​បុរសម្នាក់ក្នុង​ចំណោម៤នាក់លួច​ឆ្លងដែន ត្រូវ​ទាហានថៃដេញ រត់ទាក់​បន្លា​


ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ពលករ​៤​នាក់​ឆ្លង​ដែន​ខុសច្បាប់​ ត្រូវ​ទា​ហាន​ឈុ​ត​ខ្មៅ​ដេញ​រត់​ទាក់​បន្លា​​លួស បណ្តាល​ឱ្យ​​បុរសម្នាក់​រ​បួស​ជើង​ ត្រូវ​​ទាហាន​​ថៃ​បញ្ជូន​ទៅ​ព្យាបាល រួច​​ប្រគល់​​មក​ឱ្យ​កម្ពុជា​វិញ​​កាលពី​​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០​ នៅ​ចំណុច​ប៉ុស្តិ៍​បឹង​សាគូ​ ក្នុងភូមិ​សា​ស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​ឧត្តមសេនីយ៍ត្រី អ៊ុ សុផល ស្នងការ​រង​ទទួល​ផែន​នគរបាល​ការពារ​ព្រំដែន​គោក​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០​ ថា ​កាលពី​វេលា​ម៉ោង​១៧និង​៣០​នាទី​​​ល្ងាច​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០​ មាន​ពលករ​ខ្មែរ​៤​នាក់​ (ស្រី​២​នាក់​)​ បាន​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​នៅ​ចំណុច​ក្រោយ​អាគារ​ផា​រ៉ា​ម៊ិ​ច​ ស្ថិត​​ក្នុង​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ត​បន្ទាយមានជ័យ​។

លោក​ស្នងការរង​បានបន្ត​ថា បន្ទាប់ពី​ពលករទាំង​​៤នាក់​បាន​លួច​ឆ្លង​ដែនដោយខុសច្បាប់ ក៏​ត្រូវ​​ទា​ហាន​ឈុត​ខ្មៅ​ថៃ​​ដេញ​ ក៏​រត់​ចូល​ត្រឡប់​ចូល​ទឹកដី​កម្ពុជា​វិញ ​ពេល​​នោះ​មាន​បុរស​ម្នាក់​ទាក់ក​ជើង​នឹង​​លួស​បន្លា​បណ្តាល​ឱ្យ​របួស​រត់​មិន​រួច​ ត្រូវ​​ទា​ហាន​ឈុត​ខ្មៅ​ចាប់​បាន​ទាំង​របួស​រួច​ដឹកយក​​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ថៃ​​ ​ហើយ​​ដឹក​បញ្ជូន​មក​ប្រគល់​ជូន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ប៉ុស្តិ៍​បឹង​សាគូ​វិញ​នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០​នេះ​។

លោក​បាន​បញ្ជាក់​ថា​ ​ពលករ​​ដែល​លួច​ឆ្លង​ដែន​ខុសច្បាប់​៤​នាក់​ (ស្រី​២​នាក់​) រួម​មាន ​១-​ឈ្មោះ ផា​ន់ ភ័​ណ្ឌ ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ​ (​រង​របួស​ជើង​​ដោយសាររត់ទាក់​បន្លា​​) ២-​ឈ្មោះ អ៊ូ សុខ​អៀង​រិ​ទ្ធ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ ៣-​ឈ្មោះ ហឿ គឹ​មហា​វ ភេទ​ស្រី​ អាយុ​៤០​ឆ្នាំ ​និង​៤-​ឈ្មោះ ហឿ គឹ​ម​ហុង ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ។ ពលករ​​ទាំង​៤នាក់​​នេះ​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ក្រោយ​ពេល​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ធ្វើការ​សួរនាំ​ហើយ​ប្រគល់​ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​វិញ ។

លោក​ឧត្តមសេនីយ៍ទោ ឈុ​ន ម៉ៅ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥​និង​ជា​មេបញ្ជាការ​ទឹ​ស​ទី​១​បន្ទាយ​មាន​ជ័យ​បាន​ណែនាំ​ដល់​ពលករ​ខ្មែរ​៤​នាក់​​ខាងលើ​ដែល​ភាគី​ទា​ហ៊ាន​ថៃ​ប្រគល់​ជូន​នោះ​ថា​ ​សូម​បងប្អូន​បញ្ឈប់​សកម្មភាព​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ ដែល​អាច​ប្រឈម​នឹង​គ្រោះថ្នាក់ផ្សេង​ ហើយ​សមត្ថ​កិច្ច​ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ទប់ស្កាត់​ពលករ​​ចំណាកស្រុក​ដោយ​ខុសច្បាប់​ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​៕ (កែសម្រួលដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ