ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​​រឹតត្បិត​​មិន​ឱ្យ​ប្រេ​ស៊ី​ល​ចូល​ប្រទេស​ខ្លួន​មួយ​រយៈ

3 ឆ្នាំ មុន

អា​មេ​រិ​ក​ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់​ត្រាំ (Donald Trump)…

អា​មេ​រិ​ក​ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់​ត្រាំ (Donald Trump) ​កាលពី​​ថ្ងៃអាទិត្យ​ម្សិលមិញ បាន​ចេញ​សេចក្តី​ប្រកាស​ផ្អាក​ការ​ចូល​សហរដ្ឋអាមេរិក​ចំពោះ​បុគ្គល​ណា​ដែល​បាន​ស្នាក់​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ក្នុង​រយៈពេល​១៤​ថ្ងៃ​ភ្លាម​ៗ​មុន​ពេល​ពួក​គេ​មក​ដល់​។

លោក​បាន​ថ្លែង​ថា​៖ «ខ្ញុំ​បាន​ប្តេជ្ញា​ចិត្ត​ថា វា​គឺជា​ផលប្រយោជន៍​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ចាត់វិធានការ​ដើម្បី​រឹតត្បិត​និង​ផ្អាក​ការ​ចូល​សហរដ្ឋអាមេរិក​ក្នុង​នាម​ជា​ជនអន្តោប្រវេសន៍​ឬ​មិនមែន​អន្តោប្រវេសន៍​នៃ​ជនបរទេស​ទាំងអស់ ដែល​បាន​ស្នាក់​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ក្នុង​កំឡុង​ពេល​១៤​ថ្ងៃមុន ពេល​ចង់​ចូល​មក​សហ​រដ្ឋអាមេរិក​»។​

គោលការណ៍​នេះ​មាន​គោលបំណង​ការពារ​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​១៩​។ គិត​ត្រឹម​ល្ងាច​ថ្ងៃអាទិត្យ ប្រទេស​ប្រេ​ស៊ី​ល​មាន​ករណី​ឆ្លង​វីរុស​នេះ​ច្រើន​ជាង ៣៤៧,០០០​ករណី ដែល​បាន​ធ្វើ​ឱ្យ​វា​វ៉ា​ដាច់​ប្រទេស​រុ​ស្ស៊ី ដោយ​ឈរ​លើ​ចំណាត់ថ្នាក់​ទី​២ បន្ទាប់​ពី​សហរដ្ឋអាមេរិក លើ​តារាង​កូ​វី​ដ​។

លេខាធិការ​សារព័ត៌​មាននៅ​សេត​វិមាន White House លោក Kayleigh McEnany បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​៖ «សកម្មភាព​ថ្ងៃនេះ​នឹង​ជួយ​ធានា​ថា​ជនជាតិ​បរទេស​ដែល​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល មិន​បាន​ក្លាយជា​ប្រភព​នៃ​ការ​ឆ្លង​បន្ថែម​នៅ​ក្នុង​ប្រទេស​របស់​យើង​ទេ​។ ការ​រឹតត្បិត​ថ្មី​ទាំងនេះ មិន​អនុវត្ត​ចំពោះ​លំហូរ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រេ​ស៊ី​ល​ទេ​»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា នា​ពេល​នេះ​ករណី​ឆ្លង​កូ​វី​ដ​សរុប​នៅ​ប្រទេស​ប្រេ​ស៊ី​ល​មាន ៣៦៣,៦១៨​ករណី ករណី​ស្លាប់​សរុប ២២,៧១៦​ករណី និង ករណី​ជា​សះស្បើយ​សរុប ១៤៩,៩១១​ករណី​៕ (យោង​តាម​ប្រភពពី edition.cnn.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ