ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​អូរ​ត្រេះ​2 ​ធ្វើ​ជា​សួន​កម្សាន្ត​សាធារណៈ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៥ ឧសភា ឯកឧត្តម​គួ​ច ចំរើន អភិបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តី​ពី​ការ​រៀបចំ​សួន​កម្សាន្ត​ឆ្នេរ​អូរ​ត្រេះ​២ ដោយ​មានការ​ចូលរួម​ពី​លោក​អភិបាលក្រុង ស្រុក…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៥ ឧសភា ឯកឧត្តម​គួ​ច ចំរើន អភិបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តី​ពី​ការ​រៀបចំ​សួន​កម្សាន្ត​ឆ្នេរ​អូរ​ត្រេះ​២ ដោយ​មានការ​ចូលរួម​ពី​លោក​អភិបាលក្រុង ស្រុក ប្រធាន​មន្ទីរ អង្គភាព ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ។ តំណាង​ក្រុមហ៊ុន​អូរ​ត្រេះ​មេ​នេ​ច​មេន ក៏​បាន​ចូលរួម​ផង​ដែរ ។

លោក​ម៉ាត់ លី អ្នកគ្រប់គ្រង​ក្រុមហ៊ុន​អូរ​ត្រេះ​មេ​នេ​ច​មេន បាន​ធ្វើ​បទ​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​អូរ​ត្រេះ​២ ប្រវែង​១.៧៤៦​ម៉ែត្រ ដើម្បី​បង្កើន​សោភ័ណ​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ ការពារ​បរិស្ថាន សណ្តាប់ធ្នាប់​អនាម័យ ។ ក្រៅពី​នេះ​ជួយ​លើកកម្ពស់​សេវាកម្ម​និង​ផលិតផល​ទេសចរណ៍​ប្រកបដោយ​ចីរភាព ។

ការ​អភិវឌ្ឍ​មាន​ដូច​ជា ការ​រៀបចំ​ក្រាល​ការ៉ូឡា​សម្រាប់​ចំណត​រថយន្ត រៀបចំ​កែ​លម្អ​សួនច្បារ និង​ដាំ​ដើមឈើ​ឡើង​វិញ ក្រាល​ការ៉ូឡា​សម្រាប់​ផ្លូវ​ថ្មើរ​ជើង ដំឡើង​បង់​អង្គុយ​លេង សាងសង់​បន្ទប់ទឹក​ថ្មី រៀបចំ​កន្លែង​លេង​កីឡា​នៅ​លើ​ឆ្នេរ​ខ្សាច់ រៀបចំ​កន្លែង​ហាត់ប្រាណ​បែប​ធម្មជាតិ រៀបចំ​សួន​កុមារ និង​មាន​រថយន្ត​ចម្អិនម្ហូប​ចល័ត ស្តង់ដា​អន្តរជាតិ ។

ឯកឧត្តម​គួ​ច ចំរើន អភិបាលខេត្ត​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​បន្ត​សិក្សា​ឆ្នេរសមុទ្រ​នៃ​ខេត្ត​ព្រះ​សីហ​នុ ចាប់ពី​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ រហូត​ដល់​ចុង​ឆ្នេរ​ជំទាវ​ម៉ៅ ប្រវែង​១៥​គីឡូម៉ែត្រ ដើម្បី​កែ​លម្អ​ទៅ​ជា​ឆ្នេរ​លំហែ​សាធារណ​: ដោយ​លោក​ថា «​កាលណា​យើង​បាត់បង់​ឆ្នេរ យើង​បាត់បង់​ភ្ញៀវ​ទេសចរ ។ ដូច្នេះ​ក្រុមហ៊ុន​ត្រូវ​រៀបចំ​ការ​សិក្សា​ឆ្នេរសមុទ្រ​តាម​គំរូ​ប្លង់​រៀបរយ ដោយ​សិក្សា​ប្លង់​មេ​ឱ្យ​បាន​ធំ​ទូលាយ រៀបចំ​ឆ្នេរ​ថ្មី ឆ្នេរ​ខ្សាច់ ពិសេស​ទៀត​រៀបចំ​ឱ្យ​មានការ​ចិញ្ចឹមសត្វ​ដើម្បី​លម្អ​តាម​តំបន់ឆ្នេរ មាន​ដូច​ជា​សត្វ​ក្ងោក សត្វ​កំប្រុក ឬ​សត្វ ផ្សេង​ៗ​ទៀត ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ព្រោះ​ការ​មក​កម្សាន្ត​នៅ​តាម​តំបន់ឆ្នេរ មាន​សត្វ​កម្សាន្ត​វា​កាន់តែ​មាន​ភាព​ទាក់ទាញ​បន្ថែម​ទៀត ។

ឆ្នេរសមុទ្រ​របស់​យើង​មិន​អនុញ្ញាត​ឱ្យ​មានការ​រៀបចំ​ដាក់​តុ ឬ​កន្ទេល​នៅ​លើ​ឆ្នេរ​ខ្សាច់ យក​លុយ​នោះ​ទេ ទុក​ឆ្នេរសមុទ្រ​របស់​យើង​ជា​ឆ្នេរ​លំហែ​សាធារណ​: សម្រាប់​យើង​ទាំងអស់​គ្នា ក៏​ប៉ុន្តែ​យើង​ត្រូវ​ចូលរួម​ថែរក្សា​បរិស្ថាន អនាម័យ សោភ័ណ​ភាព​ឆ្នេរ​ទាំងអស់​គ្នា ត្រូវ​វេច​ខ្ចប់​សំរាម​ដាក់​ចូល​ក្នុង​ធុង​ដែល​រដ្ឋបាល​ក្រុង​-​ខេត្ត​បាន​រៀបចំ​នៅ​តាម​តំបន់ឆ្នេរ​» ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ