ប្រជាពលរដ្ឋ​ងាក​មក​បរិភោគ​សាច់​ជ្រូក​ចិញ្ចឹម​បែប​លក្ខណៈ​គ្រួសារ​កាន់តែ​ច្រើន​ឡើង


ខេត្តតាកែវ ៖ ស្ថិត​ក្នុង​កាលៈទេសៈ​ប្រទេស​កម្ពុជា​ជួប​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ ១៩ គេ​សង្កេត​ឃើញ ការ​បរិភោគ​សាច់សត្វ​ក្នុងស្រុក​របស់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ហាក់​មានការ​ប្រែប្រួល ពេល​ដែល​ពលរដ្ឋ​មានការ​យល់​ដឹង​ពី​ផល​ប៉ះពាល់​ដល់​សុខ ។ តួយ៉ាង​សាច់​ជ្រូក​ដែល ចិញ្ចឹម​បែប​លក្ខណៈ​គ្រួសារ ឬ​ចិញ្ចឹម​នៅ​តាម​ស្រុកស្រែ​ចំការ​ហាក់​ទទួល​បានការ​គាំទ្រ ច្រើន​ពី​អ្នក​បរិភោគ​បើ​ប្រៀបធៀប​ទៅ​និង​សាច់​ជ្រូក​ចិញ្ចឹម​នៅ​តាម​កសិដ្ឋាន ឬ​ក្រុមហ៊ុន​ធំ​ៗ ។

តាម​អាជីវករ​លក់​សាច់​ជ្រូក​ម្នាក់​នៅ​ក្នុង​ផ្សារ​តាកែវ បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល ២​ថ្ងៃ​កន្លង​ទៅ​នេះ​បន្ទាប់​ពី​ទិញ​បាន​ជ្រូក ពី​ប្រជាពលរដ្ឋ​ចិញ្ចឹម​តាម​លក្ខណៈ​គ្រួសារ​ការ​លក់ ហាក់​មាន​ពលរដ្ឋ​ចូល​មក​ទិញ​ច្រើន ជាង​ការ​លក់​ជ្រូក​ក្រុមហ៊ុន ។

អ្នកស្រី ប៉ាវ ស្រី​ភា បានឱ្យ​ដឹង​ថា សាច់​ជ្រូក​ស្រែ​គេ​ចូល​ចិត្ត​ហូប​ច្រើន ។ អ្នក បរិភោគ​សព្វថ្ងៃ​គេ​ចូល​ចិត្ត​ហូប​សាច់​ជ្រូក​ស្រែ​ច្រើន​ជាង​ជ្រូក​ចិញ្ចឹម​តាម​ក្រុមហ៊ុន ជាក់​ស្តែ ង​នៅ​ថ្ងៃនេះ​លក់​អស់​ជ្រូក​ស្រែ​ចំនួន​ពីរ​ក្បាល ឬ​ប្រមាណ​ជិត ២០០​គីឡូក្រាម ។
អ្នកស្រី​លើក​ឡើង​ថា «​កន្លង​មក​នៅ​ពេល​អស់​ជ្រូក​ស្រែ​កាប់​លក់ ធ្លាប់​កាប់​ជ្រូក​ក្រុម ហ៊ុន តែ​ចំនួន​អ្នកទិញ​ក៏​ធ្លាក់​ចុះ ប៉ុន្តែ​បើ​មាន​ជ្រូក​ចិញ្ចឹម​លក្ខណៈ​គ្រួសារ​នៅ​តាម​ស្រុកស្រែ គឺ​មាន​អ្នកទិញ​បរិភោគ​ច្រើន​» ។ ទន្ទឹម​នឹង​ជំងឺ​កូ​វី​ដ ១៩ នូវ​តែ​ជា​កង្វល់​រួម​របស់​កម្ពុជា តម្លៃ សាច់​ជ្រូក ឬ​សាច់​ជ្រូក​ដែល​ចិញ្ចឹម​នៅ​តាម​គ្រួសារ​ក្រៅពី​មានការ​គាំទ្រ តម្លៃ​លក់​ក៏​បាន​ថ្លៃ គួរសម​ផង​ដែរ ។

អ្នកស្រី​បន្ត​ថា ចំពោះ​តម្លៃ​សាច់​ជ្រូក​ស្រែ​ថ្លៃ​មួយ​គីឡូក្រាម​ថ្លៃ ២០.០០០​រៀល សម្រាប់​ពលរដ្ឋ​ដែល​គេ​ស្គាល់​យើង​គេ​ថា មិន​ថ្លៃ​នោះ​ទេ ប៉ុន្តែ​សម្រាប់​អ្នក​មិនដឹង​ពី​ប្រភេទ សាច់​ជ្រូក​គេ​ត្អូញ​ថា​ថ្លៃ​ណាស់ ព្រោះ​គេ​ធ្លាប់​ទិញ​សាច់​ជ្រូក​ចិញ្ចឹម​ដោយ​ក្រុមហ៊ុន​ធូរ​ថ្លៃ​ជាង ។ ក្នុង​នាម​ជា​អ្នកទិញ​ជ្រូក​យក​មក​កាប់​សាច់​លក់​នៅ​តាម​ទីផ្សារ​ពិបាក​រក​ទិញ​ជ្រូក​ចិញ្ចឹម នៅ​តាម​ស្រុកស្រែ ឬ​លក្ខណៈ​គ្រួសារ​ណាស់ ព្រោះ​ទម្រាំ​ពលរដ្ឋ​ចិញ្ចឹម​បាន​ត្រូវ​ពឹងផ្អែក តាម​រដូវ​កាល ។

អ្នកស្រី ផែន ស្រី​ណុ​ច អាជីវ​លក់​ចាប់ហួយ បានឱ្យ​ដឹង​ថា ការ​ចិញ្ចឹម​ជ្រូក​កន្លង មក​ក៏​ដូច​ជា​សព្វ​ថ្ងៃនេះ​ពុំដែល​ធ្លាប់​គិត ឬ​បារម្ភ​ថា​ខាត​នោះ​ទេ ព្រោះ​ពឹងផ្អែក​ទៅ​លើ ការ​បិទ​ស្រា និង​មាន​ម៉ាស៊ីនកិនស្រូវ​សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​ចិញ្ចឹម ហើយ​នៅ​ពេល​ចិញ្ចឹម បាន​ម្តង​មិន​ខ្វះ​អ្នក​មក​រក​ទិញ​នោះ​ទេ ព្រោះ​គេ​គិត​ថា យើង​ចិញ្ចឹម​ជ្រូក​ស្រែ ពេល​យក សាច់​ទៅ​បរិភោគ​គិត​ថា​ល្អ​ជាង​សាច់​ជ្រូក​ចិញ្ចឹម​ដោយ​ក្រុមហ៊ុន ព្រោះ​យើង​ចិញ្ចឹម​មាន ឱ្យ​ស៊ី​បាយ លាយ​កន្ទក់ តែ​ជ្រូក​ក្រុមហ៊ុន​គេ​ឱ្យ​ស៊ី​ចំណី​សុទ្ធ ។

អ្នកស្រី​ឱ្យ​ដឹង​ទៀត​ថា ការ​ចិញ្ចឹម​ជ្រូក​កន្លង​មក​មានការ​ខាត​ខ្លះ និង​ជួប​ឧបសគ្គ ហើយ​នៅ​ក្នុង​រដូវ​កាល​នៃ​ជំងឺ​កូ​វី​ដ ១៩ នេះ អ្នកស្រី​លក់​ជ្រូក​បាន​ចំនួន ៥​ក្បាល​បើ​គិត ជា​ទឹកប្រាក់​បាន​ប្រមាណ ៥​លាន​រៀល ហើយ​ក្នុង​មួយ​គីឡូ​នៃ​ជ្រូក​រស់​ថ្លៃ ១២.០០០​រៀល ។
អ្នកស្រី បញ្ជាក់​ថា «​ការ​ចិញ្ចឹម​ជ្រូក​លក្ខណៈ​គ្រួសារ​បើ​ការ​ចិញ្ចឹម​មាន​លក្ខណៈ​អំ ណោ​យ​ផល ចំណូល​ដែល​បាន​មក​ពី​ការ​ចិញ្ចឹម​ជ្រូក​នេះ គឺ​អាច​ជួយ​ឱ្យ​ជីវភាព​គ្រួសារ​ធូរ ស្រាល​កើន​បាន​មួយ​កម្រិត​ថែម​ទៀត​» ។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា​បានឱ្យ​ដឹង​ថ្មី​ៗ​នេះ​ថា តម្លៃ​សាច់ ជ្រូក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ គឺ​មួយ​គីឡូក្រាម​ថ្លៃ ១១.០០០ ទៅ ១២.០០០​រៀល បើ​ទោះបី​មានការ​កាត់​បន្ថយ​នៃ​ការ​នាំ​ចូល​សត្វ​ជ្រូក​រស់​ពី ប្រទេស​ជិតខាង​កម្ពុជា​ក៏​ដោយ ។លោក​បន្ត​ថា ការ​ចិញ្ចឹមសត្វ​នៅ​ក្នុងស្រុក​សព្វថ្ងៃ​មានការ​កើនឡើង ទន្ទឹម​ថ្នាក់​ដឹក នាំ​ក្រសួងកសិកម្ម​មាន​ចំណាត់ការ​លើ​ការ​ចិញ្ចឹមសត្វ រហូត​ដល់​រាជរដ្ឋាភិបាល​ទម្លាក់​ថវិកា ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​ការ​ចិញ្ចឹមសត្វ ។

លោក តាន់ ផា​ន់​ណា​រ៉ា តំណាង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​លើក ឡើង​ថា «​អគ្គនាយកដ្ឋាន និង​សមាគម​បាន​ធ្វើ​ជាមួយ​គ្នា​បាន​យ៉ាង​ជិត​ស្និទ្ធ​ពិសេស​បងប្អូន អ្នក​ចិញ្ចឹម​ជ្រូក ។ អ្វី​ដែល​យើង​បាន​ធ្វើការ​ជាមួយ​គ្នា អំពី​ផែនការ គឺ​ត្រូវ​ប្រើ​ពេល​ពី ២ ទៅ ៣​ឆ្នាំ​ទៀត គឺ​យើង​អាច​ផ្គត់ផ្គង់​សាច់​ក្នុងស្រុក​បាន ។ ខ្ញុំ​និយាយ​នេះ​ស្ថិត​ក្នុង​កាលៈទេសៈ បើ​មិន​មានការ​ផ្ទុះ​ឡើង​វិញ​នៅ​ជំងឺ​ផ្សេង​ៗ ពិសេស​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​» ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ