រាជធានីភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេកត់សម្គាល់ឃើញថាការទិញសម្ភារៈទំនើប ទាំងរថយន្ត ម៉ូតូ ទូរស័ព្ទដៃ គ្រឿងអេឡិកត្រូនិកផ្សេងៗ រហូតដល់កាបូបដៃប្រែនៗគឺមានសន្ទុះកើនឡើងយ៉ាងខ្លាំងកា ដោយក្នុងនោះយុវជនមួយចំនួនដែលមានការងារធ្វើនៅតាមស្ថាប័នរដ្ឋ ឬឯកជន ក៏មានការពាក់ព័ន្ធនឹងការបង់រំលោះច្រើនដែរ ។
យ៉ាងណាមិញ អ្នកជំនាញខាងផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានណែនាំថាជម្រើសដែលល្អប្រសើរ គឺគួរបង់រំលោះផ្ទះ ជាជាងធ្វើការបង់រំលោះលើសម្ភារៈប្រើប្រាស់ ។
លោក ង៉ែត ជូ ទីប្រឹក្សាសេដ្ឋកិច្ចមួយរូបនៅកម្ពុជានិងជាអ្នកជំនាញខាងហិរញ្ញវត្ថុដែរនោះបានពន្យលថា សេវាបង់រំលោះ ជាទូទៅគេបង្កើតឡើងនៅបណ្តាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ជាប្រទេសផលិតនូវផលិតផលផ្សេងៗដើម្បីជម្រុញការលក់បានច្រើន ដើម្បីឲ្យសេដ្ឋកិច្ចគេដើរ នោះការផលិតនឹងកាន់តែប្រសើរ បង្កើតការងារក្នុងស្រុក ។
លោកបានបន្តថា «ដោយឡែកនៅកម្ពុជាជាប្រទេសនាំចូល យើងមិនបានផលិតច្រើនទេ ដូចជា របស់ដែលយើងអាចបង់រំលោះបានដូចជាទូរស័ព្ទដៃ ដូចជារថយន្តអីជាដើម គឺយើងមិនមានរោងចក្រផលិតក្នុងស្រុកទេ យើងនាំចូល ។ អញ្ចឹងយើងខាតសេដ្ឋកិច្ច បើសិនជាយើងបង់រំលោះ ដោយសារយើងជួយទិញទំនិញនាំចូលពីក្រៅខ្លាំង ហើយមួយទៀតសូម្បីតែអ្នកផ្តល់សេវាបង់រំលោះមួយចំនួនគឺជាអ្នកវិនិយោគមកពីបរទេស អញ្ចឹងផលចំនេញគេយកទៅស្រុកគេហើយ» ។
យ៉ាងណាមិញ លោក ង៉ែត ជូ មានប្រសាសន៍បញ្ជាក់ថា បើមានលទ្ធភាពជួលផ្ទះគេនៅ តោងពិចារណាយកលុយជូលផ្ទះទៅបង់រំលោះទិញផ្ទះ ដែលជាតម្រូវការមូលដ្ឋានល្អជាង ។
អ្នកជំនាញខាងផ្នែកហិរញ្ញវត្ថុរូបនេះបានបន្ថែមថា «ត្រឡប់មកវិញ បើប្រៀបធៀបការបង់រំលោះរថយន្ត ឬទូរស័ព្ទដៃ និងទិញផ្ទះ មួយ ណាល្អ ។ ការពិតការទិញផ្ទះគឺជាតម្រូវការមូលដ្ឋានដែលយើងមិនអាចអត់ជម្រកបានទេ តែយើងអត់រថយន្តជិះបាន អត់មានទូរសព្ទ័ទំនើបបាន តែយើងមិនអាចអត់ជម្រកនោះទេ បើទោះបីជាយើងជួលផ្ទះគេ ក៏ត្រូវចំណាយដោយត្រូវបង់លុយឲ្យគេជាម្ចាស់ផ្ទះជាប់ជាប្រចាំ ដែរ អញ្ចឹងបើយើងទិញផ្ទះដោយការបង់រំលោះផ្ទះ ជារឿងសមហេតុសមផល មួយដែរ ដរាបណាយើងមិនទិញផ្ទះដែលថ្លៃហួសពីសមត្ថភាពយើងពេក ។ ព្រោះផ្ទះអត់មានតម្លៃថមយដូចទូរស័ព្ទដៃ ឬរថយន្តឡើយ » ៕
ចែករំលែកព័តមាននេះ