ក្រប​ខណ្ឌ La Liga នឹង​វិល​ត្រឡប់​មក​វិញ​នៅ​ខែ​ក្រោយនេះហើយ​


អេ​ស្ប៉ា​ញ ៖ ក្រប​ខណ្ឌ​កំពូល La Liga នឹង​វិល​ត្រឡប់​ចាប់ផ្តើម​សកម្មភាព​ប្រកួតប្រជែង​របស់​ខ្លួន​ឡើង​វិញ នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០២០ ដែល​គូ​ដំបូង​បើក​ឆាក​គឺជា​ជំនួប​រវាង​ក្រុម Sevilla និង Real Betis នៅ​កីឡដ្ឋាន Ramón Sánchez Pizjuán​។

យោង​តាម​ការ​ផ្តល់​ព័ត៌មាន​ពី​កម្មវិធី​វិទ្យុ The Partidazo of the Cope របស់​អេ​ស្ប៉ា​ញ​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​ក្រប​ខណ្ឌ La Liga នឹង​វិល​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា​ខាង​មុខ ដែល​ការ​ប្រកួត​រវាង​ក្រុម Seville និង Real Betis នឹង​ក្លាយជា​ជំនួប​ដំបូង​គេ បន្ទាប់​លី​គ​មួយ​ត្រូវ​បាន​ផ្អាក​ជាង​ពីរ​ខែ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរ​សុ​កូ​វី​ដ​-១៩ ក្នុង​ប្រទេស​នេះ ។ ដោយឡែក​កាលវិភាគ​ប្រកួត​ពេញលេញ នឹង​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៨ ខែ​ឧសភា​ខាង​មុខ ដើម្បី​ដឹង​ច្បាស់​ពី​កាលបរិច្ឆេទ​បញ្ចប់​រដូវ​កាល​នេះ ។

បច្ចុប្បន្ន​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ បាន​អនុញ្ញាត​ឲ្យ​ក្រុមបាល់ទាត់​ក្នុង​ក្រប​ខណ្ឌ​នេះ​អាច​ធ្វើការ​ហ្វឹកហាត់​លក្ខណៈ​ជា​ក្រុម​ពេញលេញ កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ។ មិន​ខុស​គ្នា​ពី​ក្រប​ខណ្ឌ​កំពូល​អា​ល្លឺ​ម៉​ង់ Bundesliga និង Bundesliga.2 ក្រប​ខណ្ឌ La Liga នឹង​អនុវត្ត​វិធានការ​ដ៏​តឹង​រឹង​ជា​ច្រើន ពេល​បាល់ទាត់​ត្រឡប់​មក​វិញ នៅ​ពីក្រោយ​ការ​ប្រកួត​បិទទ្វារ​កីឡដ្ឋាន ៕ (ដកស្រង់​ចេញពី Marca)

កីឡាអន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ