ការ​ដើរ​លេង​ពពាក់ពពូន​មនុស្ស​ច្រើន​អាច​គ្រោះថ្នាក់​បង្ក​រលក​ទី​ពីរ​កូ​វី​ដ​១៩


នៅ​ពេល​ដែល​កម្ពុជា​រក​ឃើញ​ករណី​ថ្មី​ពីរ​ទៀត​នៃ​កូ​វី​ដ​១៩ វា​គ្មាន​អ្វី​ដែល​ត្រូវ​សប្បាយ​ទេ ។ ប៉ុន្តែ​នៅ​ជាង ១៧០​គីឡូម៉ែត្រ​ពី​ភ្នំពេញ គឺ​នៅ​ខេត្ត​កែប ប្រជាជន​បាន​ប្រមូលផ្តុំ​គ្នា​យ៉ាងច្រើន​មុជទឹក​សមុទ្រ និង​បរិភោគ​អាហារ សប្បាយ ជួបជុំ​គ្រួសារ ដើម្បី​រំសាយ​ការ​នឿយហត់​មួ​យស​ប្តា​ហ៍​ដោយសារ​ការងារ ។

តើ​ភាព​ផ្ទុយ​គ្នា​ពីរ​នេះ​នឹង​ចង្អុលបង្ហាញ​អ្វី​សម្រាប់​កម្ពុជា ?

ការ​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​១៩​ថ្មី​ចំនួន​ពីរ​នាក់​ថ្មី​ៗ​នេះ គឺជា​សញ្ញា​ប្រកាស​អាសន្ន​មួយ​ដែល​ថា ជំងឺ​កូ​វី​ដ​១៩ នៅ​តែ​អាច​បង្ក​ការ​គំរាមកំហែង​គ្រប់ពេល​ដល់​កម្ពុជា ។ បើសិនជា​កម្ពុជា​ភ្លេចខ្លួន​មេរោគ​ដ៏​សាហាវ​នេះ​នឹង​បង្ហាញ​រិ​ទ្ធ​ហើយ​អុកឡុក​កម្ពុជា​ជា​ថ្មី បើ​ទោះបីជា​កម្ពុជា​បាន​ជោគជ័យ​ព្យាបាល​អ្នកជំងឺ​១២២​នាក់ កន្លង​មក​បានជា​សះស្បើយ​ក្តី ។

ប៉ុន្តែ​ក្រឡេក​មើល​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា​វា​ហាក់បីដូចជា មាន​ភាព​ចន្លោះ ប្រហោង​ដែល​ងាយ​នឹង​ធ្វើ​អោយ​មានការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ ។ ការ​រក្សា​គម្លាត​មិនសូវ​ជា​អនុវត្ត​បាន​ត្រឹមត្រូវ​នៅ​តាម​កន្លែង​ជា​ច្រើន ហើយ​ប្រជាជន​បាន​នាំ​គ្នា​ចាប់ផ្តើម​ធ្វើ​ដំណើរ​ច្រើន និង​ទៅ​កាន់​កន្លែង​ដែល​មាន​មនុស្ស​ច្រើន ។

រូបភាព​មនុស្ស​ប្រមូលផ្តុំ​នៅ​សមុទ្រ​ខេត្ត​កែប វា​បង្ហាញ​ថា ប្រជាជន​មួយ​ចំនួន​មិន​ខ្លាច​កូ​វី​ដ​១៩ ឡើយ​ហើយ​ពួក​គេ​បាន​សប្បាយ និង​ប្រមូលផ្តុំ​គ្នា​គួរ​អោយ​ខ្លាច ។

នៅ​ចំពោះ​ស្ថានភាព​ដ៏​ផុយ​ស្រួយ​នៃ​ការ​វាយលុក​រលក​ទី​ពីរ​របស់​កូ​វី​ដ​១៩ វា​ប្រហែលជា តម្រូវ​អោយ​ប្រជាជន​កម្ពុជា​មានការ​ប្រុង​ប្រយ័ត្ន​ជាង​នេះ ដើម្បី​ចៀសវាង​ការ​ស្តាយក្រោយ ។

ប្រជាជន​ទាំងអស់​គួរតែ​ស្តាប់​តាម​ការ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​អំពី​វិធានការ​ចាំបាច់​នានា ដើម្បី​កុំអោយ​ឆ្លង និង​ចម្លង​មេរោគ​កូ​វី​ដ​១៩​នេះ ។ នៅ​ពេល​ដែល​មានការ​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​១៩ ថ្មី​ចំនួន​ពីរ​នាក់ សម្តេច​តេ​ជោ​ហ៊ុន សែន​បាន អំពាវនាវ​ជា​ថ្មី​ថា ប្រជាពលរដ្ឋ​ត្រូវ​មានការ​យល់​ដឹង​ខ្ពស់​អំពី​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ ។ ត្រូវ​បង្កើន អនាម័យ​សុខភាព​រស់នៅ​អោយ​បាន​ល្អ គឺ​ត្រូវ​ពាក់​ម៉ាស ឬ​ក្រ​ម៉ា ហើយ​ត្រូវ​ដុសលាង​សម្អាត​ដៃ អោយ​បាន​ស្អាត​ជា​ប្រចាំ​ជាមួយ​សាប៊ូ​, ទឹក​អាល់កុល​ឬ ចឹ​ល​កម្ចាត់​មេរោគ និង​បាក់តេរី​ផ្សេង​ៗ ។ បើ​មានការ​សង្ស័យ​ទៅ​លើ​អ្នក​ណា​ម្នាក់ ឬ​ចំពោះ​ខ្លួនឯង​ផ្ទាល់ សូម​ទូរ​ស័​ព្វ​មក​លេខ ១១៥ ។

សម្តេច​បាន​មាន​ប្រសាសន៍​បន្ត​ថា សូមកុំ​ចម្លងរោគ​ពី​យើង​ទៅ​គេ ហើយ​ក៏​កុំ​ចម្លងរោគ ពី​គេ​មក​ក្រុម​គ្រួសារ​យើង​ផង​ដែរ ។ កន្លែង​ណា​ដែល​មិន​ចាំបាច់​ទៅ សូម​កុំទៅ ជា​ពិសេស​ទីកន្លែង ដែល​មាន​ក្រុម​មនុស្ស​ច្រើន ។ សូម​ស្តាប់​នឹង​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​អោយ​បាន​ជាប់​ជា​និច្ច ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ