ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយ​កន្លែង​​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ឃាត់ខ្លួនជិត​៣០​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​សង្វៀន​បញ្ជល់​មាន់​ដ៏​ធំ​មួយ​កន្លែង​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ម៉េ​ង វិមាន​តារា អធិការ​នគរបាល​ខណ្ឌ បាន​បើកប្រតិបត្តិ​​ការ​ចុះ​បង្ក្រាប កាលពី​វេលា​ម៉ោង​១និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ ទីតាំង​សង្វៀន​បញ្ជល់​មាន់​ដ៏​ធំ​មួយ​កន្លែង​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ម៉េ​ង វិមាន​តារា អធិការ​នគរបាល​ខណ្ឌ បាន​បើកប្រតិបត្តិ​​ការ​ចុះ​បង្ក្រាប កាលពី​វេលា​ម៉ោង​១និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​សេះស ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ​។

ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ខាងលើ​​នេះ​​ក៏​​មានការ​សហការ​ចូលរួម​ពី​កម្លាំង​អាជ្ញាធរ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ផង​ដែរ ។

​ក្នុងប្រតិបត្តិការ​ចុះបង្ក្រាបករណី​ខាងលើ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​ជាង​៥០​នាក់ និង​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន មាន់​ចំនួន​៥​ក្បាល​ (​ងាប់​ចំនួន​២​ក្បាល​), ​ជញ្ជីង​សម្រាប់​ថ្លឹង​មាន់​ចំនួន​១​គ្រឿង​,​ កម្រាល​សម្រាប់​លេង​អាប៉ោង​ចំនួន​១​ផ្ទាំង​, ​ចាន​សម្រាប់​បាញ់​មេអាប៉ោង​ចំនួន​១, កា​ធុន​ជ័រ​ទ្រចាន​អាប៉ោង​ចំនួន​១,​ ស្កុ​តរុំ​ជើងមាន់​ចំនួន​៨​ដុំ​,​ កន្ត្រក​ដាក់​មាន់​ចំនួន​៥, ​ផ្តិល​ជ័រ​គ្របចាន​អាប៉ោង​ចំនួន​១,​ ក្តារ​ជ័រ​សម្រាប់​បង្អួត​មាន់​ចំនួន​១,​ ស៊ុម​ដែក​សម្រាប់​ក្រុងមាន់​ចំនួន​១,​ កៅអី​ជ័រ​មួយ​ចំនួន​,​ ប័ណ្ណ​សារ​ព័​ត៍​មាន​ចំនួន​១៣​សន្លឹក​,​ ទូរស័ព្ទ​ដៃ​ចំនួន ២០​គ្រឿង និង​ម៉ូតូ​ចំនួន​៣​គ្រឿង​​រួមមាន ១-ម៉ូតូ​​ម៉ាក​ហុងដា​ ធុន​សេ​១២៥ ព​ណ៌ខ្មៅ ស៊េរី​​​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ ១GI-៣៧៥៨, ២-ម៉ូតូ​ម៉ាក​ហុងដា​ស្គូ​ប​ពី ព​ណ៌ស ស៊េរី​​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ ភ្នំពេញ ១IF-៥៦៣២ និង​៣-ម៉ូតូ​​ម៉ាក​ហុងដា​ ធុន​សេ​១២៤ ព​ណ៌ខ្មៅ ស៊េរី​​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ កណ្តាល ១G-៦៨២៨ ។

អធិការ​នគរបាល​ខណ្ឌមានជ័យ លោក​វរសេនីយ៍ទោ ម៉េ​ង វិមាន​តារា ​​បាន​អោយ​ដឹង​ថា ដោយ​ទទួល​បាន​ព័ត៌មាន​រាយការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ​ថា​ មានការ​បើក​លេងល្បែង​ស៊ីសង​ ដូចជា​​បញ្ជល់​​មាន់​ជល់, បៀ និង​អាប៉ោង​នៅ​ចំណុច​ខាងលើ​រួច​មក កម្លាំង​នគរបាល​បាន​បើក​ការ​ស្រាវជ្រាវ និង​ឈាន​ទៅ​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​តែ​ម្តង​ទៅ ។

លោក​អធិការ​បន្ត​ថា ក្រោយ​ការ​សាក​សួរនាំ​យ៉ាង​ល្អិតល្អ​រួច​មក មនុស្ស​មួយ​ចំនួនត្រូវ​បាន​អនុញ្ញាត​អោយ​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ដោយ​ធ្វើការ​អប់រំ ដោយឡែក​មនុស្ស​ចំនួន​២៧​នាក់​ប៉ុ​ណ្ណោះ​ដែល​ត្រូវ​​បាន​​ធ្វើការ​ឃាត់ខ្លួន​​បណ្តោះ​​អាសន្ន និង​ត្រៀម​កសាង​សំណំ​ុ​រឿង​ប​ញ្ចូ​ន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ