ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យាយាមបំបាត់សំណុំរឿងមនុស្សឃាត តើ​ការចោទប្រកាន់នេះពិត​ឬ?

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ អធិការ​នគរបាល​ស្រុក​សង្កែបាន​រង​ការ​ចោទប្រកាន់​ថា បាន​ព្យាយាម​លាក់បាំង​សំណុំ រឿង​អំពើ​ «​មនុស្សឃាត​»​មួយ​ករណីដែល​ជា​បទល្មើស​«​ឧក្រិដ្ឋ​» អស់​រយៈពេល​ជិត​១​ខែ​កន្លង​ទៅ​នេះ ហើយ​ទើបតែ​ត្រូវ​គេ​ទម្លាយ​ឲ្យ​ដឹង ​កាលពី​ថ្ងៃ​ទី​២១ ឧសភា…

ខេត្តបាត់ដំបង ​៖ អធិការ​នគរបាល​ស្រុក​សង្កែបាន​រង​ការ​ចោទប្រកាន់​ថា បាន​ព្យាយាម​លាក់បាំង​សំណុំ រឿង​អំពើ​ «​មនុស្សឃាត​»​មួយ​ករណីដែល​ជា​បទល្មើស​«​ឧក្រិដ្ឋ​» អស់​រយៈពេល​ជិត​១​ខែ​កន្លង​ទៅ​នេះ ហើយ​ទើបតែ​ត្រូវ​គេ​ទម្លាយ​ឲ្យ​ដឹង ​កាលពី​ថ្ងៃ​ទី​២១ ឧសភា ដោយសារ​តែ​គេ​សង្ស័យ​ទៅ​លើ​សមត្ថកិច្ច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សមគំនិត​គ្នា​ជាមួយ​ជន​ដៃដល់​ជា​ថ្នូរ​នឹង​ផល​ប្រ​យោ​ជ​ន៍ ​។ ព្រោះ​ជន​ដៃដល់​ដែល​មាន​គ្នា​ចំនួន​៣​នាក់ កំពុង​ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់​យ៉ាង​មាន​សេរីភាព​។

ប្រភព​ព័​ត៌​មានបាន​ទម្លាយ​ពី​ប្រវត្តិ​សំណុំរឿង​ឧក្រិដ្ឋ​នេះ​ថា សំណុំរឿង ​«​មនុស្សឃាត​»​នេះ​ បាន​កើតឡើង តាំងពី​យប់​ថ្ងៃ​ទី​២៧ មេ​សា កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​ចំណុច​«​អូរ​ខ្ចះ​» ស្ថិត​នៅ​ខាងក្រោយ​ភូមិ​កំពង់​ឆ្លង ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ​ ។ អំពើ​«​មនុស្សឃាត​» នេះ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​០៣​នាក់ (​សុំ​លាក់​ឈ្មោះ​) បាន​ព្រួត​គ្នា​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ចាន់ យ៉​ត ភេទប្រុស ​អាយុ​៣៦​ឆ្នាំ រស់នៅ​ក្បែរ​គ្នា​នៅ​ក្នុង​ភូមិ-ឃុំ ខាងលើ​។ ប្រភព​បាន​ឲ្យ​ដឹង​ថា ភាគី​ជម្លោះ​នេះ គឺជា​បងប្អូន​ជីដូន​១​នឹង​គ្នា​។ ពួក​គេ​បាន​នាំ​គ្នា​ផឹកស៊ី​នៅ​ក្បែរ​អណ្ដូងទឹក ដែល​បូម​ចាប់​ត្រីអាំង ​ឬ​ដុត​ក្លែម​ស្រា​យ៉ាង​សប្បាយ​។

ការ​ផឹកស៊ី​នោះ ​បាន​ពន្យា​ពេល​រហូត​ដល់​យប់ ហើយ​បាន​ផ្ទុះ​ជម្លោះ​យ៉ាង​កំរោល​នៅ​ពេល​ស្រវឹង​ធ្លាក់​ភ្នែក​រៀង​ៗ​ខ្លួន​។ ពេល​នោះ​ពួក​ជន​ដៃដល់​បាន​ព្រួត​គ្នា​វាយ​ទៅ​លើ​ឈ្មោះ​យ៉​ត បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ហើយ​ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​២៨ មេ​សា ពេល​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ បើ​តាម​ព័​ត៌​មាន​ថា ជន​រង​គ្រោះ​ត្រូវ​ក្រុម​ដៃដល់​ព្រួត​វាយ​រហូត ​«​បែក​ក្រពះ​» ទើប​គ្រូពេទ្យ​ជួ​យស​ង្គ្រោះ​​មិន​បាន​។

ប្រភព​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​រូប​នេះ ​បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​បុណ្យសព​ជន​រង​គ្រោះ គេ​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​សួរនាំ​នៅ​ទីនោះ ហើយ​ក៏​ស្ងាត់ឈឹង​រហូត​ដល់​ពេល​នេះ ខណៈ​ក្រុម​ជន​ដៃដល់​ទាំង​០៣​នាក់​ដើរ​នៅ​ក្នុងភូមិ​យ៉ាង​រំភើយ​។ ប៉ុន្តែ​ក្រោយ​បញ្ចប់​ពិធី​បុណ្យសព គេ​ល្បី​
ត​ៗ​គ្នា​ពេញ​ភូមិ​ថា ក្រុម​ជន​ដៃដល់ បាន​ព្រមព្រៀង​បង់​សំណង​ឲ្យ​ជន​រង​គ្រោះ​ក្នុង​ម្នាក់​ចំនួន​២,០០០​ដុល្លា ដោយ​មាន​មន្ត្រី​ប៉ុ​ស្ដិ៍រដ្ឋបាល​វត្ត​តា​មិ​ម ជា​អ្នក​ជួយ​សម្រប​ស​ម្រួលបិទ​សំណុំរឿង​នេះ​។

ឆ្លើយ​តប​ទៅ​នឹង​ព័​ត៌​មាន​បែកធ្លាយ​ខាងលើ​នេះ លោក​ស៊ុន សុវណ្ណ អធិការ​ស្រុក​សង្កែ បាន​ថ្លែងប្រាប់​កោះ​សន្តិភាព តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ឧសភា​ នេះ​ថា ករណី​នេះ​ពិតជា​បាន​កើតឡើង​បែប​នេះ​មែន គឺ​ភាគី​ទាំង​២​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា ហើយ​២​ថ្ងៃក្រោយ​ទើប​កម្លាំង​បុ​ស្ដិ៍បានដឹង​រឿង​នេះ និង​បាន​ចុះ​ទៅ​សាក​សួរ​។ លោក​អធិការ​រូប​នេះ ​បាន​ប្រាប់​ថា រឿង​នេះ​បាន​កើតឡើង​នៅ​ពេល​ពួក​គេ​នៅ​ផឹកស៊ី​ជុំ​គ្នា ហើយ​បាន​ឈ្លោះប្រកែក​និង​វាយតប់​គ្នា​ខ្លះ តែ​មិន​ដល់​ថ្នាក់​ធ្ងន់ធ្ងរ​រហូត​ដល់​ស្លាប់​នោះ​ទេ​។ លោក​បាន​បំភ្លឺ​ហាក់​ជួយ​សម្រាល​បន្ទុក​ជនសង្ស័យ​ថា ក្រោយ​ពេល​កើតហេតុ ជន​ទាំង​៣​នាក់​នោះ​បាន​ដឹក​ជន​រង​គ្រោះ​តាម​ម៉ូតូ​យក​ទៅ​ពេទ្យ តែ​ជន​រង​គ្រោះ​បាន​ធ្លាក់​ពីលើ​ម៉ូតូ ទើប​ធ្វើ​ឲ្យ​របួស​កាន់តែ​ធ្ងន់ លុះ​បាន​មួយ​ថ្ងៃក្រោយ ជន​រង​គ្រោះ​​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​។ ជន​រង​គ្រោះ​ស្លាប់​ដោយសារ​មាន​រោគ​ផង មិនមែន​ស្លាប់​ដោយសារ​តែ​គេ​វាយ​នោះ​ទេ​។

នៅ​ពេល​សួរ​ថា តើ​ហេតុ​អ្វីបានជា​សមត្ថកិច្ច​មិន​ចាត់ការ​ទៅ​លើ​ក្រុម​ជន​ដៃដល់ ? លោក​ស៊ុន សុវណ្ណ ហាក់​ស្ទាក់ស្ទើរ​បន្តិច​ក្នុង​ការ​ឆ្លើយ​តប​នឹង​សំនួរ​នេះ​។ ប៉ុន្តែ​លោក​បាន​ផ្ដល់​ចម្លើយ​ទាំង​ប្រថុយប្រថាន​បែប​នេះ​ថា «​ខ្ញុំ​មិន​ចាត់ការ​ដោយសារ​តែវា​មិន​ស្ថិត​នៅ​ក្នុង​ហេតុ​ការ​ណ៍ជាក់ស្ដែង និងសំអាង​ថា មិន​បាន​វាយតប់​គ្នា​»​។ មានការ​លើក​ឡើង​ថា សំណុំរឿង​នេះ​លោក​អធិការបាន​ព្យាយាម​បិទ​បាំង​មិន​រាយ​ការ​ណ៍​ជូន​ថ្នាក់លើ​.. តើ​ពិត​ឬទេ ? លោក​ស៊ុន សុវណ្ណ បាន​សួរ​ដេញដោល​រកមុខ​អ្នក​ផ្ដល់​ព័​ត៌មាន​នេះ​មុន​នឹង​ឆ្លើយ​សំនួរ​។ ព្រោះ​លោក​អះអាង​ថា សំណុំរឿង​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​របស់​លោក​នៅឡើយ តើ​មន្ត្រី​ណា​អ្នក​ផ្ដល់ ?

ប៉ុន្តែ​យ៉ាងណា លោក​អធិការ​រូប​នេះ បាន​ផ្ដល់​ចម្លើយ​បន្ត​យ៉ាង​ដូច្នេះ​ថា « ក្រោយ​កើតហេតុ ខ្ញុំ​បាន​រាយ
​ការ​ណ៍​ផ្ដា​ល់មាត់​ជូន​ថ្នាក់លើ សូ​ម្បី​លោក​ព្រះរាជអាជ្ញា​ក៏​ខ្ញុំ​បាន​រាយ​ការ​ណ៍​ជូន​ដែរ តើ​ថ្នាក់​ណា​ដែល​ថា មិនដឹង ? ពេល​នេះ ​ខ្ញុំ​កំពុង​ចងក្រង​ឯកសារ ដែល​អាច​បញ្ជូន​ទៅ​ស្នងការ​នៅ​រសៀល​ថ្ងៃនេះ​ហើយ (២២ ០៥ ២០)​។ រីឯ​មនុស្ស​៣​នាក់​ដែល​ពាក់ព័ន្ធមិន​ទៅ​ណា​ទេ គឺ​ស្ថិត​នៅ​ក្រោម​ការ​តាម​ឃ្លាំមើល​របស់​សមត្ថ កិច្ច​នៅឡើយ ហើយ​បើ​ត្រូវការ​ជួបខ្ញុំ​នឹង​បញ្ជូន​ពួក​គេ​ទៅ​ភ្លាម​» ​។

ដោយឡែក ​និយាយ​ពី​ទឹកប្រាក់​ចំនួន​៦,០០០​ដុល្លា​វិញ ដែល​គេ​អះអាង​ថា ជា​ទឹកប្រាក់​របស់​ក្រុម​ជន​សង្ស័យ​ទាំង​០៣​នាក់​បង់​សំណង​ឲ្យ​ទៅ​គ្រូ​សារ​ជន​រង​គ្រោះ​នោះ លោក​ស៊ុន សុវណ្ណ បាន​ទ​ទូល​ស្គាល់​ថា ពិតជា​មាន​មែន​។ ប៉ុន្តែ​លោក​បាន​បំភ្លឺ​អំពី​ចំនួន​ទឹកប្រាក់​ដ៏​សម្បើម​នេះ​ថា «​ខ្ញុំ​បានដឹង​ចំនួន​ទឹកប្រាក់​៦,០០០​ដុល្លា​នោះ តែ​គ្រួសារ​រង​គ្រោះ​អះអាង​ថា ជា​ប្រាក់​ចូល​បុណ្យ ខ្ញុំ​ក៏​ឆ្ងល់​ដែរ​ថា តើ​ប្រាក់​ចូល​បុណ្យ ម្ដេច​ក៏​សម្បើម​ម្លេះ ? តែ​យ៉ាងណា ខ្ញុំ​បាន​ឲ្យ​មន្ត្រី​ប៉ុ​ស្ដ៏​ធ្វើ​របាយ​ការ​ណ៏​ច្បាស់លាស់​ហើយ​»​។

វា​ហាក់​ផ្ទុយ​បន្តិច​ពី​ការ​បំភ្លឺ​របស់​លោក​អធិការ​ស្រុក​សង្កែ ពាក់ព័ន្ធ​នឹង​ចំនួន​ទឹកប្រាក់​ចូល​បុណ្យ​៦,០០០​ដុល្លា​។ បើ​តាម​ព័​ត៌មាន​ច្បាស់ការ ដែល​ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង​នៅ​ពេល​បែកធ្លាយ​រឿង​នេះ​ថា នៅ​ថ្ងៃ​ធ្វើបុណ្យ​នោះ ក្រុម​ជនសង្ស័យ​ទាំង​០៣​នាក់ បាន​នាំ​គ្នា​កាន់​ប្រាក់​ម្នាក់​ៗ២,០០០​ដុល្លារទៅ​ប្រគល់​ជូន​គ្រួសារ​ជន​រង​គ្រោះ​។ ពេល​នោះ ​ភាគី​រង​គ្រោះ​ស្រឡាំងកាំង​ទៅ​នឹង​ចំនួន​ទឹកប្រាក់​ទាំង​ដុំ​ៗ រួច​សួរ​ទៅ​ពួក​ជនសង្ស័យ​ថា តើ​ប្រាក់​អ្វី​យក​មក​ឲ្យ​គាត់​ច្រើន​ម្លេះ ? ក្រុម​ជនសង្ស័យ​ក៏​បាន​ឆ្លើយ​រៀបរាប់​ស្ងាត់​ៗ​ពី​ដំណើររឿង​ដែល​ពួក​ខ្លួន​វាយដំ​ជន​រង​គ្រោះ​រហូត​ដល់​ស្លាប់ ហើយ​សុំ​កុំ​ឲ្យ​ម្ដាយ​ជន​រង​គ្រោះ​ប្ដឹងផ្ដល់ និងសុំ​បញ្ចប់រឿង​ត្រឹម​បង់​សំណង​៦,០០០​ដុល្លារ ​។

មិនតែប៉ុណ្ណោះ ក្រោយ​ពី​ប្រគល់​ប្រាក់​ទៅ​គ្រួសារ​ជន​រង​គ្រោះ ជនសង្ស័យ​ទាំង​៣​នាក់ បាន​នាំ​គ្នា​ទៅ​ប៉ុ​ស្ដិ៍​នគរបាល​វត្ត​តា​មិ​ម ដើម្បី​សារភាព​រឿង​នេះ​។ ដោយ​ឃើញ​ភាគី​ទាំង​២​មិន​ប្ដឹងផ្ដល់​គ្នា ទើប​មន្ត្រី​ប៉ុ​ស្ដិ៍​ឯក​ភាព​ជួយ​ធ្វើ​កិច្ចសន្យា​ទ​ទូល​សំណង និងមិន​ប្ដឹងផ្ដល់​គ្នា​ឲ្យ​ភាគី​ទាំង​២ ថែម​ទាំង​បិទ​ខ្ជិ​ប​សំណុំរឿង​នេះ​មិន​រាយ​ការ​ណ៍​ជូន​ថ្នាក់លើ​ទៀត​ផង​។

បើ​និយាយ​អំពី​នីតិវិធី​តាម​ផ្លូវច្បាប់​វិញ លោក​ស៊ុន សុវណ្ណ អធិការ​ស្រុក​សង្កែ អះអាង​ថា មូលហេតុ​ដែល​លោក​មិន​ចាត់ការ​លើ​ជនសង្ស័យ ដោយសារ​ពេល​នោះ មិន​ស្ថិត​នៅ​ក្នុង​ហេតុ​ការ​ជាក់ស្ដែង ព្រោះ​មន្ត្រី​របស់​លោក​បានដឹង​ក្រោយ​កើតហេតុ​២​ថ្ងៃ​។ ប៉ុន្តែ​មន្ត្រី​ការិយាល័យ​ជំនាញ​បាន​ចាត់​ទុក​ការ​បកស្រាយ​របស់​លោក​អធិការ​រូប​នេះ​ថា «​ជា​ការ​បកស្រាយ​ខុស​នឹង​នីតិវិធី​ព្រហ្មទណ្ឌ​»​។ មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា បើ​យោង​​លើ​នីតិវិធី​ព្រហ្មទណ្ឌ «​បទល្មើស​ជាក់ស្ដែង​មាន​រយៈពេល​៧​ថ្ងៃ​» សម្រាប់​មន្ត្រី​ជំនាញ​ធ្វើការ​ស៊ើប​អង្កេត​និង​ឃាត់ខ្លួន​ជនល្មើស​។

ដូច្នេះ ​ក្នុងអំឡុងពេល​ដែល​មន្ត្រី​ប៉ុ​ស្ដិ៍​ចុះ​សួរនាំ ក្រោយ​កើតហេតុ​២​ថ្ងៃ​នោះ គឺ​មិន​ទាន់​ផុត​នីតិវិធី​ជាក់ស្ដែង​
​ទេ​។ ការ​លើក​ឡើង​របស់​លោក​អធិការ​ស្រុក​សង្កែបែប​នេះ គឺ​ស្មើនឹង​មន្ត្រី​ដែល​មិន​ចេះ​នីតិវិធី​ព្រហ្មទណ្ឌ​។ ពេល​នេះ​ លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​លោក​អធិការ​ស្រុក​សង្កែ ត្រូវ​តែ​បញ្ជូន​សំណុំរឿង​បទ​«​ឧក្រិដ្ឋ​»​នេះ ​មក​កាន់​ការិយាល័យ​ជំនាញ​ហើយ​។ ប៉ុន្តែ​មន្ត្រី​ការិយាល័យ​ជំនាញ បាន​បញ្ជាក់​ថា គិត​ត្រឹម​​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ ឧសភា ការិយាល័យ​ជំនាញ មិន​ទាន់​ឃើញ​មាន​របាយ​ការ​ណ៍​​ជាក់លាក់ ដែល​លោក​អធិការ​ស្រុក​សង្កែ បញ្ជូន​មក​ដល់​ស្នងការ​ខេត្ត​នៅឡើយ​ទេ បែប​ទំនង​កំពុង​ដើរ​ប្រមូល​៕

អត្ថបទសរសេរ ដោយ