ហ្វឹក​​ហ្វឺន​​​បាញ់​​គ្រាប់ពិត​ពីពលទាហាន​ថ្មី ក្រប​​ខណ្ឌ​កង​ទ័ពជើង​គោក​​ ២០២០


ខេត្តសៀមរាប ៖ ពល​ទាហាន​ថ្មី​ក្រប​ខណ្ឌ​កងទ័ពជើងគោក​ឆ្នាំ​២០២០​ ចំនួន​៣៩៥​នាក់ ក្នុង​នោះ​មាន​ពល​ទាហាន​ជា​ស្ដ្រី​ចំនួន​១១​នាក់ បាន​ចូលរួម​ក្នុង​ការ​ហ្វឹកហ្វឺន​សម្រាប់​ជា​មេរៀន​ទី​១ គឺ​ការ​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត ក្នុង​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​២២​និង​២៣ ខែឧសភា ឆ្នាំ​២០២០ នៅទីបញ្ជាការ​ហ្វឹកហ្វឺន​យោធភូមិ​ភាគ​ទី​៤ អូរ​កូនតឹង ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ។

ការ​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​នេះ មាន​ចំនួន​២គោលដៅ​គ ឺ​គោលដៅ​ទី​១-​ចម្ងាយ​១០០​ម៉ែត្រ និង​គោលដៅ​ទី​២-​ចម្ងាយ​១៥០​ម៉ែត្រ ដោយ​ប្រើប្រាស់​កាំភ្លើងស្វ័យប្រវត្តិ​ប្រភេទ​អាកា​៤៧ ។ ផ្អែកតាម​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​ត្រួតពិនិត្យ​លើ​ពល​ទាហាន​ចំនួន​១០០​នាក់ គឺ​ពូកែ​ចំនួន​៨​នាក់ គ្រាន់បើ​ចំនួន​៣២​នាក់ មធ្យម​ចំនួន​៥៥​នាក់ និង​ធ្លាក់​ចំនួន​៥​នាក់ ។ការ​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការ​រង​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៤ ។

ឧត្ដមសេនីយ៍ឯក ពៅ ហេង មាន​ប្រសាសន៍​ថា ការ​ហ្វឹកហាត់​នេះ​គឺ​ដើម្បី​ឲ្យ​សិក្ខាកាម​ជា​ពល​ទាហាន​បាន​យល់​ពី​តួនាទី​និង​យុទ្ធវិធី​បាញ់​គ្រាប់​ពិត មុន​ពេល​ពួក​គាត់​ចាក​ចេញពី​សាលា​ហ្វឹកហ្វឺនទៅ​កាន់​តាម​អង្គភាព​ផ្សេង​ៗ ។ ដូច្នេះ ដើម្បី​ក្លាយ​ខ្លួន​ទៅ​ជា​កងទ័ព​ដ៏​អង់អាច​ក្លាហាន គឺ​ដាច់ខាត​ត្រូវ​តែ​មាន ការ​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំងក្លា ស្របទៅ​តាម​យុទ្ធសាស្ត្រ និង​យុទ្ធវិធី​ក្នុង​សមរភូមិ ព្រោះថា​ការ​ហ្វឹកហាត់​នេះ ដើម្បី​ពង្រឹង​ស្មារតី​កងទ័ព​ម្នាក់​ៗ​ឲ្យ​មាន​ភាព​នឹងនរ ក្លាហាន មិន​តក់ស្លុត មិន​ភ័យ និង​មិន​ខ្លាច​សមរភូមិ​ក្នុង​ករណី​មាន​ស្នូរ​កាំភ្លើង​ជាក់ស្តែង ។ ជា​ពិសេស ធ្វើ​ឲ្យ​ពួក​គាត់​មាន​ស្មារតី​រឹង​មាំ​ក្នុង​ការ​រក​យុទ្ធវិធី​សម្រាប់​ការ​វាយបក​ទៅ​លើស​ត្រូវ ។

ក្នុង​ឱកាស​នោះ​ដែរ ឧត្ដមសេនីយ៍ឯក ពៅ ហេង បាន​សំណូមពរ​ដល់​ពល​ទាហាន​ទាំងអស់ សូម​យក​ចិត្តទុក​ដាក់​ក្នុង​ការ​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ឲ្យ​ក្លាយ​ខ្លួន​ជា​អ្នកមាន​ថ្វីដៃ​ខ្លាំងពូកែ និង​ប្រសិទ្ធ​ភាព ក្នុង​ការ​ចូលរួម​ការពារ​ទឹកដី ជា​ពិសេស​ត្រូវ​មាន​ភាព​ស្មោះត្រង់​ចំពោះ​ជាតិ​មាតុភូមិ​របស់​យើង​ទាំង​អស់​​គ្នា ។

សូម​បញ្ជាក់​ថា ការ​ហ្វឹកហ្វឺន​នេះ​មាន​រយៈពេល​៣​ខែ​លើ​មេរៀន​ជា​ច្រើន​ដូច​ជា ការ​ហ្វឹកហ្វឺន​ដោយ​ការ​បាញ់​គ្រាប់​ពិត អំពី​តួនាទី​ភារកិច្ច យុទ្ធវិធី និង​យុទ្ធសាស្ដ្រ​នៃ​កង​យោធពលខេមរភូមិន្ទ នៅ​សាលា​ពល​ទាហាន​មិត្ដភាព​កម្ពុជា​-​វៀតណាម ស្ថិត​ក្នុងស្រុក​បន្ទាយស្រី ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ