មហាសេដ្ឋី​ជាន់​ថ្មី​ខុស​ពី​មហាសេដ្ឋី​ជាន់មុន​យ៉ាងដូចម្តេច?


ពេល​ដែល​អ្នក​ឮ​ពាក្យ​ថា មហាសេដ្ឋី អ្នក​ប្រហែលជា​មាន​រូបភាព​មួយ​ដែល​តំណាង​មហាសេដ្ឋី​ក្នុង​គំនិត​របស់​អ្នក ។ ជា​ទូទៅ អ្នក​ប្រហែលជា​គិតដល់​អាជីវករ​ដែល​មាន​រថយន្ត​ទំនើប​ៗ​ដោយ​មាន​អ្នកបើកបរ​ឲ្យ​ហើយ ខណៈ​ដែល​ស្លៀកពាក់​ស្អាតបាត​ជាដើម ។

ជាក់ស្តែង មហាសេដ្ឋី​បែប​នេះ​គឺ​ពិតជា​មាន​ពិតមែន​ក្នុង​សង្គម​ទូ​ទាំង​ពិភពលោក ប៉ុន្តែ​នាយក​ប្រតិបត្តិ និង​ស្ថាបនិក​ក្រុមហ៊ុន​ថ្មី​ៗ​ដែល​បាន​ក្លាយជា​មហាសេដ្ឋី​ដែរ​នោះ​មិន​មាន​រូបរាង​ដូច្នេះ​ឡើយ ។ បច្ចុប្បន្ន​នេះ​មាន​មហាសេដ្ឋី​ជា​ច្រើន​ដែល​មិន​សម្រប​ខ្លួន​ទៅ​តាម​ស្តង់ដារ​ដែល​សង្គម​ព្យាយាម​ដាក់​លើ​ពួក​គេ​ឡើយ ។

អ្នក​ប្រហែលជា​ធ្លាប់​ឃើញ​ការ​ស្លៀកពាក់​របស់​លោក​មហាសេដ្ឋី ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Facebook ហើយ ។ នរណា​ៗ​ក៏​តែងតែ​ឃើញ​លោក​ពាក់​អាវយឺត និង​ខោ​ខូ​វ​ប៊​យ​ធម្មតា​ដែរ​សូ​ម្បី​តែ​ពេល​លោក​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន ។

លោក ហ្សា​ក់​កា​បឺ​ក ប្រៀប​បានជា​ឧទាហរណ៍​ដំបូង​ដែល​បាន​បង្ហាញ​នូវ​ភាព​ខុស​គ្នា​រវាង​មហាសេដ្ឋី​ថ្មី​ៗ និង​មហាសេដ្ឋី​ចាស់​ៗ ដោយ​មហាសេដ្ឋី​ជំនាន់​ថ្មី​មិន​ទទួលយក​រូបភាព​មហាសេដ្ឋី​ជំនាន់​ចាស់​ឡើយ ។

ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ជោគជ័យ​ថ្មី​ៗ​កំពុង​តែ​ប្តូរ​និយម​ន័យ​នាម​ថា​មហាសេដ្ឋី​ថែម​ទៀត​ផង ។ មនុស្ស​ម្នាក់​មិន​ចាំបាច់​មាន​អាកប្បកិរិយា​ដូច​មនុស្ស​មក​ពី​ក្រុម​វណ្ណៈ​ខ្ពស់​ជាង​អ្នក​ដទៃ​ដើម្បី​បង្ហាញ​ថា​ខ្លួន​ជា​មហាសេដ្ឋី​ទេ ។

លើស​ពី​នេះ​ទៅ​ទៀត ពួក​គេ​ផ្តោត​ស្មារតី​ខ្លាំង​ណាស់​លើ​ការងារ​របស់​ពួក​គេ និង​មិន​ចាប់អារម្មណ៍​ខ្លាំង​លើ​តំណែង ឬ​ថវិកា​ដែល​មាន​ក្នុង​ធនាគារ​ទេ ។ ជា​លទ្ធផល ពួក​គេ​បាន​បង្កើត​នូវ​ផលិតផល ឬ​សេវាកម្ម​ដែល​បាន​ផ្លាស់​ប្តូរ​ផ្នែក​ណាមួយ​នៃ​សេដ្ឋកិច្ច និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ផង​ដែរ ដូច​ជា​ក្រុមហ៊ុន Uber ជាដើម ។

និន្នាការ​នេះ​នៅ​តែ​បន្ត​កើត​មាន​ឡើងជា​ពិសេស​ក្នុង​ចំណោម​ស្ថាបនិក និង​អ្នកដឹកនាំ​អាជីវកម្ម​វ័យក្មេង​ដែល​កំពុង​កសាង​ទ្រព្យសម្បត្តិ​របស់​ខ្លួន ។ មហាសេដ្ឋី​ជំនាន់​ថ្មី​ទាំងនេះ​កំពុង​តែ​ប្រើប្រាស់​ជីវិត​របស់​ខ្លួន​ទៅ​ធ្វើការ​ងារ​ដែល​ខ្លួន​ជឿជាក់ ។ ពួក​គេ​រក្សា​គោលការណ៍​ផ្ទាល់ខ្លួន និង​ប្រើ​គំនិត​របស់​ពួក​គេ​ដើម្បី​បញ្ជាក់​ពី​សមត្ថភាព​ពិតប្រាកដ​របស់​ខ្លួន ៕

គួរ​យល់​ដឹង

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ