អាជ្ញាធរ​រាជធានី​ដាក់​បម្រាម ​និង​ណែ​នាំ​​7​ចំណុច​ ទប់​ស្កាត់​​​រលក​ទី​2​ នៃ​កូវី​ដ​-19


រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ ស្ថានការណ៍​នៃការ​ចម្លង​មេរោគ​កូ​វី​ដ​-១៩ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធូរស្បើយ​មួយ​កម្រិត ដោយ​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​-១៩​ចំនួន​១២២​នាក់ បាន​ព្យាបាល​ជា​សះ​ស្បើយ និង​នៅ​សល់​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ-១៩​ចំនួន​២​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល ។

ទន្ទឹម​នឹង​ការ​ធូរស្បើយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ពិតមែន តែ​អត្រា​នៃ​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​នៅ​លើ​ពិភពលោក នៅ​មាន​កម្រិត​ខ្ពស់រហូត​ដល់​ប្រមាណ​៥​លាន​នាក់ ក្នុង​នោះ​មាន​ករណី​ស្លាប់​ជាង​៣០​ម៉ឺន​នាក់ ។

ដូច្នេះ ដើម្បីបន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​និង​ក្រសួង​សុខា​ភិ​បាល ក្នុង​ការ​បង្ការ​និង​ទប់ស្កាត់​ការ​រាតត្បាតនៃ​មេរោគ​កូ​វី​ដ​-១៩​នៅ​រលក​ទី​២ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ណែនាំ​ដល់​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​អង្គភាព​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់ បន្ត​អប់រំ​សុខ​ភាព​ប្រជា​ពលរដ្ឋ និង​ការ​ពង្រឹង​ការងារ​តាមដាន​ការ​អនុវត្ត​វិធានការ​ការពារ​រលក​ទី​២​នេះ ដោយ​ដាក់​ចេញ​នូវ​វិធានការ​ជា​ច្រើន រហូត​ដល់​បិទ​អាជីវកម្ម​ជា​​បណ្ដោះអាសន្ន​ផង​ដែរ បើ​មិន​ព្រម​ស្តាប់​តាម​ការ​ណែនាំ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា នា​ពេល​ថ្មី​ៗ​នេះ ​ស្ថាន​ការណ៍​នៃ​ការ​ចម្លង​មេរោគ​កូ​វី​ដ​-១៩ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធូរស្បើយ​មួយ​កម្រិត ដោយ​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​-១៩​ចំនួន​១២២​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ និង​នៅ​សល់​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​-១៩​ចំនួន​២​នាក់​ទៀត​ដែល​កំពុង​សម្រាក​ព្យាបាល ។

ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ថមថយ​នៃ​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​-១៩​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏​អត្រា​នៃ​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​នៅ​លើ​ពិភពលោក នៅ​មាន​កម្រិត​ខ្ពស់​ប្រមាណ​៥​លាន​នាក់ ក្នុង​នោះ​មាន​ករណី​ស្លាប់​ជាង​៣០​ម៉ឺន​នាក់ ។

ក្នុង​ន័យ​នេះ ដើម្បី​បន្ត​ចូលរួម​ជា​មួយ​រាជរដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល ក្នុង​ការ​បង្ការ​និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​មេរោគ កូ​វី​ដ​-១៩ សំដៅ​ធានា​បាន​នូវ​សុខុមាលភាព​សា​ធារ​ណៈ ក៏​ដូច​ជា​បញ្ចៀស​ហានិភ័យ​នៃ​រលក​ទី​២ នៃ​ការ​ចម្លង​មេរោគ​កូ​វី​ដ​-១៩​នៅ​លើ​ផ្ទៃ​ប្រទេស​ជា​ពិសេស​នៅ​តាម​សហគមន៍ ឲ្យ​ស្រប​តាម​អនុ​សាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្ដេច​អគ្គ​មហា​សេ​នា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ណែនាំ​ដល់​រដ្ឋ​បាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​អង្គភាព​ចំណុះ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ទាំងអស់​ដូច​ខាងក្រោម ៖

១-​ត្រូវ​បន្ត​ចាត់តាំង​កម្លាំង​ដើម្បី​ផ្សព្វផ្សាយ​អប់រំ និង​ណែនាំ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​និង​ស្នាក់​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ សង្កាត់ ជា​ពិសេស កម្មករ​កម្មការិនី​នៅ​តាម​បណ្ដា​រោងចក្រ​នានា​ក្នុង​រាជធានី​ភ្នំពេញ ឱ្យ​អនុវត្ត​នូវ​វិធានការ​បង្ការ​និង​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​កូ​វី​ដ​-១៩ និង​កែប្រែ​បែបបទ​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ឲ្យ​ស្រប​តាម​បរិបទ​នៃ​ការ​ប្រយុទ្ធ​នឹង​មេរោគ​កូ​វី​ដ​-១៩ ដោយ​ត្រូវ​លាងដៃ​ជា​ប្រចាំ ពាក់​ម៉ាស ឬ​ប្រើ​ប្រាស់​ក្រមា និង​ត្រូវ​ខ្ទប់មាត់​នៅ​ពេល​ក្អក​ឬ​កណ្ដាស់ ព្រមទាំង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សុវត្ថិភាព​សង្គម​និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ជា​ចាំបាច់ ។

២-​ត្រូវ​បន្ត​ហាមឃាត់​ការ​ជួបជុំ ការ​ប្រមូល​ផ្ដុំ​ដូច​ជា កម្មវិធី​ជប់លៀង ឬ​ការ​ជួបជុំ​បែប​សាសនា​ទាំងអស់​។​ល​។ នៅ​ក្នុង​មូលដ្ឋាន​រហូត​ដល់​ខែកញ្ញា ឆ្នាំ​២០២០ ។

៣-​ត្រូវ​ចុះ​ត្រួតពិនិត្យ​និង​តាមដាន​នៅ​តាម​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន និង​កន្លែង​លក់ដូរ​ឲ្យ​អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​កូ​វីត​-១៩ ក្នុង​នោះ​ម្ចាស់​អាជីវ​កម្ម​ទាំងអស់​ខាងលើ​ត្រូវ​រៀបចំ​អាល់កុល​លាងដៃ​នៅ​តាម​ច្រក​ចេញចូល និង​ត្រូវ​ចាត់តាំង​បុគ្គលិក​ឲ្យ​ធ្វើការ​វាស់​កម្តៅ​ភ្ញៀវ​ទាំងអស់ មុន​នឹង​អនុ​ញ្ញាត​ឲ្យ​ចូល​ក្នុង​ទីតាំង​អាជីវកម្ម​ទាំងនោះ ។ ក្នុង​ករណី​ដែល​ម្ចាស់​ទីតាំង​អាជីវកម្ម​ខាងលើ​មិន​អនុ​វត្ត​តាម​ការ​ណែនាំ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បិទ​អាជីវកម្ម​ជា​បណ្ដោះអាសន្ន ។

៤-​ត្រូវ​បន្ត​ចុះ​ត្រួតពិនិត្យ​និង​តាមដាន​ការ​អនុវត្ត​វិធានការ​នៅ​ទីតាំង​អាជីវកម្ម​មួយ​ចំនួន​ដូច​ជា ក្លិប​ហាត់ប្រាណ រោង​ភាពយន្ត KTV ក្លិប​កម្សាន្ត (​រង្គសាល ខារ៉ាអូខេ ឌី​ស្កូ​តែ​ក បៀរហ្គាឌិន​) អាជីវ​កម្ម​ម៉ាស្សា​សុខភាព​និង​ស្ប៉ា ។

៥-​ចុះ​ស្រង់​ស្ថិតិ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទើប​អញ្ជើញ​មក​ពី​ក្រៅប្រទេស និង​ណែនាំ​ឲ្យ​ពួក​គាត់​ធ្វើ​ច​ត្តា​ឡី​ស័ក និង​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ជា​ប្រចាំ​ក្នុង​រយៈពេល​១៤​ថ្ងៃ ហើយ​ក្នុង​ករណី​សង្ស័យ​ឬ​មាន​អាការ​មិន​ស្រួលខ្លួន​ដូច​ជា ក្តៅខ្លួន​ក្អក ឈឺបំពង់ក ឬ​ពិបាក​ដកដង្ហើម ត្រូវ​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បង្អែក​ដែល​នៅ​ជិត​ជា​បន្ទាន់ ឬ​ត្រូវ​ទំនាក់​ទំនង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ទៅ​លេខ​១១៥ ។

៦-​ចុះ​ពិនិត្យ​ស្ថានភាព​នៅ​ទីកន្លែង​ស្នាក់​នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ច​ក្តា​ឡី​ស័ក​តាម​ផ្ទះ​ដែល​បញ្ជូន​មក​ពី​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បង្អែក និង​ពិនិត្យ​ស្ថានភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ទ្បី​ស័ក​ទាំងអស់ ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ត្រូវ​រៀបចំ​ចាត់តាំង​ការ​បន្ត ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​តាមដាន​សុខភាព ។

៧-​ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធានការ​នៃ​ការ​បង្ការ​និង​ទប់ស្កាត់​និង​ការ​រីក​រាលដាល​មេ​រោគ​កូ​វី​ដ​-១៩​ផ្សេង​ទៀត​របស់​ក្រសួង​សុខា​ភិ​បាល និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដែល​កំពុង​នៅ​ជា​ធរមាន ។

ទទួល​បាន​សេចក្តីណែនាំ​នេះ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​អង្គភាព​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​​ទាំងអស់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ​និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ