ក្រសួងការពារជាតិប្រតិកម្មការរិះគន់ចំពោះការផ្តល់គ្រឿងឥស្សរិយយសមន្ត្រីវេជ្ជសាស្ត្រចិន


រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​សម្ដែង​ការ​ខកចិត្ត ចំពោះ​ក្រុម​ឧ​ន្ទា​ម​ក្រៅច្បាប់​មួយ​ចំនួន​ដែល​រិះគន់​ការ​បំពាក់​គ្រឿង​ឥស្សរិយយស​ដល់​ក្រុម​វេជ្ជសាស្ត្រ​ចិន ។

នាយ​ឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៥ ឧសភា យ៉ាង​ដូច្នេះ​ថា ក្រសួងការពារជាតិ មានការ​សោកស្តាយ និង​ខកចិត្ត​ជា​ខ្លាំង ចំពោះ​ការ​រិះគន់ ដោយ​គ្មាន​សតិសម្បជញ្ញៈ​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​មួយ​ចំនួន​ដែល​បាន​វាយប្រហារ​មក​លើ​កិច្ចការ​មនុស្សធម៌​របស់​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​ការ​បំពាក់​មេដាយ ជា​គ្រឿង​ឥស្សរិយយស​ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ក្នុង​នាម​រាជរដ្ឋាភិបាល​នៃ​រដ្ឋ​អធិបតេយ្យ​ឯករាជ្យ​ជូន​ដល់​មន្ត្រី​យោធា​ជំនាញ​វេជ្ជសាស្ត្រ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​មក​ជួយ​កម្ពុជា ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ។

លោក​បញ្ជាក់​ថា ការ​រិះគន់​នេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ជាក់ស្តែង​នៃ​ស្ថានភាព​ដែល​កម្ពុជា​ក៏​ដូច​ជា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​បាន និង​កំពុង​ប្រឈម​មុខ​នឹង​ការ​រីក​រាលដាល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ រាប់​លាន​នាក់ និង​មាន​មនុស្ស​ស្លាប់​រាប់​សែន​នាក់ ។

ដូចនេះ ការ​ទទួល​ជំនួយ​ជា​សម្ភារៈ​ពេទ្យ ដើម្បី​ទប់ស្កាត់​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ គឺជា​កិច្ចការ​មនុស្សធម៌​សុទ្ធសាធ និង​ក៏​បង្ហាញ​នូវ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​គ្រា​លំបាក​ផង​ដែរ ។ លោក​បញ្ជាក់​ថា​៖«​ការ​បំពាក់​មេដាយ​កិត្តិយស​ដល់​សប្បុរសជន​មិន​ថា ជូន​ដល់​ជនរួមជាតិ​កម្ពុជា ឬ​ជូន​ទៅ​ជនបរទេស គឺជា​កាយវិការ​មនុស្សធម៌​បង្ហាញ​នូវ​សាមគ្គីភាព ការ​លើកទឹកចិត្ត​ប្រកបដោយ​គុណធម៌​ឆ្លើយ​តប​ទៅ​នឹង​ការ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ដែល​ជា​បញ្ហា​ប្រឈម​របស់​សកលលោក​» ។

លោក​ថា ផ្ទុយ​ទៅ​វិញ​ការ​រិះគន់​វាយប្រហារ​ក្នុង​ចេតនា​ប​ន្ទុ​ច​បង្អាក់ សកម្មភាព​មនុស្សធម៌ គឺជា​សារជាតិ​របស់​ក្រុមប្រឆាំង​ដែល​មិន​ត្រឹមតែ​មិន​បាន​ផ្តល់​នូវ​ប្រយោជន៍​សម្រាប់​បម្រើប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ហាញ​នូវ​ឥរិយាបថ​បំផ្លាញ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​កិច្ចសហការ​ល្អ និង​ការ​ទំនាក់​ទំនងជា​អន្តរជាតិ និង​ក៏​ជា​ចេតនា​ទុច្ចរិត​មិន​ឱ្យ​តម្លៃ​អាយុជីវិត​របស់​ពលរដ្ឋ​កម្ពុជា ខណៈ​ដែល​សិទ្ធិ​រស់រាន​មានជីវិត​ត្រូវ​បានការ​ពារ​ដោយ​រដ្ឋធម្មនុញ្ញ ហើយ​ដែល​ប្រជាជន​កម្ពុជា​គួរតែ​មាន​មោទនភាព ខណៈ​ដែល​មាន​ប្រទេស​ជា​មិត្ត​ជួយ​ឧ​ប​ត្ថ​ម​គាំទ្រ ។

សូម​រឭក​ថា សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ប្រទេស​កម្ពុជា និង​លោក វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ទី​២២ ឧសភា ២០២០ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បំពាក់​មេដាយ​និង​ថ្លែងអំណរគុណ​ដល់​ក្រុម​វេជ្ជសាស្ត្រ​យោធា​ចិន​ដែល​បាន​បញ្ចប់​បេសកកម្ម​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា​ដោយ​កម្មវិធី​នេះ​បាន​ប្រព្រឹត្តិ​ទៅ​នា​ទីស្តីការគណៈរដ្ឋមន្ត្រី រាជធានី​ភ្នំពេញ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ