ប្រគល់​ផ្ទះ និង​ផ្តល់​អំណោយ ជន​ពិការ ចាស់ជរា​ក្រីក្រ​២១​គ្រួសារ​នៅ​ស្រុក​ស្វាយ​​ទាប​(​វី​ដេ​អូ​)


ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២០ មូលនិធិ​ជន​ពិការ​បាន​ធ្វើ​ពិធី​ប្រគល់​ផ្ទះ​ថ្មី​១​ខ្នង ទំហំ​៤​ម​x៦​ម៉ែត្រ សង់​អំពី​ថ្ម​ប្រក់​ស័ង្កសី ដោយ​មាន​បំពាក់​ភ្លើងអគ្គិសនី​ពន្លឺ​ព្រះ​អា​ទឹ​ត្យ​ជូន​លោក ខ្វាន់ សា​រឿ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ជន​ពិការ​ជើង​ទាំង​ពីរ​ដែល​មាន​ប្រពន្ធ កូន និង​ចៅ មាន​ជីវភាព​ក្រីក្រ​គ្មាន​ផ្ទះ រស់នៅ​មាន​តែ​ខ្ទម​តូច​ទ្រុឌទ្រោម នៅ​ភូមិ​សង្គ្រោះ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប​។

ពិធី​នេះ មានការ​អញ្ជើញ​ជា​គណៈអធិបតី​ពី​លោក សៅ ឡែ​ន ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​ជន​ពិការ លោកនាយក​មូលនិធិ​ជន​ពិការ លោកស្រី ឯក សុវណ្ណ​ភារៈ អភិបាលរង​ខេត្ត ព្រមទាំង​ក្រុមប្រឹក្សា​ស្រុក ឃុំ និង​មន្ត្រីរាជការ​ជា​ច្រើន​កុះករ​។

លោក សៅ ឡែ​ន ប្រធាន​ក្រុម​ប្រិ​ក្សា​មូលនិធិ​ជន​ពិការ បាន​បញ្ជាក់​ថា ផ្ទះ​១​ខ្នង​នេះ​ចំណាយ​អស់​ថវិកា ១៦,០០៨,០០០​រៀល បាន​មក​ពី​អំណោយ​សប្បុរសធម៌​ដែល​សប្បុរសជន​នានា បាន​បរិច្ចាគ​ចូល​ហិប​ប្រាក់​វិភាគទាន​សប្បុរសធម៌​មូលនិធិ​ជន​ពិការ​។

លោក​បន្ត​ទៀត​ថា ហិប​នេះ បាន​ដាក់​នៅ​តាម​វត្ត​អារាម កន្លែង​ទេសចរណ៍ ក្រុមហ៊ុន រោងចក្រ ធនាគារ សណ្ឋាគារ​។​ល​។ ហើយ​កន្លង​មក​មូលនិធិ​ជន​ពិការ បាន​ប្រគល់​ផ្ទះ​ជូន​ទៅ​ជន​ពិការ​ក្រីក្រ​នៅ​ខេត្តបាត់ដំបង ខេត្តតាកែវ និង​ខេត្តសៀមរាប នេះ​ជា​ផ្ទះ​ទី​៤​ហើយ មូលនិធិ​ជន​ពិការ និង​ផ្តល់​ជូន​បន្ត​ទៀត​នៅ​ខេត្ត​ផ្សេង​ៗ​ទៀត ដែល​ខេត្ត​ខ្លះ​សាងសង់​រួច​៩០%​និង​ខេត្ត​ខ្លះ​បាន​សង់​រួច​ជា​ស្ថាពរ​។

ការ​ផ្តល់​ផ្ទះ​មូលនិធិ​បាន​ប្រជុំ ពិនិត្យ​វាយតម្លៃ កំណត់​លក្ខណៈសម្បត្តិ ជន​ពិការ​ក្រីក្រ​តាម​សហ​គមន៍​។ កន្លង​មក​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ភារកិច្ច​ជា​ច្រើន​សំដៅលើ​ការ​លើកកម្ពស់​សុខមាលភាព​ជន​ពិការ តាម​រយៈ​ការ​ផ្តល់​សេវា ស្តា​លទ្ធភាព​ពលកម្ម​ដោយ​ឥត​គិតថ្លៃ ការ​ផ្តល់​របប​គោលនយោបាយ​ពិនិត្យ​ថែទាំ​សុខភាព​ជូន​ជន​ពិការ​ក្រីក្រ បណ្តុះបណ្តាល​វិជ្ជាជីវៈ ការ​ជម្រុញ​ឲ្យ​មានការ​ងារ​ធ្វើ ការ​ដាក់​បញ្ចូល​ជន​ពិការ​ទៅ​ក្នុង​សកម្មភាព​សង្គម​។

ថ្មី​ៗ​នេះ ក្រសួង​ក៏​បាន​នាំ​យក​សម្ភារៈ​អនាម័យ សម្រាប់​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ដែល​ឧបត្ថម្ភៈ​ដោយ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ជូន​ដល់​អង្គភាព​ដែល​បម្រើ​សេវាកម្ម​ដល់​ជន​ពិការ​។

ក្នុង​ពិធី​នេះ​ដែរ លោក ជូ រតនៈ នាយក​មូលនិធិ​ជន​ពិការ បាន​នាំ​អំណោយ​សប្បុរសធម៌ សម្រាប់​ផ្តល់​ជូន​ដល់​គ្រួសារ​លោក ខ្វាន់ សា​រឿ​ន រួម​មាន​៖​ថវិកា​១០​ម៉ឺន​រៀល អង្ករ​២៥​គីឡូក្រាម ត្រីខ​២​យួរ ទឹកស៊ីអ៊ីវ​១​យួរ ទឹកត្រី​១​យួរ អំបិល​២​កញ្ចប់ មី​១​កេស​។

ក្នុង​នោះ​ដែរ មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធ​ជន និ​យុវ​នីតិសម្បទា​ខេត្ត និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង ជួយ​ឧបត្ថម្ភ​គ្រួសារ​លោក ខ្វាន់ សា​រឿ​ន បន្ថែម និង​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​២០​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ​ទទួល​បាន អង្ករ​៣០​គីឡូក្រាម សារុង​១ មុង​១ ភួយ​១ ក្រមា​១​និង​ថវិកា​មួយ​ចំនួន​ពី​មូលនិធិ​ជន​ពិការ​ផង​ដែរ​៕

សប្បុរសធម៌

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ