រាជធានីភ្នំពេញ៖ បើទោះបីជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានសម្រេចលុបចោលកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នូវបម្រាមកន្លងមក ដោយអនុញ្ញាតឲ្យជនបរទេសមកពី ៦ ប្រទេស ក្នុងនោះទាំងអាមេរិកចូលមកកម្ពុជាវិញក៏ពិតមែន តែអ្នកដំណើរទាំងអស់ទាំងជនជាតិបរទេស និងជនជាតិខ្មែរ ដែលធ្វើដំណើរចូលមកដល់កម្ពុជា ត្រូវបញ្ជូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ និងរង់ចាំទទួលលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័រ ។ នេះបើយោងតាមប្រកាសព័ត៌មានរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ។
សេចក្តីប្រកាសដដែល លោក ម៉ម ប៊ុនហេង ដែលជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ផងដែរនោះ អំពីការអនុញ្ញាតឲ្យជនបរទេសមកពីប្រទេសទាំង ៦ មានអ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចមកកម្ពុជាវិញ ។
ក្នុងប្រកាសបានបញ្ជាក់យ៉ាងច្បាស់ថា គ្រប់អ្នកដំណើរទាំងអស់ដែលចូលមកប្រទេសកម្ពុជា ទាំងជនជាតិខ្មែរ និងជនបរទេស គឺតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព (health certificates) បញ្ជាក់ថាគ្មានមេរោគកូវីដ-១៩ ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសសាម៉ីក្នុងរយៈពេល ៧២ម៉ោង ។ ជាពិសេសជនបរទេសក៏ត្រូវមានឯកសារធានារ៉ាប់រងសុខភាពក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥ ម៉ឺនដុល្លារអាមេរិក ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា ។
ក្នុងនោះផងដែរ លោក ម៉ម ប៊ុនហេង បានបញ្ជាក់នៅក្នុងប្រកាសនោះថា «អ្នកដំណើរទាំងអស់ទាំងជនជាតិខ្មែរ និងជនបរទេស ដែលធ្វើដំណើរចូលមកដល់កម្ពុជា ត្រូវបញ្ជួនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូវីដ១៩ និងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័រ» ។
ក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើន ដែលត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ រាល់អ្នកដំណើររួមជាមួយផ្សេងទៀតទាំងអស់តម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ នៅទីតាំងដែលកំណត់ដោយគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ។
តែបើអវិជ្ជមានចេញពីមន្ទីរពិសោធន៍ ក៏ពួកគាត់ត្រូវបានអនុញ្ញាឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាលដោយតម្រូវឲ្យធ្វើតេស្តបញ្ជាក់ម្តងទៀតនៅថ្ងៃទី ១៣ នៃការធ្វើចត្តាឡីស័ក ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ