កក្រើក​សង្វៀន​​ទៀត​ហើយ​! ​ជើង​ខ្លាំង​4​រូប​ឡើង​ប្រកួត​ដណ្ដើម​ប្រាក់​លា​ន


រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​បិទទ្វារ​ថ្ងៃ​សៅរ៍ ទី​២៣​ឧសភា ស្អែក​នេះ គណៈកម្មការ​រៀបចំ​ការប្រកួត​បាន​ផ្គូផ្គង​កីឡាករ​៤​រូប​ដែល​សុទ្ធតែជា​ជើង​ខ្លាំង​មក​ពី​ក្លិប​ផ្សេង​គ្នា ឱ្យ​ជួប​ប្រកួត​គ្នាដណ្ដើម​ប្រាក់​លាន​ពី​ក្រុមហ៊ុន​ខា​រ៉ា​បាវ ។ អ្នក​និយមទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​ជើង​ខ្លាំង​ទាំង​៤​រូប​នេះ​នរណា​ខ្លះ​មាន​សមត្ថភាព​ដណ្ដើម​យក​ប្រាក់​លាន​លើក​នេះ​។

តាម​ការ​ឱ្យ​ដឹង​បេក្ខភាព​ឡើង​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ក្នុង​ស​ប្ដា​ហ៍​នេះ​មាន កីឡាករ​ឡុ​ង
បេន​លឿន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​ត្រូវ​ជួបប្រកួត​ជាមួយ​អ្នក​ប្រដាល់​ចាស់វស្សា ឡុ​ង ឡា មក​ពី​ក្លិប​អប់រំ​កាយ​និង​កីឡា​ស្រុក​អន្លង់​វែងនិង​កីឡាករ​ជើង​ខ្លាំង ខុន ស៊ី​ចាន់ មក​ពី​ក្លិប​អប់រំ​កាយ​និង​កីឡា​ស្រុក​អន្លង់​វែង ប្រកួត​ជាមួយ​កីឡា​ជើង​ខ្លាំង​វ័យក្មេង​ម៉ឺន មេ​ឃា មក​ពី​សមាគម​កីឡា​ប្រដាល់​នៃ​កង​យោធពលខេមរភូមិន្ទ​។

សម្រាប់​ការ​ប្រកួត​រវាង​កីឡាករ ឡុ​ង បេន​លឿន និង​កីឡាករ​ឡុ​ង ឡា មិន​ខុស​ពី​មនុស្ស​ចាស់​វាយ​ជាមួយ​កូន​ក្មេង​នោះ​ទេ ព្រោះថា​កីឡាករ​ឡុ​ង ឡា ជា​អ្នក​ប្រដាល់​ជើង​ចាស់​ដែល​ធ្លាប់​ប្រឡូក​នៅ​លើ​សង្វៀន​ជា​យូរ​ឆ្នាំ​មក​ហើយ​គ្រាន់តែ​បាត់​មុខ​យូរ​ពីលើ​សង្វៀន​ទើប​ស៊ី​អិន​ស៊ី​ហៅ​ឱ្យមក​ប្រកួត​វិញ​បាន​ប្រមាណ​ជា​៣ស​ប្ដា​ហ៍​នេះ​ប៉ុណ្ណោះ ដោយ​រំពឹង​ថា​ថ្វីដៃ​ប្រកួត​របស់​គេ​នៅ​តែ​ល្អ​ដដែល មិន​ឱ្យ​បាក់មុខ​ដោយសារ​ក្មេង​ៗ​ស្រករ​ក្រោយ​នោះ​ទេ ។

ចំណែកឡុ​ង បេន​លឿន ថ្វីដៃ​ប្រកួត​ក៏​មិន​អន់​ប៉ុន្មានដែរ​គ្រាន់តែ​គេ​រាង​ចិត្ត​តូច​បន្តិច មិនដឹង​ថា​អាច​តស៊ូ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ចា​ស់ឡុង ឡា​បាន​ប៉ុន្មាន​ទឹក​នោះ​ទេ​។

ចំណែក​ខុន ស៊ី​ចាន់​វិញ​លើក​នេះ​ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី​វ័យក្មេង​ម៉ឺន មេ​ឃា ដែល​កំពុង​តែ​ល្បីឈ្មោះ​ថា​ខ្លាំង​មិនធម្មតា ។ ខុន ស៊ី​ចាន់ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ល្បីឈ្មោះ​មួយ​រូប​ដែរ​។
ប៉ុន្តែ​គេ​បាន​បាត់​មុខ​ពីលើ​សង្វៀន​មួយ​រយៈ​ធ្វើ​ឱ្យ​ថ្វីដៃ​ប្រកួត​របស់​គេ​រាង​ធ្លាក់​ចុះ​បន្តិច​។

ជាក់​ស្ដែង​កាលពី​ស​ប្ដា​ហ៍​មុនគេ​បាន​ចាញ់​ក្រោម​ដៃ​កីឡាករ ឃឹម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ដោយ​ពិន្ទុ​ទាំង​មិន​អស់ចិត្ត​។ ការ​មក​ជួប​ប្រកួត​ជាមួយ ម៉ឺន មេ​ឃា លើក​នេះ​ក៏​មិន​ទាន់​ដឹង​ថា​យ៉ាងណា​នោះ​ដែរ ។

រីឯ​គូប្រកួត​មិត្តភាព​វិញ​មាន កីឡាករ ហ៊ឹ​ម គឹ​ម​រៀន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​ហុង សុវណ្ណ​ចាន់​រិ​ទ្ធី មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ ។ កីឡាករ សេក ថាវ​រី
មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ​កីឡាករ​ខូ​វ ស៊ី​ណាត មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ និង​គូ​បើក​ឆាក​កីឡាករ​លី​ន ប៊ុ​ន​ណា​រិ​ទ្ធ មក​ពី​ក្លិប​មជ្ឈមណ្ឌល​អ្នក​ប្រយុទ្ធ​ប្រកួត​ជាមួយ​កីឡាករ​សុង ប៊ុ​ន​រ៉ុ​ង មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

កីឡាជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ