ខេត្តស្វាយរៀង ៖ នៅតាមទីវត្តអារាមទូទាំងខេត្តស្វាយរៀងសង្កេតឃើញថា ព្រះសង្ឃបានបំផុសឲ្យចូលរួមដាំដំណាំបន្លែបង្ការជាច្រើនមុខ ដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ និងចែកជូនដល់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ខណៈប្រទេសកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលនេះគឺជាគំរូល្អមួយសម្រាប់វត្តអារាម ឬទីដ្ឋានដទៃទៀត។
លោកទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានថ្លែងឲ្យដឹងថា គ្រប់វត្តចំនួន២៤៤វត្ត ដែលមានព្រះសង្ឃ២,១៧៤អង្គ នៅខេត្តស្វាយរៀង បានបំផុសឲ្យមានការដាំបន្លែជាច្រើនមុខ ដើម្បីទុកសម្រាប់ធ្វើចង្ហាន់ផ្គត់ផ្គង់ព្រះសង្ឃក្នុងវត្តថែមទាំងមានលទ្ធភាពចែកជូនដល់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តទៀតផង។
លោកបានបន្តថា ក្រៅពីរៀនធម៌ បាលី ព្រះសង្ឃឆ្លៀតពេលទំនេរក៏បានចូលរួមលើកកម្ពស់វិស័យកសិកម្មដាំដំណាំរួមផ្សំ គ្រាន់តែវត្តខ្លះដាំជាទ្រង់ទ្រាយធំ និងវត្តខ្លះទៀតដាំបន្លែបន្តិចបន្តួច។ ម្យ៉ាងទៀត ព្រះសង្ឃក៏បានធ្វើពលកម្មបញ្ចេញញើស បញ្ចេញជាតិពុលពីក្នុងព្រះកាយធ្វើឲ្យសុខភាពល្អរឹងមាំទៀតផង។
បើតាមព្រះសង្ឃដែលគង់នៅវត្តព្រៃឆ្លាក់ក៏ដូចនៅតាមបណ្តាវត្តមួយចំនួនក្នុងខេត្តស្វាយរៀង បានមានសង្ឃដីកាថា នៅក្នុងយុទ្ធនាការបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩នេះ ព្រះសង្ឃ និងពុទ្ធបរិស័ទមិនសូវបានចេញទៅណាទេ ដូច្នេះដើម្បីគិតគូរវែងឆ្ងាយ ដោយមិនរង់ចាំតែចង្កាន់របស់ពុទ្ធបរិស័ទយកមកប្រគេនមួយមុខនោះ គឺបានយកដីបរិវេណក្នុងវត្តមកធ្វើជាថ្នាលដាំបន្លែ និងដាំដើមឈើហូបផ្លែជាច្រើនប្រភេទ ទុកសម្រាប់ធ្វើចង្ហាន់ផ្គត់ផ្គង់ព្រះសង្ឃក្នុងវត្ត មិនតែប៉ុណ្ណោះថែមទាំងបានចែកជូនដល់ពុទ្ធបរិស័ទយកទៅទុកទទួលទានផងដែរ។
ព្រះសង្ឃបានមានសង្ឃដីកាទៀតថា ក្នុងវត្តអារាមនៅខេត្តស្វាយរៀងមានដាំបន្លែ និងដាំដើមឈើហូបផ្លែ ដូចជា ស្ពៃ ត្រកួន ផ្ទី ខាត់ណា ត្រប់ ប៉េងប៉ោះ ស្លឹកគ្រៃ ល្ពៅ ព្រលិត រំចង់ ល្ហុង ចេក ដូង ខ្នុរ ស្វាយ ជម្ពូ ជាដើម ហើយការងារដាំដំណាំបន្លែរួមផ្សំនេះមានតាំងពីយូរយារណាស់មកហើយ និងបន្តធ្វើការបំផុសដល់ព្រះសង្ឃ គណៈកម្មការវត្តបន្ថែមទៀតក្នុងការដាំដំណាំរួមផ្សំ បន្លែបង្ការ សម្រាប់ផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ និងដើម្បីបន្តអនុវត្តការបង្ការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ នៅតាមសហគមន៍ ទោះបីជំងឺកូវីដ-១៩ មានការស្ងប់ស្ងាត់ទៅវិញក៏ដោយ ៕
ចែករំលែកព័តមាននេះ