អាជ្ញាធរ​ចុះ​ពិនិត្យ​ និង​កំណត់​មុខសញ្ញា​ជន​​កាប់​រាន​ដី​ព្រៃ​លិច​ទឹក


ខេត្តពោធិ៍សាត់ ៖ តំបន់​ព្រៃ​លិច​ទឹក​ជុំវិញបឹង​ទន្លេសាប​ជា​ច្រើន​កន្លែង បាន​ត្រូវ​ជនខិលខូចមួយ​ចំនួន​លួច​ឈូស​ឆាយ​រុករាន​ពង្រីក​បន្ថែមដើម្បី​ធ្វើស្រែ ទោះបី​ដឹង​ថា​ច្បាប់​បាន​ហាមឃាត់​ក៏​ដោយ ។

ជាក់ស្ដែង​នៅ​ខេត្តពោធិ៍សាត់ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ជនខិលខូច​កំ
ពុង​រុករាន​ដី​នៅ​ចំណុច​ភូមិសាស្ត្រ​ឃុំ​អ​ន្សា​ចំបក់ និង​ភូមិ​ត្រពាំង​រំដេញ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រ
គរ​ភ្លាម នា​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០ លោក ចេ​ង ឡៃ អភិបាលរង តំណាង​ឯកឧត្តម​អភិ
បាល​ខេត្ត ដោយ​មានការ​ចូលរួម​ពី​លោក​អភិបាល​រង​ស្រុក មន្ត្រី​រដ្ឋបាល​ជលផល បរិស្ថាន និង​លោក​មេ​ភូមិ បាន​ទៅ​ពិនិត្យ​មើល​ជា​បន្ទាន់ដើម្បី​មាន​វិធានការ​និង​កំណត់​មុខសញ្ញា​ជន​ខិល
ខូច​ទាំងនោះ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ។ ប៉ុន្តែ​នៅពេល​ទៅ​ដល់ ក្រុម​ជនខិលខូច​ទាំងនោះ​គេចខ្លួន​បាត់​អស់ បន្សល់​ទុក​តែ​ដី​ដែល​ទើប​ឈូស​ឆាយ​រួច​ថ្មី​ៗ​ជា​ច្រើន​ហិ​កតា ។

លោក ចេ​ង ឡៃ ថ្លែង​ថា ដី​នៅ​ជុំវិញ​បឹង​ទន្លេសាប​នេះ រាជរដ្ឋាភិបាល​បាន​បែងចែក​ជា​៣​តំបន់ គឺ​តំបន់​១ តំបន់​២ និង​តំបន់​៣ ។

តំបន់​១ គឺ​តំបន់​អភិវឌ្ឍន៍​គិត​ពី​ផ្លូវជាតិ​លេខ​៥​និង​ផ្លូវជាតិ​លេខ​៦ ។ ដី​នេះ​ប្រជាពលរដ្ឋ​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់ អាច​សាងសង់​លំនៅ​ឋាន កាប់​ឆ្ការ​ដើម្បី​បង្កបង្កើន​ផល ដាំ​ដំណាំ ចិញ្ចឹមសត្វ ក្នុង​ការ​រស់នៅ​បាន ។

តំបន់​២ គឺជា​តំបន់ទ្រនាប់​អភិរក្ស​បឹង​ទន្លេសាប មិន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ទេ បើ​បងប្អូន​ប្រជាពលរដ្ឋ​ធ្លាប់​ធ្វើស្រែ​អាស្រ័យ​ផល​ជា​យូរ​មកហើយ​សូម​បន្ត​ធ្វើ​ទៀត​ចុះ រាជរដ្ឋាភិបាល​មិន​ហាមឃាត់​ទេ ប៉ុន្តែ​ហាម​ឈូស​ឆាយ​ពង្រីក​បន្ថែម ។

ម្យ៉ាងវិញទៀត បើ​ខានធ្វើ​ស្រែ​អាស្រ័យ​ផល​៣​ទៅ​៤​ឆ្នាំទៅ​ហើយ ស្រាប់​តែព្រៃ​ដុះ​ជុំ​ជិត​ឡើង
វិញ ក៏​មិន​អនុញ្ញាត​ឲ្យ​ឈូស​ឆាយ​អាស្រ័យ​ផលឡើង​វិញ​នោះ​ដែរ បើ​មិន​ដូច្នេះ​ទេ​នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់​ជា​មិន​ខាន ។

តំបន់​៣ គឺជា​តំបន់​អភិរក្ស​បឹង​ទន្លេសាប​ទាំងមូល​តែ​ម្ដង មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ប៉ះពាល់​ដាច់ខាត ហើយ​ព្រៃ​លិច​ទឹក​គឺជា​ជម្រក​ត្រី និង​ជីវចម្រុះ​ពង​កូន​ដ៏​មាន​សារៈសំខាន់​បំផុត។

លោក​អភិបាលរង​ខេត្ត ចេ​ង ឡៃ បាន​អំពា​វនា​វ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ គោរព​ច្បាប់​ទាំងអស់​គ្នា កុំ​រុករាន​ទន្ទ្រាន​ដីធ្លី កុំ​កាប់​ឬ​ដុត​ព្រៃ​លិច​ទឹក កុំ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ ត្រូវ​រួម​គ្នា​ថែរក្សា ទប់ស្កាត់ និង​ការពារ​ធនធានធម្មជាតិ​ទាំងអស់​គ្នា​ឲ្យ​នៅ​គង់វង្ស ដើម្បី​ជា​គំរូ​ល្អ​ដល់​កូន​ចៅ​​ជំនាន់​ក្រោយ ។

លោក​អភិបាលរង​ខេត្ត សូម​ឲ្យ​លោក​មេ​ភូមិ មេឃុំ សមត្ថកិច្ច និង​មន្តី​ជំនាញ ស្រាវជ្រាវ កំណត់​មុខសញ្ញា​ជនខិលខូច​ដែល​លួច​ឈូស​ឆាយដី​តំបន់​២ នៅ​ឃុំ​ក្បាល​ត្រាច និង​ឃុំ​អ​ន្សា​ចំបក់​ស្រុក​ក្រគរ​នេះ​ឲ្យ​ឃើញ ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ