លោក​នេ​ត សា​វឿ​ន ព្រមាន​ជា​ចុង​ក្រោយ ស្នងការ​ទាំងអស់ ត្រូវ​ដក​បា​រ៉ា​ស់​តាម​ផ្លូវ​ឲ្យ​អស់​ថ្ងៃនេះ


រាជធានី​ភ្នំពេញ ៖ នៅព្រឹក​ថ្ងៃ​ទី​២៦ ឧសភា ​២០២០​នេះ នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ធ្វើការ​ព្រមាន​ជា​ចុង​ក្រោយ​ដល់​ស្នងការ​រាជធានី​-​ខេត្ត​ទាំងអស់ មិន​ត្រូវ​ដាក់​បា​រ៉ា​ស់ ដើម្បី​ស្ទាក់​ចាប់​រថយន្ត​ទាំងអស់​បន្ត​ទៀត​នោះ​ទេ​! ខណៈដែល​រថយន្ត​កំពុង​ធ្វើ​ចរាចរណ៍​ធម្មតាដោយ​ពុំ​មាន​ខុស​នឹង​បទល្មើស​ច្បាប់​ចរាចរណ៍​នោះ ។

បើ​យោង​តាម​សារ​ជា​សំឡេង​នៅ​ក្នុង​បណ្ដាញ​សង្គម​តេ​លេ​ក្រាម លោកនាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​ស្នងការរាជធានី​-​ខេត្ត​ណា នៅ​តែ​មានការ​ដាក់​ប៉ា​រាស់​តាម​ផ្លូវ និង​ទទួលខុសត្រូវចំពោះ​មុខ​ច្បាប់ ។

ការ​ព្រមាន​របស់​អគ្គស្នងការ​នគរបាល​ជាតិ​នេះ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋនិង​អ្នក​ធ្វើដំណើរ​ខ្លះ​មានការ​ថ្នាំងថ្នាក់​នឹង​នគរបាល​ចរាចរណ៍​មួយ​ចំនួន បាន​ដាក់​បា​រ៉ា​ស់​នៅ​តាម​ផ្លូវ​ ដោយ​ចាំ​ស្ទាក់​ចាប់​រថយន្ត​ធ្វើ​ដំណើរ​តាម​ផ្លូវដោយ​យក​លេស​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ខណៈ​ដែល រថយន្ត​ទាំងនោះ ​កំពុងធ្វើការ​បើកបរ​ធម្មតា​នៅ​តាម​ដងផ្លូវ​នោះ និង​មិន​បាន​ល្មើស​លើ​បទល្មើស​ណាមួយ​នោះ ។

អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​សង្កត់ធ្ងន់​ថា ៖ ស្នងការ​នគរបាល​រាជធានី​-​ខេត្ត ឈប់​ដាក់​ប៉ា​រាស់​តាម​ផ្លូវ ពីព្រោះ​បាន​និយាយ​ច្បាស់ ជាមួយ​គ្នា​ហើយ​ថា ទាល់តែ​យានយន្ត​ល្មើស​បាន​ហៅ ហើយ​មាន​គេ​រាយការណ៍​មក​ថា ពិសេស​នៅ​ខេត្តកំពង់ចាម ត្បូងឃ្មុំ មណ្ឌលគិរី គឺ​រថយន្ត​អត់​មាន​ល្មើស ក៏​ហៅ​គេ​ដែរ ។ «​ឥឡូវនេះ ម៉ោង​ហ្នឹង ព្រឹក​ហ្នឹង ថ្ងៃ​ទី​២៦ ឧសភា​នេះ ដក​ប៉ា​រាស់​ឲ្យ​អស់​គ្រប់​ផ្លូវជាតិ​ទាំងអស់ គ្រប់​ខេត្ត ស្នងការ លោក​ឯង​ដើរ​មើល តែ​មាន​ទៀត ទទួលខុសត្រូវ​មុខ​ច្បាប់ ទី​១. លុប​ប៉ា​រាស់​ចោល ទី​២. ឡាន​អត់​ល្មើស អត់​ហៅ​គេ​ដាច់ខាត ធ្វើ​ប៉ុណ្ណឹង​បាន​ទេ ឥឡូវ​ហ្នឹង​» ។

សូម​ជម្រាប​ថា នៅ​ក្នុង​ការ​អនុវត្តន៍​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក រយៈពេល ២៥ ថ្ងៃ គឺ​គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០ សមត្ថកិច្ច​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត នៅ​ទូ​ទាំង​ប្រទេស​បាន​ប្រមាណ​ជាង ៣៦,០០០​គ្រឿង ក្នុង​នោះ​ម៉ូតូ​ជាង ២៦,០០០​គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​ជាង ១០,០០០ គ្រឿង ។ ជាមួយ​គ្នា​នោះ​ដែរ ក៏​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មានការ​មិន​ពេញចិត្ត ចំពោះ​បា​រ៉ា​ស់​របស់​នគរបាល នៃ​ខេត្ត​មួយ​ចំនួន ដែល​បាន​ដាក់ ដើម្បី​ស្ទាក់​ចាប់​ពួក​គាត់​ដែល​ពុំ​មាន​ខុស​នឹង​ច្បាប់​ចរាចរណ៍​ផង​ដែរ​នោះ ។ ទោះជា​យ៉ាងណា បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ កាន់តែ​ច្រើន​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ