ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​៥១​នាក់​តេស្ត​គ្មាន​ជំងឺ​កូ​វី​ដ​១៩ ​នឹង​ត្រូវ​មានទោស​ព្រហ្មទណ្ឌ​ បើ​មិន​គោរ​ព​ការ​ណែនាំក្រសួងសុខាភិបាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​អះអាង​ថា ​ជនជាតិ​ចិន​ចំនួន​៥១​នាក់ ​ដែល​ត្រូវ​បាន​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​១៩ រួច​ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​សណ្ឋាគារ​នោះ ​ហើយ​ក្រោយ​លទ្ធផល​តេស្ត​ពុំ​មាន​រក​ឃើញ​ថា ​មាន​ផ្ទុក​វីរុស​ឆ្លង​កូ​វី​ដ ១៩ នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​អះអាង​ថា ​ជនជាតិ​ចិន​ចំនួន​៥១​នាក់ ​ដែល​ត្រូវ​បាន​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​១៩ រួច​ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​សណ្ឋាគារ​នោះ ​ហើយ​ក្រោយ​លទ្ធផល​តេស្ត​ពុំ​មាន​រក​ឃើញ​ថា ​មាន​ផ្ទុក​វីរុស​ឆ្លង​កូ​វី​ដ ១៩ នោះ​ទេ ។

តែ​យ៉ាងណាមិញ ជនជាតិ​ចិន​ទាំង៥១នាក់​នោះ ​ត្រូវធ្វើ​ច​ក្តា​ឡី​ស័ក​ចំនួន​១៤ថ្ងៃ ដោយ​ខ្លួនឯងនៅ​កន្លែង​ស្នាក់ បើ​មិន​ដូច្នេះ​ទេ​នឹង​ទទួលទោស​ព្រហ្មទណ្ឌ​កម្ពុជា ។

ជនជាតិ​ចិន​ទាំង ៥១​នាក់ មាន​ប្រុស​៤០នាក់ និងស្រី​១១​នាក់ បាន​ចូល​មក​ដល់​កម្ពុជា​ថ្មី​ៗ​នេះ និង​ត្រូវ​បា​នប​ញ្ជួ​ន​ទៅ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​មួយ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​មួយ​យប់ និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​សណ្ឋាគារ​នោះ ​នា​យប់​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​២០​និង​៤០​នាទី ក្រោយ​លទ្ធផល​អវិជ្ជមាន​កូ​វី​ដ​១៩ ។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខា​ភិ​បាល បាន​ឲ្យ​កោះសន្តិភាព​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ ថ្ងៃទី​២៥ ខែឧសភា ​ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​បាន​បញ្ជាក់​ថា ​កាលពី​ម្សិលមិញ​ជនជាតិ​ចិន ៥១​នាក់ អត់​មាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ​ ។ គាត់​អាច​ធ្វើ​ច​ក្តា​ឡី​ស័ក​ដោយ​ស្ម័គ្រចិត្ត​នៅ​កន្លែង​គាត់​ស្នាក់​នៅ​ដាច់​ពី​គេ »​។

លោក​វេជ្ជបណ្ឌិត​ក៏​បាន​លើក​ឡើង​ថា ​អ្នក​ទាំង​៥១​នាក់ ​ត្រូវ​បាន​ក្រសួងសុខាភិបាល​តាមដាន​រហូតដោយ​មាន​អាជ្ញាធរ​ដែន សមត្ថកិច្ច ហើយ​គាត់​ត្រូវ​គោរព​វិធាន​របស់​ក្រសួង​សុខា​ភិ​បាល ដោយ​មិន​អាច​ដើរទៅ​ណា​បាន​ទេ ក្នុង​រយៈពេល​ធ្វើ​ច​ក្តា​ឡី​ស័ក​នេះ​ ។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​បញ្ជាក់​បន្ថែម​ថា «​បើសិន​គាត់​មិន​គោរព ហើយ​ដើរទៅ​ណា ហើយ​យើង​ដឹង​នោះ​គាត់​អាច​ត្រូវ​រង​ការ​ផាកពិន័យ ឬ​មានទោស​ព្រហ្មទណ្ឌ​កម្ពុជា នេះ​បើ​គាត់​មិន​គោរព​»​។ ជាមួយ​គ្នា​នោះ​ដែរ​ លោក​វេជ្ជបណ្ឌិត​ក៏​បាន​អះអាង​ថា ​ក្រសួងសុខាភិបាល​ក៏​មាន​វិធានការ​ថ្មី​ជា​បន្តបន្ទាប់​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​ ជា​លើក​ទី​២ ​នៅ​កម្ពុជា​ផង​ដែរ​ ។

សម្រាប់​ការ ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ ចំនួន​២​នាក់​ថ្មី​នេះ ​មិន​អាច​និយាយ​បាន​ថា ​ជា​ការ​ឆ្លង​ជា​រលក​ទី​២​បាន​ទេ ព្រោះថា ​ការ​ឆ្លង​តិចតួច ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ