុង​បង្រៀន​កូន​ៗ​ឱ្យ​ចេះ​ហើរ​ឆក់​ឆាប​ចាប់​ត្រី​ចុះឡើង​ៗ​ផង​ដែរ​។

ទិដ្ឋភាព​ល្អ​ៗ​សប្បាយ​ៗ​នៅ​សហគមន៍​បឹង​ពារាំង​នេះ មិនមែន​អស់​ត្រឹម​ការ​រាយរាប់​តែ​បន្តិចបន្តួច​ប៉ុណ្ណេះ​នោះ​ទេ គឺ​មាន​ច្រើន​អនេក​ជាង​នេះ​ទៅ​ទៀត​ដែល​ភ្ញៀវ​ទេសចរ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​គួរ​តែ​អញ្ជើញ​មក​ទស្សនា​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​ក៏​ម្ដង ឬ​ពីរ​ដង​ដែរ ដើម្បី​ឱ្យ​ស្គាល់​ថា​ជីវភាព​រស់នៅ​របស់​ព​ពួ​ល​សត្វ​ស្លាប រួម​ផ្សំ​នឹង​ទេសភាព ទិដ្ឋភាព​នៅ​ទីនោះ ដូច​គ្នា ឬ​ខុស​គ្នា​យ៉ាងណា​ខ្លះទៅ​នឹង​អ្វី​ដែល​លោក​អ្នក​ធ្លាប់​ជួប​៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ