កាល​គ្រា​លំបាក​គេ​ស្គាល់​ជា​ផ្លូវ​៥៦ លុះ​​ក្រាល​កៅស៊ូ​​​គេ​ហៅ​ផ្លូវ​បុប្ផា​លាក់​ខ្លួន !


ខេត្តពោធិ៍សាត់​៖ នៅ​ពេល​និយាយ​ថា ផ្លូវជាតិ​លេខ​៥៦ ប្រាកដជា​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ ជា​ពិសេស​បងប្អូន​ទាហាន និង​មន្ត្រីរាជការ មេ​ភូមិ មេឃុំ ក្នុង​ទស​វត្ស​ឆ្នាំ​៨០ ៩០ ធ្លាប់​ឮ និង​ធ្លាប់​ស្គាល់​ជាក់​ជា​មិន​ខាន តាម​រយៈ​ការ​ដឹក​ជញ្ជូន​គ្រឿង​បរិក្ខា​យោធា និង​សម័យ ក​៥ ក្នុង​កាលៈ​ទេសៈ​ដែល​ស្រុក​ទេស​មាន​សង្គ្រាម​។ ផ្លូវជាតិ​លេខ​៥៦ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ក្នុង​ទីរួមខេត្ត​ពោធិ៍​សាត់ ឆ្លងកាត់​ស្រុក​ភ្នំក្រវាញ ឆ្ពោះទៅ​កាន់​ឃុំ​ថ្មដា ស្រុក​វាល​វែង ជាប់​ព្រំដែន​កម្ពុជា-ថៃ​។

ក្នុង​ទស​វត្ស​ឆ្នាំ​៨០ ៩០ ផ្លូវ​នេះ លំបាក​ធ្វើ​ដំណើរ​ខ្លាំង​ណាស់ ហើយ​ក៏​ប្រឈម​នឹង​គ្រោះថ្នាក់​ជាទី​បំផុត ដោយសារ​ទាហាន​ខ្មែរក្រហម​ឆ្មក់​បាញ់ គ្រាប់​មីន​កប់​ក្នុង​ដី និង​ជំងឺគ្រុនចាញ់​។ កាលនោះ​ធ្វើ​ដំណើរ​២ ៣​ថ្ងៃ ទើប​ទៅ​ដល់​គោលដៅ តាម​រថយន្ដ​ធុន​ហ្សី​ល ដែល​អ្នកខ្លះ​គេ​ហៅ​ថា អា​យក្ស ឬ​អា​ដំរីទឹក ហើយ​បើ​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​វិញ​មួ​យស​ប្ដា​ហ៍ ឬ​កន្លះ​ខែ​ទើប​ទៅ​ដល់​។

ក្រោយ​ការ​ធ្វើ​សមាហរណកម្ម​បាន​ប្រមាណ​៥​ឆ្នាំ គឺ​អំឡុង​ឆ្នាំ​២០០៣ ២០០៤ កង​វិស្វកម្ម​បាន​ស្ថាបនា​ផ្លូវ​ក្រួស​ក្រហម ចាប់ពី​ដំណាក់​ឈើ​ក្រំ​ស្រុក​ភ្នំក្រវាញ រហូត​ដល់​ឃុំ​ថ្មដា​ស្រុក​វាល​វែង ដែល​ពេល​នោះ​គេ​បាន​ដូរ​ឈ្មោះ​ពី​ផ្លូវជាតិ​លេខ​៥៦ មក​ផ្លូវជាតិ​លេខ​៥៥​វិញ​។

នៅ​ឆ្នាំ​២០១៤ ផ្លូវជាតិ​លេខ​៥៥ បាន​ចាប់ផ្ដើម​កសាង​ជា​ផ្លូវ​កៅស៊ូ រហូត​ដល់​ចុងឆ្នាំ​២០១៩ ទើប​រួចរាល់​ជា​ស្ថាពរ និង​ធ្វើ​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដែល​ក្នុង​ឱកាស​នោះ​សម្ដេច​បាន​ហៅ​ផ្លូវ​លេខ​៥៥​ថា (​ផ្លូវ​បុប្ផា​លាក់ខ្លួន​)​។ ផ្លូវជាតិ​លេខ​៥៥ ឬ​ផ្លូវ​បុប្ផា​លាក់ខ្លួន ឬ​ក៏​ផ្លូវ​អន្ទង់អាំង ក្នុង​ខេត្តពោធិ៍សាត់​នេះ ជា​ផ្លូវ​ដែល​លំបាក​កសាង​ជាងគេ​ក្នុងស្រុក​ខ្មែរ មាន​ប្រវែង ១៨២,១៦ គម និង​ចំណាយ​ថវិការ​សរុប​ប្រមាណ ១៣២,៨០ លាន​ដុល្លា​សហរដ្ឋអាមេរិក​ឯណោះ​។

ក្រោយ​ពេល​ស្ថាបនា​រួច ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​លេង​កំសាន្ត​តាម​ដងផ្លូវ​ជា​ហូរហែ ហើយ​បាន​គយគន់​មិន​ជិនណាយ​ជាមួយនឹង​សម្រស់​ធម្មជាតិ​ពិត​ៗ ពិសេស​​ត្រង់​ចំណុច​ភ្នំ​១៥០០​ម៉ែត្រ ដែល​មាន​ទេសភាព​ស្រស់​ត្រកាល មាន​ជ្រោះ​ជ្រង​ជ្រលង​ដងអូរ ផ្លូវ​ឡើង​ចុះ​ភ្នំ​បត់បែន​ដូច​អន្ទង់អាំង គួរ​ឲ្យ​គាប់ចិត្ត​ដិតអារម្មណ៍​ជាទី​បំផុត​។

ប្រជាពលរដ្ឋ​ស្រុក​វាល​វែង​បាន​អរគុណ​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​កែប្រែ​តំបន់​សមរភូមិ​គ្រាប់រំសេវ ឲ្យ​ក្លាយទៅជា​តំបន់​អភិវឌ្ឍន៍ និង​ទេសចរណ៍ធម្មជាតិ​។ ភ្ញៀវ​ទេសចរណ៍​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ច្រក​ថ្មដា នឹង​ត្រូវ​ឆ្លងកាត់​ភ្នំ​១៥០០​ម៉ែត្រ​ជា​មុន​សិន ដើម្បី​ផ្ដិត​យក​រូបភាព ស្រូបខ្យល់​បរិសុទ្ធ ឬ​ក្រាលកន្ទេល​ទទួលទាន​អាហារ​លើ​កំពូលភ្នំ បើ​មិន​ដូច្នេះ​ទេ​អាច​បន្តដំណើរ​ទៅ​មុខ​បន្តិចទៀត នឹង​មាន​កន្លែង​កំសាន្ដ​មួយ​ឈ្មោះ​ថា (​អូរ​ដា​តូច​) ។ នៅ​ទីនោះ​មាន​លក់​បាយ​ម្ហូប​កុម្ម​ង់ ខ្យូ​ស​អង្គុយ មានទឹក​ហូរ​តិច​ៗ អាច​លុបលាង​មុខ​បាន​សម្រាប់​ខែប្រាំង ប៉ុន្តែ​បើ​ខែវស្សា​វិញ ទឹក​ត្រជាក់​ថ្លាយង់​ហូរ​លើ​ផ្ទាំង​ថ្ម​តូច​ធំ អាច​ងូត​លេង​កំសាន្ត​យ៉ាង​សប្បាយ​រីករាយ​។

ចេញពី​អូរ​ដា​តូច ប្រហែល​០៩​គម នឹង​ដល់​ច្រក​ថ្មដា (​ព្រំដែន​កម្ពុជា ថៃ​) ដែល​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ក៏​ដូច​អភិបាលខេត្ត​ពោធិ៍សាត់ និង​អភិបាលខេត្ត​ត្រា​ត បាន​ព្រមព្រៀង​គ្នា​បើក​ជា​ច្រក​សេដ្ឋកិច្ច​ពិសេស ដើម្បី​ដោះ​ដូរ​ទំនិញ​គ្នា​ទៅ​វិញ​ទៅ​មក​។

នៅ​ពេល​ដឹង​ថា បើក​ច្រក​សេដ្ឋកិច្ច​ពិសេស​ភ្លាម បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ឃុំ​ថ្មដា ឃុំ​អន្លង់​​រាប ឃុំ​អូរ​សោម និង​ឃុំ​ដទៃ​ទៀត ក្នុងស្រុក​វាល​វែង បាន​នាំ​គ្នា​ដាំ​ដំណាំ​កសិឧស្សាហកម្ម​ជា​ច្រើន​ពិសេស កៅស៊ូ ម្រេច ដំឡូង​មី​… និង​ដំណាំ​ឈើ​ហូប​ផ្លែ​ដូច​ជា ទុ​រ៉េ​ន ប៊័រ ស្វាយ តា​ង៉ែ​ន ក្រូចពោធិ៍សាត់ ខ្នុរ ម្នាស់ ចេក ល្ហុង ស្រកានាគ ពោត សណ្ដែក​…​។​ល​។ ដើម្បី​លក់​ឲ្យ​ឈ្មួញ​កណ្ដាល ឬ​ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​លេង​ទីនោះ​។

កាល​សម្ដេច​តេ​ជោ​សម្ភោ​ធ​ផ្លូវជាតិ​លេខ​៥៥ គឺ​បាន​បន្ដ​បើក​ការ​ដ្ឋា​សាងសង់​ផ្លូវជាតិ​លេខ​១០ មួយ​ខ្សែ​ទៀត​ប្រវែង ១៩៨,៧១​គម ត​ភ្ជាប់​ពី​ស្រុក​សំឡូត ខេត្តបាត់ដំបង ឆ្លងកាត់​ឃុំ​ក្រពើ​ពីរ ឃុំ​ប្រមោយ ឃុំ​អូរ​សោម ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ទៅ​ដល់​ក្រុង​ខេមរៈភូមិន្ទ​ខេត្តកោះកុង​។

ផ្លូវជាតិ​លេខ​៥៥ ឬ​ផ្លូវ​អន្ទង់អាំង ឬ​ក៏​ផ្លូវ​បុប្ផា​លាក់ខ្លួន និង​ផ្លូវជាតិ​លេខ​១០​នេះ ជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​មាន​សក្ដានុពល​របស់​កម្ពុជា នឹង​ក្លាយជា​ផ្លូវ​បង្កើន​បរិយាកាស វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ កិច្ច​សហប្រតិបត្តិការ​ល្អ​នៅ​តាម​ព្រំដែន បង្កើត​មុខរបរ បង្កើន​ប្រាក់​ចំណូល​គ្រួសារ លើកកម្ពស់​សុខមាលភាព​សង្គម និង​ការ​អប់រំ​ជូន​ប្រជាពលរដ្ឋ ដើម្បី​ឈាន​ទៅ​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​យ៉ាង​ឆាប់រហ័ស​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ