ខ្មែរ​ និង​បរទេស​៥​សញ្ជាតិ​ត្រូវ​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​មួយ​នៅ​ភ្នំពេញ


រាជធានី​ភ្នំពេញ​៖ អ្នកដំណើរ​ជនជាតិ​ខ្មែរ​ម្នាក់​និង​បរទេស​ចំនួន ៥ សញ្ជាតិ​សរុប ៦២​នាក់​ត្រូវ​បាន​ត្រូវ​ដាក់​បន្ត​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤ ថ្ងៃ នៅ​សណ្ឋាគារ​មួយ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​តាមដាន​សុខភាព​តាម​វិធានការ​សុខាភិបាល​ជា​ចាំបាច់ បន្ទាប់​ពី​អ្នកដំណើរ​ម្នាក់​ជា​បុរស​ជនជាតិ​ខ្មែរ​វ័យ ២៦ ឆ្នាំ​ត្រូវ​បាន​តេស្ត​រក​ឃើញ​មាន​ផ្ទុក​កូ​វី​ដ​-១៩ ។

យោង​តាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​កម្ពុជា​ចេញផ្សាយ​កាលពី​រាត្រី​ថ្ងៃ​ទី ២១ ឧសភា អំពី​ការ​រ​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ មួយ​ករណី​លើ​ជនជាតិ​ខ្មែរ​វ័យ ២៦ ឆ្នាំ​ធ្វើ​ដំណើរ​ពី​ប្រទេស​ហ្វី​លី​ពី​ន ឆ្លងកាត់​ព្រ​លាន​យន្តហោះ​នៅ​កូរ៉េ ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា​អ្នកដំណើរ​ផ្សេង​ទៀត​មាន​ជនជាតិ​កូរ៉េ ២៣ នាក់​, ជនជាតិ​ប៊ែ​ល​ហ្សិ​ក ១ នាក់​, បុរស​ជនជាតិ​ចិន (​តៃវ៉ាន់​) ១​នាក់​, បុរស​ជនជាតិ ហូ​ឡង់ ១​នាក់​, ជនជាតិ​ជប៉ុន ៣​នាក់​, និង​ជនជាតិ​ខ្មែរ ៣៤ នាក់ (​រួម​ទាំង​អ្នក​ផ្ទុក​កូ​វី​ដ​-១៩) ។

ឆ្លើយ​តប​ទៅ​នឹង​សំ​ណូ​រ​របស់​អ្នក​សារព័ត៌មាន​ថា​តើ​អ្នកបើកបរ​យន្តហោះ និងបុគ្គលិក​បម្រើ​ការ​លើ​យន្តហោះ តើ​ត្រូវ​បាន​ដាក់​ក្នុង​ច​ត្តា​ឡី​ស័​ក្ត​ដែរ ឬទេ​នោះ លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា «​ខ្ញុំ​បាន​ព័ត៌មាន​ហើយ គឺ​យន្តហោះ​នោះ​ទាំង​អ្នកបើកបរ​និង​អ្នកបម្រើ​ការ​បាន​វិល​ត្រឡប់​ទៅ​វិញ​នៅ​ថ្ងៃ​ដដែល​» ។

សូម​រម្លឹក​ថា​បុរស​ជនជាតិ​ខ្មែរ អាយុ ២៦ ឆ្នាំ មាន​ទីលំនៅ​នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ហ្វី​លី​ពី​ន ឆ្លងកាត់​ព្រ​លាន​យន្តហោះ​នៅ​កូរ៉េ​និង​បាន​មក​ដល់​កម្ពុ​ជានា​ថ្ងៃ​ទី ២០ ឧសភា វេលា​ម៉ោង ១០យប់ ។ ក្រោយ​ពី​តេស្ត​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ ក៏​ត្រូវ​បា​នប​ញ្ជួ​ន​មក​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ