រឿង​លុយ​សែន​! បុរស​បើក​កង់​បី និង​ស្ត្រី​ជា​ភ្ញៀវ​ប្រកែក​គ្នា​ផ្អើល​ពេញ​ផ្លូវ


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​បាន​ចោទ​ស្ត្រី​វ័យ​ចំណាស់​ជា​ភ្ញៀវ​ម្នាក់​ថា បន្លំ​ធ្វើ​ចរាចរណ៍​លុយ​ក្លែងក្លាយ ខណៈ​ស្ត្រី​ជា​ភ្ញៀវ​បាន​អះ​អាង​ថា ខ្លួន​ច្រឡំ​ឱ្យ​លុយ​សែន​តែ​ប៉ុណ្ណោះ បង្ក​ឲ្យ​កើត​មាន​ជម្លោះ​ឈ្លោះប្រកែក​គ្នា​ផ្អើល​ពេញ​ផ្លូវ​តែ​ម្តង កាលពី​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២០ ត្រង់​ចំណុច​ក្បែរ​វិទ្យាល័យ​ជា​ស៊ី​ម​សន្ធរ​ម៉ុ​ក តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​កែង​និង​ផ្លូវ​២៥៣ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។

តាម​សម្តី​ពី​បុរស​ឈ្មោះ​ស៊ី ណេ​ត អាយុ​២៣​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​កង់​បី ស្នាក់​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បាន​រៀប​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់​បាន​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ម៉ាក បា​ចា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1HH-6222 ដើរ​រក​ដឹក​ភ្ញៀវ​នៅ​តាម​ដងផ្លូវ ខណៈ​ពេល​មក​ដល់​អតីត​រង្វង់​មូល​ទួល​គោក ក៏​ជួបនឹង​ស្ត្រី​ខាងលើ​បាន​ហៅ​គាត់​ឲ្យ​ដឹក​ទៅ​ផ្សារ​សាមគ្គី ដោយ​មិន​បាន​និយាយ​ពី​តម្លៃ​ដឹក​នោះ​ទេ​។

បុរស​ខាងលើ​បន្ត​ថា ពេល​ដឹក​ទៅ​ដល់​ចំណុច​ផ្សារ​សាមគ្គី ស្ត្រី​រូប​នោះ​ក៏​ប្រាប់​ឱ្យ​បុរស​ជា​អ្នក​បើក​ម៉ូតូ​កង់​បី​ធ្វើការ​ដឹក​ទៅ​ចំណុច​កើតហេតុ​ជា​បន្ត​ទៀត​។ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ហើយ ស្ត្រី​រូប​នោះ​ក៏​ហុច​ក្រដាសប្រាក់​5$ ដែល​ជា​ក្រដាសប្រាក់​ក្លែងក្លាយ​ឲ្យ​ទៅ​រូប​គាត់ ។ ពេល​នោះ​រូប​គាត់​ជា​អ្នក​បើក​ម៉ូតូ​កង់​បី​ក៏​ដឹង​ថា ជា​ក្រដាសប្រាក់​ក្លែងក្លាយ រួច​ក៏​បាន​ហុច​ត្រឡប់​ទៅ​ស្ត្រី​នោះ​វិញ ដោយ​ប្រាប់​ថា «​ក្រដាស់ប្រាក់​នេះ រហែក​មាន​ក្រដាស​ផ្សែង​ឬ​អត់?»។

បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី បាន​បន្ត​ទៀត​ថា បន្ទាប់​មក​ស្ត្រី​រូប​នោះ​ក៏​បាន​ហុច​ក្រដាសប្រាក់​5$ មួយ​សន្លឹក​ទៀត ដែល​ជា​ក្រដាសប្រាក់​ក្លែងក្លាយ​ឲ្យ​មក​គាត់​ទៀត ធ្វើ​ឲ្យ​រូប​គាត់​ដែល​ជា​អ្នក​បើក​ម៉ូតូ​កង់​បី​ទប់​កំហឹង​មិន​បាន ក៏​ដេញ​ស្ត្រី​រូប​នោះ​ឲ្យ​ចុះ​ពីលើ​ម៉ូតូ​កង់​បី​របស់​ខ្លួន ដោយ​ស្រែក​ប្រាប់​ថា «​នាង​ឯង​កុំ​ចង់​យក​លុយ​ក្លែងក្លាយ​មក​បោក​អញ​»​។

បន្ទាប់​មក​ស្ត្រី​នោះ​ក៏​ស្រែក​ទៅ​វិញ «​លុយ​ក្លែងក្លាយ​ស្អី​គេ​» និង​បាន​ចោទប្រកាន់​ថា បុរស​ជា​អ្នក​បើក​ម៉ូតូ​កង់​បី​និយាយ​មើលងាយ​ខ្លួន បង្ក​ឲ្យ​មានការ​ប្រវាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក តែ​មិន​បណ្ដាល​​ឲ្យ​មាន​របួស​នោះ​ទេ​។ ភ្លាម​ៗ​នោះ​ស្ត្រី​ខាងលើ ក៏​ព្យាយាម​ដើរ​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ ទៅ​តាម​បណ្តាល​ផ្លូវ​២៥៣ បាន​ចម្ងាយ​ប្រមាណ​២០​ម៉ែត្រ ក៏​ត្រូវ​អ្នក​រត់​កង់​បី​រាយ​ការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះ​មក​អន្តរាគមន៍​តែ​ម្តង​។

តាម​សម្តី​ពី​ស្ត្រី​ដែល​ជា​ភ្ញៀវ​ជិះ​កង់​បី​វិញ​មិន​បាន​បញ្ចេញ​ឈ្មោះ​នោះ​ទេ គ្រាន់តែ​ប្រាប់​ថា ក្រដាស​ប្រាក់​ក្លែងក្លាយ​ទាំងនោះ គឺ​នាង​ទុក​យក​ទៅ​ដុត​នៅ​ខាង​មុខ​ព្រះ​បរមរាជវាំង ដើម្បី​រំដោះគ្រោះ ព្រោះ​មាន​គ្រូទាយ​ថា ឆ្នាំ​នេះ​នាង​មាន​គ្រោះ​ធំ ទាល់តែ​នាង​ដុត​ក្រដាសប្រាក់​សែន ទើប​អាច​រំដោះគ្រោះ​នេះ​បាន​។ ចំពោះ​ក្រដាសប្រាក់​ក្លែងក្លាយ​ដែល​នាង​ឲ្យ​ទៅ​បុរស​អ្នក​រត់​កង់​បី គឺ​នាង​ច្រឡំ​នោះ​ទេ ភ្លាម​ៗ​នោះ​នាង​ក៏​បានឱ្យ​ក្រដាសប្រាក់​ពិត​ទៅ​បុរស​ខាងលើ​វិញ តែ​បុរស​នោះ​មិន​ព្រមយក​។

បន្ទាប់​ពី​ស្ត្រី​រូប​នោះ​ឆ្លើយ​ប្រាប់​រួច​មក នាង​ក៏​បើក​កាបូប និង​កន្ត្រក​លុយ​ដែល​មាន​ក្រដាសប្រាក់​ពិត​មួយ​ចំនួន និង​ក្រដាសប្រាក់​ក្លែងក្លាយ​ចំនួន​4​សន្លឹក ក្នុង​នោះ​ក្រដាស​20​ដុល្លារ​មួយ​សន្លឹក និង​5​ដុល្លារ​បីសន្លឹក​។

ក្រោយ​ពេល​កើតហេតុ ដោយ​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​កង់​បី​ខាងលើ មិន​ចង់​មានរឿង​វែង​ឆ្ងាយ​ក៏​បើក​ម៉ូតូ​កង់​បី​ចាក​ចេញពី​កន្លែង​កើតហេតុ ដោយ​មិន​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​សមត្ថកិច្ច ឬ​ក៏​ទាមទារ​ថ្លៃ​ដឹក​ពី​ស្ត្រី​ខាងលើ​នោះ​ទេ ហើយ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​អប់រំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​១ និង​ឲ្យ​ស្ត្រី​ខាងលើ​ត្រឡប់​ទៅ​វិញ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ