រាជធានីភ្នំពេញ ៖ ចាប់តាំងពីមានការបិទច្រកព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បណ្ដាសង្វៀនប្រដាល់អន្តរជាតិគ្រប់ប៉ុស្តិ៍ទូរទស្សន៍ទាំងអស់ត្រូវបានបិទចោលដោយទុកតែការប្រកួតមិត្តភាពរវាងកីឡាករក្នុងស្រុកប៉ុណ្ណោះ ទើបធ្វើឱ្យកីឡាករខ្លាំងៗ ល្បីៗ ក្នុងស្រុកមួយចំនួនបាត់បង់ការផ្គូផ្គង ហើយកីឡាករខ្លះទៀត បើទោះជាយល់ព្រមទម្លាក់តម្លៃខ្លួននិងយល់ព្រមប្រកួតគ្នាឯង ដើម្បីកុំឱ្យបាត់បង់សកម្មភាព ក៏នៅតែមិនត្រូវបានគេផ្គូផ្គង ព្រោះតែហេតុផលមួយចំនួន។
កីឡាករខ្លាំងៗល្បីឈ្មោះស្ទើរគ្រប់គ្នា ត្រូវគេមើលឃើញថា ចាប់ផ្ដើមធ្លាក់ចុះទីផ្សារ ឬ សកម្មភាព ហើយបើទោះជានៅតែមានមុខឡើងប្រកួតនៅក្នុងដំណាក់កាលកូវីដ-១៩នេះ ក៏តិចដងជាងមុនផង ធៀបនឹងអំឡុងពេលមានសង្វៀនអន្តរជាតិ ខណៈដែលតម្លៃខ្លួនក្នុងមួយប្រកួតៗ ក៏តិចជាងមុន ។ កីឡាករល្បីៗដែលស្ទើររកពេលសម្រាកមិនបានកាលពីបរទេសចុះមកប្រកួតទាំងនោះរួមមាន កីឡាករ វង្ស ណយ កីឡាករ នី សុភី កីឡាករ កែវ រំចង់ កីឡាករ រឿង សោភ័ណ្ឌ និងកីឡាករល្បីឈ្មោះមួយចំនួនទៀត ។
កីឡាករល្បីទាំងនោះ ក្នុងពេលកីឡាករបរទេសអាចមកប្រកួតបាន ទទួលបានតម្លៃខ្លួនយ៉ាងតិចមួយលើក៣៥០ដុល្លារ ដោយអ្នកខ្លះត្រូវទទួលប្រកួតមួយសប្ដាហ៍យ៉ាងតិច៣ដងក៏មាន ព្រោះតែការប្រកួតមុនមានកូវីដ-១៩ គឺស្ទើររកកីឡាករដែលមានក្រេឌីត ឡើងប្រកួតមិនបាន ។ អ្នកខ្លះស្នាមរបួសមិនទាន់បាត់ឈឺផង ដល់ថ្ងៃប្រកួតជាថ្មីទៀតបាត់ហើយ ព្រមជាមួយនឹងតម្លៃខ្លួនក្នុងមួយប្រកួតៗច្រើនរយដុល្លារ ។
អ្នកខ្លះទទួលបានចង់ស្មើកីឡាករថៃ គឺជិត១ពាន់ដុល្លារ ក៏មានដែរ ទើបធ្វើឱ្យកីឡាករទាំងនោះពិបាកប្រកែកពេលមានការផ្គូផ្គង បើទោះជាមិនទាន់បាត់ឈឺខ្លួនក្ដី ។ ប៉ុន្តែក្រោយពេលកូវីដ-១៩វាយលុក កីឡាករទាំងនោះពិបាកទទួលប្រកួតយ៉ាងខ្លាំង ដោយសារតែទី១ កីឡាករក្នុងស្រុក និងក្នុងស្រុក អ្នកទាំងនោះមិនចង់ប្រកួត ។ ហេតុផលទី២ ដោយសារការប្រកួតនៅក្នុងពេលនេះ គឺមិនមានអ្នកទស្សនា ដែលមិនខុសពីឡើងវ៉ៃគ្នាលេងៗយកលុយ ហើយត្រូវបានកីឡាករទាំងនោះចាត់ទុកថា មិនមែនជាអ្វីដែលខ្លួនចង់បាន ។
ហេតុផលទី៣ ដោយសារកីឡាករមួយចំនួននៅខ្លាចរអាកូវីដ-១៩ មិនសូវចង់ឡើងរេញនៅឡើយ ។ ហេតុផលទី៤ ដោយសារតម្លៃខ្លួននៅតាមបណ្ដាសង្វៀនត្រូវបានបន្ថយ ដោយម្ចាស់សង្វៀនបញ្ជាក់ថា មិនមែនជាការប្រកួតអន្តរជាតិដែលភាគីខាងស្ពុនស័រ មិនឱ្យកញ្ចប់លុយខ្ពស់ដូចមុន ។ បើទោះជាកីឡាករល្បីៗទាំងនោះ នៅតែត្រូវបានគេឃើញមុខឡើងរេញទូរទស្សន៍បាយ័ន PNN និង CNC ជាដើម តែបើធៀបនឹងមុនកូវីដ-១៩កើតឡើង គឺបានតិចដងជាងមុន។
លោក ញាណ សុធី អ្នករៀបចំការប្រកួតប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ បានថ្លែងបញ្ជាក់ថា សម្រាប់សង្វៀនរបស់លោកមិនផ្ដោតលើការផ្គូផ្គងកីឡាករល្បីៗឱ្យឡើងប្រកួតដូចមុនទេ ដោយសារតែលោកក៏ទទួលបានកញ្ចប់លុយរៀបចំប្រដាល់នៅក្នុងដំណាក់កាលកូវីដ-១៩នេះ ក៏តិចជាងមុន ។ ម្យ៉ាងមកពីលោកយល់ថា បើចំណាយតម្លៃខ្លួនខ្ពស់ហើយដាក់កីឡាករល្បីឱ្យមកប្រកួតនៅលើសង្វៀនក៏ជារឿងឥតប្រយោជន៍ដែរ ដោយសារតែកីឡាករល្បីគឺទោះជាព្រមបញ្ចុះតម្លៃខ្លួន ក៏ពិតជាមកប្រកួតមិនអស់ដៃ ពិបាកគិតគូររឿងរកដៃគូ ។
ម្យ៉ាងបើទោះជាដាក់គូល្អក៏លោកចាត់ទុកមិនគួរចំណាយ ដោយសារការប្រកួតពឹងតែលើអ្នកគាំទ្រតាមម៉ោង Live ដោយមិនពឹងលើអ្នកទស្សនាដោយផ្ទាល់នោះ ។ លោកបន្តថា លោកសុខចិត្តផ្ដល់ឱកាសឱ្យកីឡាករល្អៗ ហើយចង់បានកេរ្តិ៍ឈ្មោះល្បីល្បាញច្រើនជាង ដោយលោកចាត់ទុកថា កីឡាករទាំងនោះ បើនិយាយពីការប្រកួតនៅក្នុងដំណាក់កាលគ្មានអ្នកចូលទស្សនា គឺវ៉ៃអស់ដៃ និងល្អមើលជាង ។
លោកនិយាយថា«ដាក់កីឡាករល្បីក៏មិនប្រាកដថាល្អមើលដែរ ព្រោះតាមបទពិសោធន៍ខ្ញុំ កីឡាករល្បីបើប្រកួតគ្មានអ្នកទស្សនា គឺមិនសូវប្រឹងវ៉ៃទេ ទើបមួយរយៈចុងក្រោយ ខ្ញុំដាក់តែកីឡាករទើបឡើងកូដឱ្យធ្វើគូឯក ។ ខ្ញុំមិនចង់ដាក់កីឡាករល្បីៗ មកប្រកួតបង្គ្រប់កិច្ចនោះផង ដើម្បីកុំឱ្យខូចប្រេនកីឡាករល្បីទាំងនោះ»។
លោក អូ ឡាឡា ជំនួយការកម្មវិធីប្រដាល់ប្រចាំប៉ុស្តិ៍លេខ៥ បញ្ជាក់ដូចគ្នាថា សង្វៀនរបស់លោកក៏ងាកមកដាក់តែកីឡាករដែលហ៊ានឡើងប្រកួតដោយមិនសូវកាត់តម្លៃខ្លួនខ្ពស់ផងដែរ ដោយលោកបញ្ជាក់ថា ការផ្គូផ្គងនៅក្នុងរយៈពេលនេះ គឺផ្ដោតលើកីឡាករទើបឡើងកូដ ដែលចង់សាងកេរ្តិ៍ឈ្មោះច្រើនជាង។ លោកនិយាយថា ប្រកួតបិទទ្វារអ៊ីចឹង ដាក់គូចង់ល្បីប្រកួតល្អមើលជាង អ៊ីចឹងហើយទើបមួយរយៈនេះ មិនសូវឃើញអ្នកប្រដាល់លំដាប់ជួរមុខ ឡើងប្រកួតនៅប៉ុស្តិ៍លេខ៥ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ