ក្រសួងកសិកម្ម​មិន​បាន​អនុញ្ញាត​ឲ្យ​មានការ​នាំ​ចូល​ជង្គង់​មាន់ និង​គ្រឿងក្នុង​ពី​ប្រទេស​ជិតខាង​ទេ


រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​អះអាង​ថា មិន​បាន​អនុញ្ញាត​ឲ្យ​មានការ​នាំ​ចូល​ជង្គង់​មាន់ និង​គ្រឿងក្នុង​មាន់​ពី​ប្រទេស​ជិតខាង​នោះ​ទេ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នា​រសៀល ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង លោក សុ​ផា​ន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន សុខភាព និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អះអាង​ថា កន្លង​មក​ចំនួន​មាន់​មានការ​ចុះថោក​ដោយសារ​ចំនួន​មាន់​ចិញ្ចឹម​បាន​គរ​គ្នា​នៅ​ពេល​ទទួល​បាន​ផល ។ លោក​បន្ត​ថា​តាម​គោលការណ៍​អាស៊ាន​ប្រទេស​មួយ​មិន​អាច​មាន​សិទ្ធិ​បិទ​ការ​នាំ​ចូល​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ប្រទេស​ណាមួយ​មានការ​ផ្គត់ផ្គង់​គ្រប់គ្រាន់​ហើយ យើង​អាច​កាត់​បន្ថយ និង​ឈាន​ដល់​ការ​នាំ​ចូល​បាន ។

ជា​ពិសេស​នោះ​អនុសាសន៍​របស់​សម្តេច​តេ​ជោ មិន​ចង់​ឲ្យ​មានការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ទេ ។ លោក​បញ្ជាក់​ថា​៖«​យើង​មិន​អនុញ្ញាត​ឲ្យ​នាំ​ចូល​ជង្គង់​មាន់ ឬ​គ្រឿងក្នុង​មាន់​នោះ​ទេ ។ ករណី​មាន​ដោយសារ​ខាង​មន្ត្រី​ខាង​អគ្គនាយកដ្ឋាន និង​ពេទ្យសត្វ​ចាប់​បាន​គេ​ដុត​ចោល​តែ​ម្តង ការ​ធ្វើ​បែប​នេះ គឺ​ការពារ​សុខភាព និង​ហានិភ័យ​ដល់​សារ​ធារ​ណៈ​» ។

លោក​បាន​លើក​ឡើង​ថា ក្រសួងកសិកម្ម និង​រុក្ខា​ប្រមាញ់​នេសាទ​បាន​គោរព​តាម​ការ​ណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដោយ​បាន​ធ្វើការ​ទប់ស្កាត់​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០ ។

ក្រសួង​មិន​បាន​បិទ​ក្រុមហ៊ុន​ណាមួយ​ទេ ប៉ុន្តែ​អ្វី​ដែល​ក្រសួង​ធ្វើការ គឺ​ក្រសួង​បាន​កាត់​បន្ថយ​ចំនួន​ជ្រូក​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ប្រមាណ​៧០​ភាគរយ ចំនួន​ក្រុមហ៊ុន​នៅ​ដដែល ។

ជាមួយ​គ្នា​នោះ​ដែរ លោក​បាន​បន្ត​ថា ៖ យើង​មិន​បាន​កាត់​បន្ថយ​ចំនួន​ក្រុមហ៊ុន​នោះ​ទេ ប៉ុន្តែ​យើង​កាត់​បន្ថយ​ចំនួន​នាំ​ចូល​ជ្រូក ហើយ​មូលហេតុ​ដែល​យើង​បិទ​ក្រុមហ៊ុន​នៅ​ពេល​បច្ចុប្បន្ន គឺ​យើង​មាន​ឯកសារ ដោយសារ​គាត់​បាន​សន្យា​ថា នៅ​ពេល​គាត់​ធ្វើ​ខុស​គាត់​នឹង​ឈប់​ធ្វើការ​រកស៊ី​នឹង​សត្វ​ហើយ ។ គាត់​ធ្វើ​ខុស​ដោយ​ដឹក​ជញ្ជូន​ខុសច្បាប់​ដែល​ក្រសួង​មហា​ឃាត់​»​។

សូម​ជម្រាប​ថា តាម​ការ​កត់សម្គាល់​កាល​ពេល​កន្លង​មក​គេ​សង្កេត​ឃើញ​ថា នៅ​តែ​មានការ​លួច​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ផង​ដែរ ប៉ុន្តែ​សមត្ថកិច្ច​បាន​ចាប់​បានជា​រើ​យ​ៗ​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ