មិនធម្មតា​! ដឹក​ជ្រូក​លួច​នាំ​ចូល​ពី​ថៃ​46​ក្បាល តាម​រថយន្ត​ផង តាម​គោ​យន្ត​ផង


ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​ពេទ្យសត្វ​បាន​ចាប់​ឃាត់​រថយន្ត​និង​គោ​យន្ត​ដឹក​ជ្រូក​លួច​នាំ​ចូល​ពី​ថៃ​ចំនួន​៤៦​ក្បាល ហើយ​ក្រោយ​ពី​ធ្វើតេស្ត​គ្មាន​មេរោគ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ក៏​ធ្វើការ​ផាកពិន័យ​សរុប​ចំនួន​២០​លាន​រៀល រួច​ប្រគល់​ជូន​ម្ចាស់​វិញ កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០ នៅ​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត ។

លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោងជាង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែឧសភា​កន្លង​ទៅ មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត សហការ​ជាមួយ​នគរបាល​ស្រុក​អូរ​ជ្រៅ បាន​ចាប់​ឃាត់​រថយន្ត​និង​គោ​យន្ត​ដឹក​ជ្រូក​ដែល​មាន​២​ម្ចាស់ នៅ​ច្រករបៀង​វត្ត​ប្រាសាទសំរោង ស្ថិត​ក្នុងភូមិ​ភ្នំ​ឆត្រ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ។

លោក​ប្រធាន​ការិយាល័យ​បញ្ជាក់​ថា ជ្រូក​រស់​ចំនួន​៤៦​ក្បាល ត្រូវ​បាន​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​ដោយ​គ្មាន​ច្បាប់ ហើយដោយ​ការ​ព្រួយបារម្ភ​ខ្លាច​មាន​ជំងឺឆ្លង​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ក៏​នាំ​យក​ជ្រូក​មក​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត ដើម្បី​យក​សំណាក​ទៅ​ពិនិត្យ​។

លុះ​​នៅ​ពេល​លទ្ធផល​បង្ហាញ​ថា​អវិជ្ជមាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ទើប​ធ្វើការ​ណែនាំ​ម្ចាស់​ជ្រូក​ទាំង​២​នាក់ និង​ឲ្យ​ធ្វើ​កិច្ចសន្យា ហើយ​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់​កំណត់​សរុប​ជា​ទឹកប្រាក់​ចំនួន​២០​លាន​រៀល រួច​ប្រគល់​ជ្រូក​ជូន​ម្ចាស់​វិញ ។

លោក ហ៊ុយ ទូច បញ្ជាក់​ថា ក្នុង​ត្រីមាស​ដើមឆ្នាំ​២០២០​នេះ មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត ធ្វើការ​ផាកពិន័យ​បាន​ចំនួន​១៥០​លាន​រៀល ។

ក្រោយ​ពេល​មន្ត្រី​ពេទ្យសត្វ​ចាប់​ឃាត់​ជ្រូក​រស់​ចំនួន​៤៦​ក្បាល ដែល​ឈ្មួញ​នាំ​ចូល​ខុសច្បាប់​ពី​ថៃ​តាម​ច្រករបៀង ក្នុងភូមិ​សា​ស្គ្រ​ស្រុក​ស្វាយចេក ឧត្តមសេនីយ៍ត្រី ឃួ​ន ជឿន មេបញ្ជាការ​យោធា​ការពារ​ព្រំដែន​គោក​លេខ​៥០៣ បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០​ថា ជ្រូក​រស់​ដែល​មន្ត្រី​ពេទ្យសត្វ​ខេត្ត​ឃាត់​នៅ​ក្បែរ​ព្រំដែន មិន​ពាក់ព័ន្ធ​តំបន់​គ្រប់គ្រង​របស់​លោក​ឡើយ ហើយ​បើ​មាន​ប្រហែលជា​ឈ្មួញ​មានការ​លួចលាក់​នាំ​ចូល​តាម​កន្លែង​ផ្សេង​ៗ​ក្រៅពី​ភូមិសាស្ត្រ​លោក​គ្រប់គ្រង ។ លោក​នឹង​មាន​វិធានការ​ទប់ស្កាត់​ឱ្យ​បាន រាល់​បទល្មើស​ដែល​លួច​នាំ​ចូល​ពី​ប្រទេស​ជិតខាង​បែប​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ