ប្រទេសដាណឺម៉ាក ៖ ក្លិប AGF Aarhus នៃលីគកំពូលដាណឺម៉ាក (Danish Superliga) អនុញ្ញាតឲ្យអ្នកគាំទ្រ ១០,០០០នាក់អាចទស្សនាដោយមានទំនាក់ទំនងគ្នាជាមួយមិត្តភក្តិ និងគ្រួសាររបស់ពួកគេតាមរយៈ ការប្រើប្រាស់ប្រព័ន្ធ Zoom បើទោះបីជាការប្រកួតរដូវកាលនេះ ត្រូវលេងដោយបិទទ្វារកីឡដ្ឋាន នៅពេលចាប់ផ្តើមឡើងវិញនៅថ្ងៃទី២៨ ខែឧសភាខាងមុខក៏ដោយ ។
ជំនួបរវាងក្រុមម្ចាស់ផ្ទះ AGF Aarhus ជាមួយក្រុម Randers ក្នុងកីឡដ្ឋាន Ceres Park នឹងក្លាយជាការប្រកួតដំបូងបង្អស់សម្រាប់ក្របខណ្ឌ Danish Superliga ក្នុងសម័យកាលកូវីដ-១៩។
ក្រុម AGF Aarhus បានបញ្ជាក់ថាខ្លួនកំពុងធ្វើការដំឡើងអេក្រង់យក្សនៅជុំវិញទីលានប្រកួតដោយបានហៅវាថា អ្នកគាំទ្រនិម្មិតដំបូងគេបំផុតនៅលើពិភពលោក។
អ្នកសម្របសម្រួលគម្រោងនេះ លោក Soren Carlsen បាននិយាយថា «វាជាការបង្កើតបរិយាកាសនៅជុំវិញហ្គេម ដូច្នេះកីឡាករ នឹងមើលឃើញអ្នកគាំទ្ររបស់ពួកគេ បើទោះបីជាអ្នកគាំទ្រមិនអនុញ្ញាតឲ្យទស្សនាផ្ទាល់ក្នុងកីឡដ្ឋានក៏ដោយ។ ពួកគេនឹងលឺវា ពួកគេនឹងមានអារម្មណ៍ពីវា ហើយនឹងឃើញវានៅលើអេក្រង់ដ៏ធំនៅក្បែរទីលានប្រកួត»។
លោក Soren Carlsen បានបន្តថា គំនិតនេះបានមកពីកម្មវិធីទូរទស្សន៍ដាណឺម៉ាកមួយ ដែលអនុញ្ញាតឲ្យតារាចម្រៀងច្រៀងពីផ្ទះ ហើយទស្សនិកជនអាចទស្សនាបានតាមរយៈប្រព័ន្ធ Zoom នេះ ។
អេក្រង់យក្សចំនួន ៣ ត្រូវបានភ្ជាប់គ្នាដើម្បីបង្កើតបានជាផ្ទាំងអេក្រង់ទំហំ 40×2.8m ដែលមានទំហំផ្ទុករូបភាពអ្នកគាំទ្រចំនួន ២០០នាក់ក្នុងពេលតែមួយ។ ដែលវានឹងមាន ២២ផ្នែកផ្សេងៗគ្នាសម្រាប់អ្នកគាំទ្រក្នុងការជ្រើសរើស។
លោក Carlsen បានបន្ថែមថា «ពួកគេនឹងទទួលបានបទពិសោធន៍ថ្មី ជុំវិញបាល់ទាត់ ព្រោះវាក៏ប្រៀបដូចជាការជួបជុំគ្នាមួយនៅក្នុងកីឡដ្ឋាន ហើយនៅទីនេះអ្នកនឹងមានឱកាសជួបមនុស្សមួយចំនួន ដែលអ្នកតែងតែអង្គុយជាមួយពេលមានការប្រកួត ។ យើងនឹងតាមដានពីដំណើរការរបស់វា សម្រាប់ការប្រកួតនៅថ្ងៃទី ២៨។ ហើយប្រសិនបើវាទទួលបានជោគជ័យ យើងនឹងដំណើរការវាបន្តទៀត នៅប្រកួតបន្ទាប់ ។
ប្រសិនបើមានភាសាជេរប្រមាថណាមួយពីអ្នកគាំទ្រ កើតមានឡើងអំឡុងពេលប្រកួត ពួកគេនឹងត្រូវផ្តាច់ចោលចេញពីប្រព័ន្ធនេះតែម្តង ៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ