អាជ្ញា​ធរ​កំពុងបារម្ភ ឆ្នេរទន្លេ​វ៉ៃ​គោ មនុស្ស​ទៅកម្សាន្ត​កាន់តែ​ច្រើន​រៀង​រាល់​ល្ងាច


ខេត្តស្វាយរៀង ៖ មហាជន​បាន​នាំ​គ្នា​មក​ដើរ​កំសាន្ត​នៅ​ឆ្នេ​ព្រែក​ទន្លេ​វ៉ៃ​គោ​ជា​រៀង​រាល់​ល្ងាច​រហូត​ដល់​យប់​ជ្រៅ ហើយ​នាំ​គ្នា​ផឹកស៊ី​យ៉ាង​សប្បាយ​ជា​លក្ខណៈ​គ្រួសារ ធ្វើ​ឲ្យ​អាជ្ញាធរ​មានការ​ព្រួយបារម្ភ អំពី​ការ​ជួបជុំ​ប្រមូលផ្តុំ​គ្នា​ច្រើន​បែប​នេះ​ ។ ហើយ​បាន​ចាត់​កម្លាំង​យក​ឃោសនា​ស័ព្ទ​ចុះ​ទៅ​ធ្វើការ​ផ្សព្វផ្សាយ ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ធ្វើ​អនាម័យ ការពារ​សុវត្ថិភាព​ខ្លួនឯង ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ។

ឆ្នេរ​ព្រែក​ទន្លេ​វ៉ៃ​គោ គឺជា​ឆ្នេរ​ដ៏​ស្អាត​ស្រស់​ត្រកាល និង​ជាទី​មនោ​រម្យ​មាន​ខ្យល់អាកាស​បរិសុទ្ធ ជា​ឆ្នេរ​ថ្មី​នៃ​ក្រុង​ស្វាយ​រៀង ដែល​បាន​បង្អួត​កាយ​បង្ហាញ​មហាជន និង​អង្រួន​ដល់​បេះដូង​យុវវ័យ​ក៏​ដូច​ជា មហាជន​ទូទៅ​ឲ្យ​មក​លេង​កំសាន្ត ក្រោម​ពន្លឺ​ដួង​ច័ន្ទ និង​ហ្វូង​ដួងតារា ព្រមទាំង​ភ្លើងពណ៌​របស់​អ្នក​លក់ដូរ​ព្រាតព្រោង​ក្នុង​ស្បៃ​រាត្រី​។

បើ​តាម​មហាជន​ដែល​ទៅ​លេង​កម្សាន្ត​បាន​និយាយ​ថា ខ្លាច​អី កូ​វី​ដ​១៩ បើ​រាជរដ្ឋាភិបាល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ បាន​ជោគជ័យ គ្មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ថ្មី​ផង​ហ្នឹង​។ ទើប​មហាជន​រីករាយ និង​បាន​នាំ​គ្នា​ដើរ​កំសាន្ត​ជា​លក្ខណៈ​គ្រួសារ​នា​ពេល​រសៀល​តាម​ឆ្នេរទន្លេ​វ៉ៃ​គោ​ដ៏​ស្រស់​ត្រកាល​នេះ​។ ហើយ​អ្នក​មក​កំសាន្ត​នេះ គឺ​មាន​មន្ត្រីរាជការ ប្រជាពលរដ្ឋ ក្រុម​អាជីវករ​មក​ពី​ខេត្តព្រៃវែង​មក​ពី​គ្រប់​ស្រុក​-​ក្រុង​នៃ​ខេត្តស្វាយរៀង​។

លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង និង​ជា​អនុប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ខេត្តស្វាយរៀង បាន​អញ្ជើញ​ចុះ​ពិនិត្យ​ឆ្នេរទន្លេ​វ៉ៃ​គោ និង​ផ្សព្វផ្សាយ​អំពី​វិធី​ការពារ ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ការ​ធ្វើ​អនាម័យ​សម្អាត​ខ្លួនប្រាណ ការ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ឬ​បាញ់​អាល់កុល​សម្អាត​ដៃ​ជាដើម​។

លោក​អភិបាលរង​ខេត្ត​បាន​ដឹកនាំ​ចុះ​ទៅ​តាម​ឆ្នេរ​ក្នុងភូមិ​ព្រះ​ទន្លេ សង្កាត់​សង្ឃ័រ​ភូមិ​ធ្លក និង​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង រាល់​ល្ងាច ហើយ​ការ​ចុះ​ផ្សព្វផ្សាយ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២០​។ ក្នុង​ឱកាស​នោះ លោក​អភិបាលរង​ខេត្ត​ក៏​បាន​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​ផ្សព្វផ្សាយ​អំពី​វិធាន​ការណ៍​ការពារ ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋបាល​ខេត្តស្វាយរៀង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​មក​លេង​កម្សាន្ត​នៅ​ទី​នេះ​បាន​យល់​ដឹង​បន្ថែម​ទៀត​។

លោក​អភិបាលរង​ខេត្ត ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​រក្សា​អនាម័យ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ជា​ពិសេស​ក្រោយ​ពី​បរិភោគ​ហើយ សូម​ថែរក្សា​អនាម័យ​វេច​ខ្ចប់​យក​ទៅ​ចោល​នៅ​កន្លែង​ចោល​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​។ ហើយ​មហាជន​ដែល​មក​លេង​កំសាន្ត​ភាគច្រើន គឺជា​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង ម្យ៉ាង​នៅ​ក្រុង​ស្វាយ​រៀង ទើប​មាន​ឆ្នេរ​ថ្មី​ដ៏​ស្រស់​ត្រកាល​គួរ​ជាទី​កំសាន្ត​ពេល​រសៀល​រហូត​ដល់​រាត្រី​ជាទី​មនោ​រម្យ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ