រាជធានីភ្នំពេញ ៖ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បាននិងកំពុងធ្វើការស៊ើបសួរលើសំណុំរឿងស្ត្រីអតីតអ្នកកំប្លែងនាងឃ្មឹប និងបក្ខពួកដែលពាក់ព័ន្ធគ្រឿងញៀន ខណៈជនសង្ស័យទាំងអស់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ បញ្ជូនទៅសាលាដំបូងកាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ។
ជនសង្ស័យទាំងអស់មាន៧នាក់ ១-ឈ្មោះ រ៉េន សុធារី ហៅ ឃ្មឹប ភេទស្រី អាយុ៤៦ឆ្នាំ អតីតអ្នកកំប្លែង បច្ចុប្បន្នគ្មានមុខរបរនិងអាស័យដ្ឋានស្នាក់មិនពិតប្រាកដទេ ពាក់ព័ន្ធគ្រឿងញៀន ។ ២-ឈ្មោះ ឈួន សំណាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងចាប់ខ្លួន (ជួញដូរគ្រឿងញៀន) ។
៣-ឈ្មោះ ឈួន រ៉ាទី ភេទស្រី អាយុ១៦ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ (ប្រើប្រាស់គ្រឿងញៀន) ។៤-ឈ្មោះ វណ្ណា វណ្ណី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ(ប្រើប្រាស់គ្រឿងញៀន) ។៥-ឈ្មោះ ប្រាក់ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ (ប្រើប្រាស់គ្រឿងញៀន) ។៦-ឈ្មោះ មុត បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ (ប្រើប្រាស់គ្រឿងញៀន) ។៧-ឈ្មោះ ម៉ៅ ម៉ាប់ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ (ប្រើប្រាស់គ្រឿងញៀន) ។
សូមរំលឹកថា អតីតអ្នកកំប្លែងនាង ឃ្មឹប និងបក្ខពួកត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួន កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចក្បែរបារចតុមុខ ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។ អតីតអ្នកកំប្លែងនាង ឃ្មឹប ដែលមានឈ្មោះបោះសំឡេងគួរសមម្នាក់ ជាកូនស្រីនាយជីវ៉ាន់ស៊ុយ និងជាអតីតភរិយានាយហុងដា បានបាត់មុខអស់រយ:ពេលជាច្រើនឆ្នាំ បន្ទាប់ពីបង្ហាញវត្តមាននៅតុលាការពេលរឿងក្តីកូនប្រុសសម្លាប់ម្តាយចុង ។ នាងឃ្មឹបនិងបក្ខពួកប្រុស-ស្រីចំនួន៦នាក់ ស្ថិតក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរបស់សមត្ថកិច្ច ដែលក្នុងនោះរួមទាំងដកហូតថ្នាំញៀនចំនួន១៥កញ្ចប់ជាវត្ថុតាង ។
ប្រតិបត្តិការនោះដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ក្រោមការចង្អុលបង្ហាញពីសំណាក់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងផងដែរ ។
អ្វីដែលធ្វើឱ្យមជ្ឈដ្ឋាននានាហួសចិត្តពីនាង ឃ្មឹបនេះ ដែលធ្លាក់ខ្លួនក្នុងក្រុមជនពាក់ព័ន្ធគ្រឿងញៀនទៅវិញ ។
នាង ឃ្មឹប អតីតជាប្រពន្ធនាយ ហុង ដា ក្រោយមកអតីតប្តីប្រពន្ធមួយគូនេះបានចែកផ្លូវគ្នា ពេលនោះនាង ឃ្មឹប ក៏បានធ្លាក់ខ្លួនឆ្ងាយពីសិល្ប: ទៅរស់នៅស៊ីឈ្នួលដាំដំឡូងឲ្យគេ នៅជាប់ព្រំដែនកម្ពុជា-ថៃ ។ ការធ្លាក់ខ្លួនស៊ីឈ្នួលគេនេះក្រោយពីនាងចាប់យកស្នេហ៍ថ្មីមួយស្មានថាទ្រនុំដ៏សុខសាន្ត តែទីបំផុតបានត្រឹមជាល្បែងស្នេហ៍បោកប្រាស់ប៉ុណ្ណោះ ។ គេថារនាបបាក់យករនាបជួសបាន បើការសម្រេចចិត្តហួសមិនអាចត្រឡប់ក្រោយបានទេ ។
ចំណែកនាយហុងដា ក៏បានសាងជីវិតថ្មីចាប់យកគូជីវិតមួយទៀត ដែលនាងប្រពន្ធក្រោយនេះក៏វ័យក្មេងពោពេញដោយភក្តីភាព និងបង្កើតបានជាចំណងដៃកូនស្រីម្នាក់ ។ អ្វីដែលគេបានដឹងឮគ្រប់គ្នានោះ ថ្ងៃមួយកូនប្រុសនាង ឃ្មឹប មានឪពុកគឺនាយហុងដា ឈ្មោះ ខា សុខខេន ហៅ អឿន សុខេន ហៅនិត អាយុ១៧ឆ្នាំ រួមជាមួយសង្សារឈ្មោះ នេត កន្និកា អាយុ១៨ឆ្នាំ បានធ្វើសកម្មភាពវាយសម្លាប់ប្រពន្ធក្រោយរបស់ឪពុក បណ្តាលឲ្យស្លាប់នៅក្នុងបន្ទប់ផ្ទះជួល ចោលកូនទើបប្រសូត្របានប៉ុន្មានខែប៉ុណ្ណោះ ។
សកម្មភាពរបស់យុវជន អឿន សុខេន កូនរបស់នាងឃ្មឹប សម្លាប់ម្តាយចុង ផ្តើមចេញពីឥទ្ធិពលគ្រឿងញៀន ខណៈពេលឪពុក(នាយហុងដា)មិននៅផ្ទះ កូនប្រុសឃើញម្តាយចុងដេកក្នុងបន្ទប់ម្នាក់ឯង ក៏លបលួចចូលទៅប៉ុនប៉ងរួមភេទ ដោយយកកន្ត្រៃទៅកាត់ទម្លុះខោម្តាយចុងចំប្រដាប់ភេទមួយប្រឡោះ ដើម្បីប្រព្រឹត្តបទល្មើស ប៉ុន្តែការប៉ុនប៉ងរួមភេទជាមួយម្តាយចុងនោះមិនបានសម្រេចទេ ដោយម្តាយចុងភ្ញាក់ទាន់ ។ ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលមួយកន្លែងក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លុះពេលដឹងថារឿងនេះបែកការណ៍ហើយនោះ កូននាងឃ្មឹប បានចាប់ផ្តើមច្របាច់ក និងយកខ្សែកង្ហារឹតកសម្លាប់ម្តាយចុងតែម្តងទៅ ។ ពេលសម្លាប់ម្តាយចុងហើយជនដៃដល់រួមជាមួយសង្សារបានអូសសាកសពយកទៅដាក់ក្នុងបន្ទប់ទឹកដែលនៅខាងក្រៅ ហើយពួកគេបានគេចខ្លួន ទៅដេកប្រើប្រាស់ថ្នាំញៀនផ្ទះម្តាយខាងស្រីនៅម្តុំវត្តចាស់ ស្ថិតក្នុងខណ្ឌជ្រោយចង្វាបាន១ថ្ងៃត្រូវកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមចាប់ខ្លួន ។
បន្ទាប់មកឈ្មោះ អឿន សុខេន កូនប្រុសនាង ឃ្មឹប និងនាង កន្និកា ដែលជាប់ពាក់ព័ន្ធជាឃាតករសម្លាប់ប្រពន្ធនាយ ហុងដា ត្រូវបានកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី។ ដូច្នោះទើបស្ថាប័នអយ្យការបានចោទប្រកាន់ជនសង្ស័យទាំង២នាក់ពីបទមនុស្សឃាតគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ដែលការចោទនេះប្រឈមការជាប់ពន្ធនាគារអស់១ជីវិត រួចចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
ក្រោយមកសំណុំរឿងត្រូវបានតុលាការលើកយកទៅបើកសវនាការ និងបានប្រកាសសាលក្រមផ្តន្ទាទោសលើឈ្មោះ អឿន សុខេន កូននាងឃ្មឹបដាក់គុកមួយជីវិត ។ ចំណែកនាង នេត កន្និកា ហៅ ជ្រូក ដែលជាសង្សារផ្តន្ទាទោសដាក់ពន្ធនាគារកំណត់១៥ឆ្នាំ ។ ពេលនោះនាង ឃ្មឹប ជាម្តាយបានទទួលដំណឹងថា កូនប្រុសជាឃាតករសម្លាប់ប្រពន្ធអតីតស្វាមី ក៏បានខ្ចីបុលលុយកាក់អ្នកដ៏ទៃ ជិះតាក់ស៊ីមកជួបមុខកូន ។ នៅពេលសមត្ថកិច្ចដឹកកូនប្រុស ចេញពីសាលាដំបូង ឆ្ពោះទៅកាន់ពន្ធនាគារ នាងឃ្មឹបស្ទុះទៅឱបថើបកូនយំក្តុកក្តួល ដោយពោលពាក្យថា នេះជាកម្មផលរបស់កូនបានសាង ដូច្នេះកូនត្រូវទទួល ម៉ែមិនដឹងជួយកូនយ៉ាងម៉េចទេ ។
បន្ទាប់ពីកូនចូលពន្ធនាគារហើយនោះ នាងឃ្មឹប បានចេញដំណើរទៅប្រកបមុខរបរស៊ីឈ្នួលដកដំឡូងឲ្យគេនៅជាយដែនកម្ពុជាថៃវិញ ។ លុះក្រោយមកគេបានសង្កេតឃើញនាងឃ្មឹប លេចមុខក្នុងកញ្ចក់ទូរទស្សន៍ ចូលលេងសម្តែងសិល្ប:ជាមួយក្រុមនាយ ជួង ជី ហៅនាយ កុយ ប៉ុន្តែមិនបានប៉ុន្មានផងក៏បាត់មុខ ស្រាប់តែចុងក្រោយនេះនាងឃ្មឹប ត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀនប្រព្រឹត្តនៅរាជធានីភ្នំពេញ ជាមួយបក្ខពួក៦នាក់ ។
សំណុំរឿងនាងឃ្មឹប ពេលនេះកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ តែទោះជាយ៉ាងណា ជោគវាសនាតារាសីល្ប:រូបនេះ ទំនងមិនអាចគេចផុតពីការឃុំខ្លួន ដាក់ពន្ធនាគារជាបណ្តោះអាសន្ននោះទេ ។ អ្វីដែលធ្វើឲ្យនាងឃ្មឹបកាន់តែក្តុកក្តួល គឺនៅពេលដែលសមត្ថកិច្ចបញ្ជូនខ្លួនទៅដល់កន្លែងធ្លាប់បង្ហូរទឹកភ្នែកអាណិតកូន ដោយជាប់ឈ្មោះជាឃាតករសម្លាប់ម្តាយចុង ត្រូវជាប្រពន្ធអតីតប្តី (នាយ ហុងដា) ពេលនេះនាងអួលដើមកនៅចំណុចដដែលនេះរកថ្លែងមិនរួច ខណៈខ្លួនជាប់ពាក់ព័ន្ធគ្រឿងញៀន ៕
ចែករំលែកព័តមាននេះ