ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កសិករយំលែងចេញ! ល្ហុង​​ធ្លាក់ថ្លៃ​​១០០​រៀល​ក្នុង១​គីឡូ ហើយគ្មានអ្នកទិញទៀត​

3 ឆ្នាំ មុន
  • កណ្តាល

​ខេត្តកណ្តាល ​៖ ​​ផ្ទុះ​​ជំងឺ​កូ​វី​ដ​១៩​ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ​ប្រជា​ពលរដ្ឋ​​មួយ​ចំនួន​​ជួប​ការ​លំបាក​ ពិសេស​នោះ​ការ​ប្រកប​រប​រ​ដាំ​ណាំ​លក់​មិន​បាន​តម្លៃ​ខ្ពស់​ ជាក់ស្តែង​ផ្លែល្លុង​ធ្លាក់​ថ្លៃ​រហូត​ដល់​១០០​រៀល​ក្នុង​មួយ​គីឡូក្រាម ​ហើយ​ក៏​គ្មានអ្នក​​ទិញ​ទៀត​ ។ នេះ​ការ​លើក​ឡើង​របស់​កសិករ​ដែល​ប្រកប​រប​រ​ដាំ​ល្ហុង​លក់​។ កសិករ​ដាំ​ល្ហុង​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀប​រាប់​ឱ្យ​​ដឹង​ថា…

​ខេត្តកណ្តាល ​៖ ​​ផ្ទុះ​​ជំងឺ​កូ​វី​ដ​១៩​ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ​ប្រជា​ពលរដ្ឋ​​មួយ​ចំនួន​​ជួប​ការ​លំបាក​ ពិសេស​នោះ​ការ​ប្រកប​រប​រ​ដាំ​ណាំ​លក់​មិន​បាន​តម្លៃ​ខ្ពស់​ ជាក់ស្តែង​ផ្លែល្លុង​ធ្លាក់​ថ្លៃ​រហូត​ដល់​១០០​រៀល​ក្នុង​មួយ​គីឡូក្រាម ​ហើយ​ក៏​គ្មានអ្នក​​ទិញ​ទៀត​ ។ នេះ​ការ​លើក​ឡើង​របស់​កសិករ​ដែល​ប្រកប​រប​រ​ដាំ​ល្ហុង​លក់​។

កសិករ​ដាំ​ល្ហុង​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀប​រាប់​ឱ្យ​​ដឹង​ថា ល្ហុង​របស់​គាត់​បាន​ដាំ​ច្រើន​ខែ​ទើប​ទទួល​បាន​ផល​លក់ ប៉ុន្តែ​ដោយសារ​តែ​​ផ្ទុះ​ជំ​ងឺ​កូ​វី​ដ​១៩ ​ធ្វើ​ឲ្យ​តម្លៃ​ល្ហុង​ធ្លាក់​រហូត​ដល់​១០០​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​ពេល​ខ្លះ​ក៏​គ្មាន​ឈ្នួ​ញ​មក​ទិញ ដែល​ធ្វើ​ឱ្យ​​គាត់​ស​ម្រេច​ទុក​ផ្លែ​ពេញ​ដើម​។

​កសិករ​ខាងលើ​បាន​បញ្ជាក់​ថា​ ៖ «​កាលពី​​មុន គាត់​លក់​ល្ហុង​បាន​មួយ​គី​ឡូក្រាម​ តម្លៃ​៤០០​ទៅ​៥០០​រៀល​ឬ​លើ​ស​ពី​នេះ​ក៏​មាន ប៉ុន្តែឥ​​ឡូវ​នេះ​គ្មាន​ឈ្នួល​មក​រក​ទិញ​ទេ តែបើ​គេ​ទិញ គឺ​ទិញ​តិច ហើយ​មួយ​គី​ឡូ​ក្រាម លក់តម្លៃ​១០០​រៀល​ប៉ុណ្ណោះ​»​។

កសិករ​​ខាងលើ​​បាន​ឲ្យ​ដឹង​ថា​ កាលពី​​មុន ​ល្ហុង​របស់​គាត់​បេះ​ម្តង​បាន​រាប់​តោន គឺ​ពី​៤​ទៅ​៦​តោន ហើយ​ក៏​បាន​ថ្លៃ​​ល្មម តែ​ឥឡូវ​​នេះ​ល្ហុង​មាន​ផ្លែ​ច្រើន តែ​គ្មាន​អ្នកទិញ​នោះ​ទេ ។

​កសិករ​ដដែល​បាន​លើក​ឡើង​ថា​ ការ​ដាំ​ដំណាំ​ល្ហុង​នេះ ​គាត់​សង្ឃឹមថា ​បាន​​ថ្លៃ​ ព្រោះ​ឃើញ​ប្រជាពលរដ្ឋ​មិនសូវ​ដាំ​នោះទេ តែ​ផ្ទុយ​ទៅ​វិញ​ បែរជា​ប៉ះ​ចំ​ពេល​ជំងឺ​កូ​វី​ដ​១៩​ផ្ទុះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ល្ហុងរបស់​​គាត់​អត់​មាន​អ្នកទិញ​។

​កសិករ​ដដែល​ក៏​បាន​ឲ្យ​ដឹង​បន្ត​ថា​ ល្ហុង​ដែល​គាត់​ដាំ​នេះ​គឺ​ទិញ​កូន​ពី​គេ ដោយ​កូន​ល្ហុងមួយ​ដើម​ ទិញក្នុងតម្លៃ​៥០០​រៀល ហើយ​គាត់​ទិញ​មក​រាប់​ពាន់​ដើម ដោយ​ចំណាយ​ថវិការ​ច្រើន​គួរសម​ក្នុង​ការ​ទិញ​ពូជ​កូន​ល្ហុង​មក​ដាំ​។ ល្ហុង​ត្រូវ​ថែ​ទាំង​យ៉ាង​ល្អ​ ទើប​វា​ឆាប់​បាន​ផ្លែ ដោយ​ស្រោច​ទឹក​ស្ទើរ​រាល់ថ្ងៃ ដាក់​ជី​ស​ជាមួយ​ជី​ខ្មៅ រួច​ហើយ​ធ្វើ​ស្មៅ​ឲ្យ​ស្អាត ។

​ជាមួយ​គ្នា​នោះ​ដែរ​ កសិករ​ដដែល​ក៏​ស្នើ​ឲ្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ជួយ​រក​ទីផ្សា​រកសិផល​ឲ្យ​ប្រជា​កសិករ​ផង ព្រោះថា​ មិន​ថា​​ដំណាំ​ល្ហុង​នោះ​ទេ សូ​ម្បី​តែ​ដំណាំ​បន្លែង​មួយ​ចំនួន​នៅ​ពេល​ប្រជា​កសិករ​ដាំ​បាន តែ​​មិនបានថ្លៃ​ ពោល​គឺ​តម្លៃ​ថោក ​។ ចំ​ណុ​ចនេះ បាន​ធ្វើ​ឲ្យ​ប្រជា​កសិករ​ខ្លាចរអា​ក្នុង​ការ​ដាំ​ដំ​ណាំ​ទៀត ព្រោះ​ថា បើ​ដាំ​មិន​បាន ​ប្រឈម​នឹង​ជំពាក់​បំណុល​ធនាគារ ដោយ​សារ​​ខ្ចី​លុយ​មក​ធ្វើ​ដើម​ទុន​ក្នុង​ការ​ដាំ​ដុះ​។

​កសិករ​ដដែល​ក៏​បាន​ឲ្យ​ដឹងបន្តទៀត​​ថា បើ​លក់​ឲ្យ​អ្នក​យក​ទៅ​ធ្វើ​ជ្រក់ ឬ​ម៉ាំ​ល្ហុង បាន​តម្លៃ​ក្នុង​មួ​យ​គីឡូ​៥០០​រៀល ​ឬ​លើស​ពី​នេះ ប៉ុន្តែ​គេ​យក​​តិចតួច​ប៉ុណ្ណោះ​។

​ចំណែក​ស្ត្រី​ជា​កសិករ​ម្នាក់​ទៀត​ដែល​ប្រកប​របរ​​ដាំ​ល្ហុង​ដែរ​ក៏​បាន​ត្អូញត្អែ​​បញ្ហា​​ល្ហុង​ដាំ​បាន​ហើយ​ តែបែរជា​គ្មាន​អ្នកទិញ ដោយ​ទុកឱ្យ​​នៅ​ពេញ​ដើម​។ ​ស្ត្រី​ដដែល​បាន​បន្ត​ថា ​ល្ហុង​ដែល​គាត់​ដាំ​នេះ​ក៏​បាន​ទិញ​ពូជ​កូនល្ហុង​​ពី​គេ ​ក្នុង​មួយ​ដើម​តម្លៃ​៥០០​រៀល ហើយ​គាត់​ទិញ​មក​រាប់រយ​ដើម​ដើម្បី​ដាំ​។ ប៉ុន្តែ​នៅ​ពេល​ទ​ទួ​ល​បាន​ផ្លែ​ល្មម​លក់​ ស្រាប់តែ​គ្មាន​អ្នកទិញ តែបើ​គេ​ទិញ​ គឺ​ទិញ​តិច​ ហើយ​តម្លៃ​ថោក​ទៀត ដែល​មិន​អាចយកមក​ទូទាត់​​ក្នុង​ការ​ចំណាយ​លើ​ការ​ដាំ​ល្ហុង​នោះ​ទេ ដូច​ជា​ប្រេង ជី ថ្នាំ​សម្លាប់​សត្វល្អិត​ជាដើម​។

​​ស្ត្រីជាកសិករខាងលើ​ក៏​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ ពិសេស​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ ព្រមទាំង​រាជរដ្ឋាភិបាល​គួរ​គិត​គួរ​ចំពោះ​ទីផ្សារ​ដំណាំ​របស់​ប្រជា​កសិករ​ផង​ ព្រោះ​បើ​មាន​ទីផ្សារ​​បាន​​តម្លៃ​ថ្លៃ​ នឹង​ធ្វើ​ឲ្យ​កសិករ​មានទឹក​ចិត្ត​ក្នុង​ដាំ​ដំណាំ​នេះ​បន្ត​ទៀត​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ